ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល នឹង​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ទៅ​ត្រួត​ពិនិត្យមើល​ការធ្វើ​ពាណិជ្ជកម្ម នៅតាម​ច្រកព្រំដែន​កម្ពុជា និង​វៀតណាម នា​ថ្ងៃទី ​៥ ខែតុលា ដើម្បី​ឱ្យមាន​សង្គតិភាព​ច្បាស់លាស់ ចំពោះ​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ យោងតាម លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ដឹកជញ្ជូន ប្រាប់​នៅ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោក​អះអាងថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដ៏​មាន​សារៈសំខាន់ ដោយ​នឹង​បាន​ស្វែងយល់​កាន់តែច្បាស់​អំពី​សកម្មភាព​នៃ​ការដឹកជញ្ជូន បញ្ហា​ប្រឈម​នានា​របស់​ការដឹកជញ្ជូន​តាម​ព្រំដែន ថែមទាំង​អាច​ផ្តល់​ជា​ដំណោះស្រាយ​ផងដែរ​។​


​លោក ស៊ិន ច​ន្ធី បាន​ប្រាប់​ឱ្យដឹងថា វិស័យ​ដឹកជញ្ជូន​ភ័ស្តុភា​រកម្ម និង​ដឹកជញ្ជូន និង​វិស័យ​ពាណិជ្ជកម្ម ជា​វិស័យ​ដែលមាន​ការទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត និង​មិនអាច​ខ្វះ​គ្នា​បានឡើយ ដែល​នេះ​ជាហេតុ​ផល ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថ្មី បង្ហាញ​ការយកចិត្តទុកដាក់​លើ​វិស័យនេះ ខណៈដែល​កន្លងមក​ត​ម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​ថ្លៃ​ជាង​បណ្តា​ប្រទេស​ដទៃទៀត​។​

​លោក ស៊ិន ច​ន្ធី បាន​បញ្ជាក់ថា​៖«​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខនេះ គឺ​ដើម្បី​បង្ហាញឱ្យឃើញ​ជាក់ស្តែង​នូវ​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​,​បញ្ហា​ប្រឈម​ដែល​តែង​កើតមានឡើង​,​ការដោះស្រាយ​បញ្ហា និង​សំណូមពរ​ផ្សេងៗ​ពី​មន្ត្រី​ពាក់ព័ន្ធ​និង​វិស័យ​ឯកជន​នៅតាម​ច្រកព្រំដែន​ទាំងនោះ​ផងដែរ​»​។​


​លោកថ្លែងថា សមាគម​គ្រោង​នឹង​អមដំណើរ​រដ្ឋមន្ត្រី​ទៅកាន់​ច្រកព្រំដែន​ជាមួយ​ប្រទេសជិតខាង​ដទៃទៀត​នាពេលខាងមុខ ដើម្បី​ជាការ​ផ្តល់ព័ត៌មាន​ដល់​រាជរដ្ឋាភិបាល​នូវ​ស្ថានភាព​ជាក់ស្តែង​ពិតប្រាកដ អំពី​តម្រូវការ​របស់​វិស័យ​ឯកជន​។​

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ប្រាប់ឱ្យដឹង​ដែរ​ថា ប្រទេស​វៀតណាម ជា​ប្រទេសជិតខាង ដែលមាន​ជាប់​នឹង​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ខណៈដែល​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​វៀតណាម​ក៏​ជា​ច្រកព្រំដែន​ដ៏​សំខាន់​ក្នុងការ​ដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដែរ​។ នេះ​ជា​មូល​ហេតុដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចុះទៅ​កាន់​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ទាំងនេះ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ការដែល​ចុះទៅ​ធ្វើ​ទស្សនកិច្ច ទៅពិនិត្យ​ស្ថានភាព​តាម​ព្រំដែន​នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ពាណិជ្ជកម្ម និង​ការសម្រួល​ពាណិជ្ជកម្ម ដែល​ធ្វើឡើង​ក្នុង​គោលដៅ ធ្វើយ៉ាងណា​ឱ្យ​ទំហំ​សេដ្ឋកិច្ច​របស់​យើង​មានការ​កើនឡើង​ជា​លក្ខ​ណៈ​ទ្វេភាគី​»​។​

​លោក​បាន​បន្ថែមទៀតថា ជាមួយ​វៀតណាម កម្ពុ​ជាមាន​កិច្ចព្រមព្រៀងទ្វេភាគី​,​កិច្ចព្រមព្រៀង​ទំនិញ​ឆ្លងកាត់​,​ការអនុវត្ត​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្រោម​ឆត្រ​របស់​ត្រីកោណ​អភិវឌ្ឍន៍​ជាដើម ដែល​ទាំងនេះ​បាននិងកំពុង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​វៀតណាម​ពី​១​ឆ្នាំទៅ​១ ​ឆ្នាំ​។​

​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២៣​នេះ ទំហំ​ពាណិជ្ជ​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​សម្រេចបាន​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​៤ ៣០០​លាន​ដុល្លារ មាន​កំណើន​តិចតួច​ប្រមាណ​១,៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។ ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម សម្រេចបាន​ទឹកប្រាក់​ជាង​១ ៨៥៣​លាន​ដុល្លារ កើន​ជាង​២៦​ភាគរយ ខណៈដែល​ការនាំ​ចូល​ពី​វៀតណាម​មកវិញ​សម្រេចបាន​ទឹកប្រាក់ ២ ៤៤៩​លាន​ដុល្លារ ថយចុះ​ជិត​១២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​៨​ខែ ឆ្នាំ​២០២២​កន្លងទៅ​៕