ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជិត ២៣៧ ​លាន​ដុល្លារ​ ពី​ការនាំ​ទំនិញ​ទៅ​ប្រទេស​អូ​ស្ត្រា​លី ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ​២០២៣ ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មានទឹក​ប្រាក់​សរុប​ជាង ៣៣៦​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម របស់ ​GDCE បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​មាន​ចំនួន ២៣៦,៩២​ លាន​ដុល្លារ ធ្លាក់ចុះ ៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២៥២,១៦​ លាន​ដុល្លារ ចំណែក​ទំនិញ​អូ​ស្ត្រា​លី​នាំមក​កម្ពុ​ជាមាន​ចំនួន ៩៩,២៩ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨​ ភាគរយ ​ពី​ចំនួន ១១៥,២៣​ លាន​ដុល្លារ​។​


​ផ្អែក​តាម​តារាង​ខាងលើ ​គឺ​ពា​ណិ​ជ្ជ​កម្ម​រួម​នៃ​ប្រទេស​ទាំង ២​ មាន​ទឹកប្រាក់​សរុប ៣៣៦,២១​ លាន​ដុល្លារ ធ្លាក់ចុះ ៨,៥​ ភាគ​រយ​ពី​ចំនួន ៣៦៧,៣៩​លាន​ដុ​ល្លារ​។ ជញ្ជីងពាណិជ្ជកម្ម​ប្រទេស​ទាំង ២ គឺ​កម្ពុ​ជាមាន​ឧត្តមភាព ១៣៧,៦៣ ​លាន​ដុល្លារ​។ អូស្ត្រាលី គឺជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ធំ​ទី​ ១៧ របស់​កម្ពុជា​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែតុលា​ថា អូស្ត្រាលី​បានក្លាយ​ជា​ដៃគូ​កាន់​តែមាន​សក្តានុពល​ស​ម្រា​ប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដោយ​ទំនិញ​កម្ពុជា​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​អូស្ត្រាលី​បាន​កើន​ឡើងជា​បន្តបន្ទាប់​។


បច្ចុប្បន្ន​ក្រៅពី​ផលិត​​ផល​វាយ​ន​ភណ្ឌ កម្ពុជា​ក៏​នាំ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ទៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។ លោក​បន្តថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP)​ ដែលមាន​សមាជិក ១៥ ​ប្រទេស​រួមទាំង​កម្ពុជា និង​អូស្ត្រាលី​នឹង​ជួយ​ធ្វើឱ្យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ កើនឡើង​បន្ថែមទៀត​នៅពេល​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កំពុង​កើតមាន​នាពេលនេះ​បិទ​បញ្ចប់​ទៅវិញ​។​

​លោក​បន្តថា ក្រៅពី RCEP សភា​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) កាលពីដើម​ខែឧសភា ឆ្នាំ​ ២០២៣ ក៏បាន​បើក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី និង​ក៏​ជួយ​ទាក់ទាញ​វិ​និ​យោ​គិ​ន​អូស្ត្រាលី​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុងដំណាក់កាល​នេះ គឺ​ដោយសារ​សេដ្ឋកិច្ចពិភពលោក​មិនសូវ​ល្អ​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាត់បន្ថយ​ការចំណាយ​ក្រៅពី​ម្ហូបអាហារ​។ ខ្ញុំ​គិតថា ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ​នឹង​កើន​ខ្ពស់​នៅពេល​ខាងមុខ​។​

​លោក​បន្ថែមទៀតថា បច្ចុប្បន្ន​ក្រៅពី​ការនាំចេញ​-​នាំចូល​ទំនិញ​ជាមួយគ្នា ក៏មាន​វិនិយោគិន​អូស្ត្រាលី​មួយចំនួន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​ក្នុង​វិស័យ​ដូចជា កសិកម្ម និង​ធនធាន​រ៉ែ​ជាដើម​។​

​ផលិតផល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​អូស្ត្រាលី​មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​កម្ពុជា​នាំចូល​មកវិញ​រួមមាន ផលិតផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជា​ដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន កាលពី​ខែ​សីហា និយាយថា ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​វិនិយោគ​ឱ្យមាន​ភាពបត់បែន និង​ទាក់ទាញ ព្រមទាំង​កត្តា​កម្លាំង​ពលកម្ម​ជួយ​ឱ្យ​កម្ពុជា​ស្រូប​ទាញ​បាន​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់ទុន​កាន់​តែ​ច្រើន​។ ជាមួយ​កំណើន​ចង្វាក់​ផលិត​កម្ម​ខាងលើ ការប្រមូល​ផល​ក៏បាន​កើនឡើង​លើស​មុន​ដែរ​។​

​លោក​អះអាងថា​៖ «​កំណើន​ទិន្នផល និង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ចុះ​ហត្ថ​លេ​​ខា​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី នឹង​ជួយ​ធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​កើន​កាន់តែ​ខ្ពស់​នាពេល​អនាគត ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា អូស្ត្រាលី មាន​ទឹកប្រាក់ ៥២៣,៦១ ​លាន​ដុល្លារ កើន ៦០,៩ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០២១ ដែលមាន ៣២៥,៤៧ ​លាន​ដុល្លារ​។ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មាន​ចំនួន ៣៧៩,០៣ លាន​ដុល្លារ កើន ៨៤,៦ ​ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី​ចំនួន ១៤៤,៥៨​ លាន​ដុល្លារ កើន ២០,៣​ ភាគរយ​។ ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ប្រមាណ ២៣៤,៤៦​ លាន​ដុល្លារ​៕​