ភ្នំពេញៈ CamGSM Plc ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​គ្រប់​គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​បានទទួល​ការយល់ព្រម​ជាគោលការណ៍​ពី​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ (​សញ្ញា​បណ្ណ​និរន្តរភាព​) បន្ទាប់ពី​ការចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើកដំបូង​នៅ CSX របស់ខ្លួន​កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។ ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ទី ២​សម្រាប់​ការចុះបញ្ជី​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​លើ​ផ្សារ​ហ៊ុន​នៅ​ឆ្នាំ​ ២០២៣ នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CSX ខ្លួន​បានផ្តល់​ការយល់ព្រម​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំ​​ណុល ​(​សញ្ញា​បណ្ណ​និរន្តរភាព​) ដល់​ក្រុមហ៊ុន CAMGSM PLC កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២៣​។ ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​ជា​ផ្លូវការ​នៅ CSX ក្រុមហ៊ុន CAM GSM ត្រូវ​ទទួល​បានការ​អនុញ្ញាតឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ពី​និយតករ​មូល​ប​ត្រ​កម្ពុជា ​(SERC) និង​ត្រូវបំពេញ​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួនទៀត​ពាក់​​ព័ន្ធ​នឹង​ការចុះបញ្ជី​នៅ CSX​។​


​ក្រុមហ៊ុន CSX ត្រូវបាន​គេ​ដកស្រង់​សម្ដី​ដោយ​លើកឡើងថា​៖ «​ក្រុមហ៊ុន CAM GSM PLC (​សែ​ល​កាត​) គឺជា​ក្រុមហ៊ុន​ទី​២ ដែល​ទទួល​បានការ​ឯក​ភាពជា​គោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​នៅ CSX ក្នុង​ឆ្នាំ​ ២០២៣ បន្ទាប់ពី​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើកដំបូង​នៅ CSX កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២ ខែតុលា​ថា ក្រុមហ៊ុន CAMGSM គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​សាជីវកម្ម​ដែល​កំពុង​ត្រូវកា​រវិ​និ​យោ​គិ​ន​ស្ថាប័ន​។ លោក​ថ្លែងថា​៖ «​តាមពិត យើង​តែង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុងការ​ចេញលក់​មូល​ប​ត្រ​សាជីវកម្ម​ផ្សេងទៀត ព្រោះ​ពួកគេ​មិនចាំបាច់​ធ្វើ​ការងារ​បន្ថែម​លើ​នីតិវិធី​ចុះបញ្ជី​នោះទេ​។ យើង​ឃើញថា វិនិយោគិន​ស្ថាប័ន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង តែងតែ​ចូលចិត្ត​ទិញ​សញ្ញា​បណ្ណ​សាជីវកម្ម​ព្រោះ​វា​ផ្តល់ឱ្យ​ពួកគេ​នូវ​ស្ថិរភាព និង​អត្រា​ការប្រាក់​ខ្ពស់​»​។​


​លោក​លើកឡើងថា​៖ «​យើង​រំពឹងថា​ពួកគេ​នឹង​អាច​ចេញលក់​ក្នុង​ខែ​នេះ ឬ​ខែវិច្ឆិកា ខណៈ​ពួកគេ​ទើប​ចេញលក់​មូល​ប​ត្រ ដូច្នេះ​ពួកគេ​មិនបាច់​ចំណាយ​ការងារ​ច្រើន​លើ​នីតិវិធី​ទៀត​ទេ​»​។​

​ក្រុមហ៊ុន​មួយ​នេះ​បាន​ចុះបញ្ជី​ភាគ​ហ៊ុន​របស់ខ្លួន​ដោយ​ជោគជ័យ​នៅ CSX កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ ២០២៣​។ ក្រុមហ៊ុន​ប្រមូល​មូលនិធិ​បាន ៥ ២៨៤ ៥៨៧​ ដុល្លារ​ពី IPO សម្រាប់​ភាគហ៊ុន​ដែល​ទើប​ចេញលក់​ថ្មី ៩ ២៧១ ២០៦​ ភាគហ៊ុន ​(​តម្លៃ ២ ២៧០ ​រៀល​ ក្នុង ១​ ភាគហ៊ុន​)​។​

​បើតាម​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ CSX នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា គឺ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣​ នេះ ក្រុម​ហ៊ុន​មាន​ប្រាក់ចំណូល​សរុប ១៨៥ ៩៧៨​លាន​រៀល ​(​ឬ ៤៥,៣៦​ លាន​ដុល្លារ​) ដែល​ក្នុងនោះ​ប្រាក់ចំណេញ​សុទ្ធ ៤៥ ៨៣៤​ លាន​រៀល​ (១១,១៧​លាន​ដុល្លារ​) កើន ៩,៩ ​ភាគរយ​ធៀប​ត្រីមាស​ទី ​២ ឆ្នាំ​ ២០២២ ដែលមាន​ប្រាក់ចំណេញ​សុទ្ធ ៤១ ៦៩៧​ លាន​រៀល ​(​ឬ ១០,១៧​ លាន​ដុល្លារ​)៕