ភ្នំពេញៈ ភ្ញៀវ​បរទេស​ដែល​ធ្វើ​​ដំណើរ​មកដល់​ប្រទេស​កម្ពុជា នៅក្នុង​រយៈពេល ៨​ ខែ ឆ្នាំ ​២០២៣ មាន​សរុប​ជាង ៣,៥​ លាន​នាក់ កើន​ជាង ២៥០ ​ភាគ​​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ជិត ៨៥ ​ភាគរយ គឺជា​អ្នក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ទិន្នន័យ​បង្ហាញថា ចន្លោះ​ពី​ខែ​មករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣ ៥០១ ៩៨១ ​នាក់ កើន​ឡើង ២៥០,៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល ៨​ ខែ ឆ្នាំ​ ២០២២ ដែលមាន ៩៩៨ ២៧២​ នាក់​។ យ៉ាងណា ចំនួន​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ (​កំណត់​ត្រា​ភ្ញៀវ​បរទេស​ច្រើន​ចំ​ផុត​) គឺ​នៅ​ទាប​ជាង ១៩,៧​ ភាគរយ​។​


​ក្រសួងទេសចរណ៍​ឱ្យដឹងទៀតថា ក្នុងចំណោម​ភ្ញៀវ​បរទេស​ទាំង ៣,៥​ លាន​នាក់ គឺ​ភ្ញៀវ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ចំណែក ៨៤,៧​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប ​(​កើន ២៤៩,៤​ ភាគ​​រយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២), ភ្ញៀវ​ពី​តំបន់​អឺរ៉ុប ១០,៤ ​ភាគរយ ​(​កើន ២៨៨,១​ភាគរយ​), និង​ភ្ញៀវ​អាមេរិក ៤,៦ ​ភាគរយ (​កើនឡើង ២១០,៥​ ភាគ​​រយ​)​។ ក្នុង​ចំនួន​ភ្ញៀវ​បរទេស​ទាំងអស់​ខាងលើ គឺ​ភ្ញៀវ​តាមផ្លូវ​អាកាស​ចំនួន​ ៣៤,៧​ ភាគរយ​, ផ្លូវគោក ៦៤,៣​ ភាគ​រយ និង​តាម​ផ្លូវទឹក ១,១ ​ភាគរយ​។​

​លោក ធៀ​ម ធឿ​ង ប្រធាន​សមាគម​​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​ (​ខេត្តសៀមរាប​)​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ទោះ​បច្ចុប្បន្ន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ មិន​បង្ក​ការគំរាមកំហែង​ដល់​វិស័យ​ទេសចរ​​ណ៍ ប៉ុន្តែ​ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​ដើរលេង​កម្សាន្ត​ក្នុង​ខេត្តសៀមរាប គឺ​នៅមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​មុន​ឆ្នាំ​ ២០២០​។ ភ្ញៀវ​ទៅ​កម្សាន្ត​ទី​បុរាណ​ក្នុង​ខេត្តសៀមរាប គឺ​ភាគច្រើន​ជា​ប្រជា​ជន​ក្នុងស្រុក​ប៉ុណ្ណោះ​។


លោក​បន្តថា ក្នុងនាម​អ្នក​នៅក្នុង​វិស័យនេះ​លោក​ពិតជា​ចង់ឃើញ​ភ្ញៀវ​បរទេស​ត្រឡប់មក​កម្ពុជា​ឱ្យ​វិញ​ឱ្យបាន​ច្រើន ព្រោះ​បើតាម​ព័ត៌មាន​នៅ​ប្រទេសជិតខាង គឺ​គេ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​វិញ​ហើយ​។​

​លោក​បន្តថា​៖ «​ទោះ​ការប្រកាស​បើក​ប្រទេស​មាន​រយៈពេល​ជាង ១ ​ឆ្នាំ​ហើយ ក៏​ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា​នៅមានកម្រិត​តិចតួច​នៅឡើយ​។ យើង​ពិតជា​ចង់ឱ្យមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី និយាយថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅតាម​ប្រាសាទ​នានា​ក្នុង​ខេត្ត សៀមរាប ចាប់ពី​ដើមឆ្នាំ​ ២០២៣ គឺ​កើនឡើង​ច្រើន​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ប៉ុន្តែ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៨-២០១៩ គឺ​នៅ​តិច​នៅឡើយ​។ ភាគច្រើន​នៃ​ភ្ញៀវ​បរទេស គឺជា​អ្នក​មកពី​ប្រទេសជិតខាង ឬ​ក្នុង​ទ្វីបអាស៊ី​។​

​លោក​ប្រាប់ទៀតថា​៖ «​ផ្នែក​ឯកជន​គឺ​កំពុង​រង់ចាំ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត​។ ស្ថានភាព​ភ្ញៀវទេសចរ​នឹង​អាច​លេចឡើង​ច្បាស់​នៅ​ចុងឆ្នាំ​»​។​

​បើតាម​លោក ខៀវ ធី ជា​រៀងរាល់ឆ្នាំ គឺ​ចន្លោះ​ពី​ខែឧសភា ដល់​ខែកញ្ញា គឺជា​ពេលដែល​មិនសូវមាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ឡើយ​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ «​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ល្អ​ ​ទេសចរណ៍​មាន​សុវត្ថិ​ភាព​»​ដែល​រៀបចំ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​ ១៤ ខែសីហា លោក ហោ សារុន រដ្ឋលេខាធិការ​ក្រ​សួង​ទេសចរណ៍ បានឱ្យដឹងថា កម្ពុ​ជាមាន​សុទិដ្ឋិនិយម​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​កម្រិត​ដូច​សម័យមុន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ពោលគឺ​ប្រមាណ ៧​ លាន​នាក់ នៅ​ចុងឆ្នាំ​ ២០២៥ ឬ​ដើម​ឆ្នាំ​ ២០២៦​។​

​ឆ្នាំ​ ២០១៩ ជា​ពេលដែល​កម្ពុជា​បានទទួល​ភ្ញៀវ​អន្តរជាតិ​ច្រើន​បំផុត ដោយមាន​ចំនួន ៦,៦​ លាន​នាក់ កើន ៦,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំប្រទល់​ទាំង ៣ មាន​សរុប ១ ៦០៨ ៦២៥ ​នាក់ ស្មើនឹង ២៤,៣៣​ ភាគរយ​នៃ​ចំនួន​សរុប​។​

​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជិត ២,២៨​ លាន​នាក់​កើនឡើង ១ ០៥៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ ភ្ញៀវ​មកពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ ចូលមក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២​ មាន​ចំនួន​សរុប ១ ៤០៩ ៩៨០​ នាក់ កើន ​១ ២៥២,៥៥​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ១០៤ ២៤៦ ​នាក់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​៕