ភ្នំពេញៈ ​ក្រសួងទេសចរណ៍​កម្ពុជា បញ្ជាក់ថា ការហោះហើរ​ត្រង់​របស់​ក្រម​ហ៊ុន​អាកាសចរណ៍​ Sky Angkor Airline ពី​សៀមរាប​ទៅ​ និង​មក​ប្រទេស​កូរ៉េ​ នេះ​មាន​សារៈសំខាន់​ សម្រាប់​ទេសច​រណ៍​ពី​ប្រទេស​កូរ៉េ មកកាន់​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប​ទៅ​ប្រទេស​កូរ៉េ ក្នុង​ការផ្តល់​ភាពងាយស្រួល​កាន់តែច្រើន តម្លៃ​សមរម្យ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កូរ៉េ និង​កម្ពុជា​។​

​ក្រម​ហ៊ុន​អាកាសចរណ៍ Sky Angkor Airline កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​កន្លងទៅ បាន​ផ្សព្វផ្សាយ​នៅលើ​គេហ​ទំព័រ​ផ្លូវការ​របស់ខ្លួន​ថា ៖«​ទីបំផុត អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ត្រូវបាន​សាងសង់​រួចរាល់​ហើយ​។​លេខ​កូដ​៣​ថ្មី​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​គឺ «SAI»​ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor​ ចាប់ផ្តើម​បើក​ដំណើរការ​ជើងហោះហើរ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៤ ដោយ​ហោះហើរ​ត្រង់​ពី​សៀមរាប​- អ៊ី​ន​ឆន់ និង អ៊ី​ន​ឆន់​-​សៀមរាប​»​។​


​ក្រម​ហ៊ុន​អាកាសចរណ៍ Sky Angkor Airline​បន្តថា ចំពោះ​កាលវិភាគ​នៃ​ការហោះហើរ ក្រុមហ៊ុន​នេះ​នឹង​ហោះហើរ​ជា​រៀងរាល់ថ្ងៃ​។​

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២ ខែតុលា ថា ការណ៍​នេះ​ធ្វើ​ឱ្យគេ​រំពឹងថា ទេសចរ​ជនជាតិ​កូរ៉េ​នឹង​មកកាន់​ខេត្តសៀមរាប មាន​ចំនួន​ច្រើន​។​


​លោក​បាន​បន្តថា កូរ៉េ គឺជា​ទីផ្សារ​ទេសចរណ៍​១​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ដែរ ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​ធំៗ​ទាំង​១០ គឺ​កូរ៉េ ស្ថិតនៅក្នុង​លំដាប់​ទី​៦ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២៣​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖«​បើ​យើង​មើល​ក្របខ័ណ្ឌ​ក្នុង​ខេត្តសៀមរាប​១ ទេសចរ​កូរ៉េ​ឈរ​នៅ​លំដាប់​ទី​៤ បន្ទាប់ពី​សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង​។ ក្នុង​រយៈពេល​៨​ខែ​នេះដែរ​ទេសចរ​មានការ​កើនឡើង​ដែរ​។​ក្នុងករណី​ដែលមាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​ជាមួយ​កូរ៉េ​បែបនេះ វា​ពិត​មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​កំណើន​នេះ​បន្តទៀត​»​។​

​លោក ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ទេសចរ​កូរ៉េ មាន​ចំនួន​ច្រើន​គួរសម​ដែរ​នៅមុន​ពេល​កូ​វីដ​១៩​។​ចំពោះ​ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ទៅមក​សៀមរាប និង​កូរ៉េ​នេះដែរ ចាត់ទុកថា ​ជា​ដំ​ណឹង​ល្អ​១​ដែរ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ក្នុង​ខេត្តសៀមរាប ស្របពេល​រដូវ​ទេសចរ​ចេញ​ដើរលេង​ច្រើន​បានមក​ដល់​ដែរ​។​

​លោក វណ្ឌ​ឌី បាន​និយាយថា​៖«​យើង​ដឹង​ហើយ​ថា ចាប់ពី​ខែតុលា​នេះ​ទៅ ជា​រដូវ​កាលដែល​សម្បូរ​អ្នកទេសចរ ជាពិសេស​ទេសចរ​អន្ត​រ​ជាតិ​មក​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​។​ស្របគ្នា​នេះដែរ អ្នកទេសចរ​កូរ៉េ អាច​នឹងមាន​កំណើន​ដែរ​នៅពេល​យើង​មាន​ជើងហោះហើរ​ត្រង់​បែបនេះ​។​ដូច្នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​យើង​គួរ​ត្រៀមលក្ខណៈ​ឱ្យ​ហើយ​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​ប្រកបដោយ​គុណភាព​ដល់​ភ្ញៀវ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ​(PATA) លើកឡើងថា កន្លងទៅ​កម្ពុជា មាន​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា តែ​ហោះហើរ​ត្រង់​មកកាន់​រាជធានី​ភ្នំពេញ ដោយ​កន្លងមក​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​កូរ៉េ​ច្រើន​ដែរ ក្នុងការ​ភ្ជាប់​ជើង​ហោះ​ទៅ​អន្តរជាតិ​។​

​លោក​បន្តថា ក្រម​ហ៊ុន​អាកាសចរណ៍ Sky Angkor Airline បានចាប់ផ្តើម​ហោះហើរ​ឡើងវិញ ក្រោយពី​វិបត្តិ​កូ​វីដ​១៩ ដែល​នេះ​ការជួយ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​

«​វា​រឿង​ដែល​យើងទាំងអស់គ្នា​ត្រូវ​សប្បាយចិត្ត និង​គួរតែមាន​ការលើកទឹកចិត្ត​គាត់​(​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline)​បន្ថែមទៀត​។​ជាធម្មតា​នៅពេលដែល​ជើងហោះហើរ​កាន់តែច្រើន ច្បាស់​ណាស់​កំណើន​ទេសចរណ៍​នឹង​កើន​ទៅតាម​នោះដែរ​»​។​

​សូមជម្រាបថា ព្រលានយន្តហោះ​ថ្មី​សៀមរាប​-​អង្គរ នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ថ្ងៃទី​១៦ ខែតុលា ក្នុងនោះ​ព្រលាន​ចាស់​នឹងត្រូវ​បិទ​ទាំងស្រុង​នៅ​យប់​ម៉ោង​១២ ថ្ងៃទី​១៥ ខែតុលា​ខាងមុខនេះ​។

​បើតាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល ​៨ ​ខែ ឆ្នាំ​២០២៣​នេះ មាន​ទេសចរ​កូរ៉េ​ប្រមាណ​ជាង​១១​ម៉ឺន​នាក់ ដែល​បាន​មកដល់​កម្ពុជា ចំនួន​មានការ​កើនឡើង​ប្រមាណ​២៨៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២​។ ប៉ុន្តែ​បើ​ធៀប​នឹង​មុនពេល​មាន​វិបត្តិ​កូ​វីដ​១៩ ភ្ញៀវទេសចរ​កូរ៉េ​មាន​ប្រមាណ​២៥​ម៉ឺន​នាក់ ដែល​ថយចុះ​៥៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩៕