ភ្នំពេញៈ កម្ពុជាបាននាំចេញម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា ក្នុងទឹកប្រាក់ជាង ២,១ ពាន់លានដុល្លារ នារយៈពេល ៨ ខែដើមឆ្នាំ ២០២៣ កើនជិត ១០០ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ខណៈទឹកប្រាក់នាំចេញក្នុងឆ្នាំ ២០២២ ទាំងមូលមានចំនួនជិត ២ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់ GDCE បង្ហាញថា ពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញទំនិញនៅក្នុងជំពូក (HS ២ខ្ពង់) លេខកូដ ៨៥ រួមមានម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា មានទឹកប្រាក់សរុប ២ ១៦២,៣៩ លានដុល្លារ កើន ៩៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ១ ០៨៩,៥ លានដុល្លារ។ ចំនួននេះស្មើនឹង ១៣,៨ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ១៥ ៦៩២,០៤ លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែសីហា ឆ្នាំ ២០២៣ ការនាំចេញផលិតផលខាងលើមានទឹកប្រាក់ ៣០២,៨៨ លានដុល្លារកើន ៨៦,៤ ភាគរយធៀបខែសីហា ឆ្នាំ ២០២២ ដែលមាន ១៦២,៤៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ការកើនឡើងសមត្ថភាពផលិតកម្មក្នុងស្រុក និងតម្រូវការនៅទីផ្សារអន្តរជាតិ បានជួយឱ្យការនាំចេញគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី និងបំណែករបស់វា កើនជាបន្តបន្ទាប់។ កម្ពុជាកំពុងតែវិវឌ្ឍខ្លួនក្លាយជាប្រភពផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេច និងសម្រេចទៅទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា កំណើនការនាំចេញផលិតផលទាំងអស់នេះបញ្ជាក់ពីដំណើរវិវឌ្ឍន៍នៃចង្វាក់ផលិតកម្មនៅកម្ពុជាដែលប្រើបច្ចេកវិទ្យាកាន់តែទំនើប និងជាឧស្សាហកម្មធន់មធ្យម និងធ្ងន់។
លោកនិយាយថា៖ «កំណើនការនាំចេញផលិតផលគ្រឿងបង្គុំម៉ាស៊ីន និងអគ្គិសនីនេះ គឺមិនត្រឹមតែជួយឱ្យកម្ពុជារកចំណូលបានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិតគ្រឿងម៉ាស៊ីនសំខាន់ៗសម្រាប់ពិភពលោកផងដែរ។ នៅពេលមានរោងចក្រផលិតផលិតផលបែបនេះច្រើន វាក៏នឹងជួយទាក់ទាញរោងចក្រផលិត ឬដំឡើងគ្រឿងយន្តធំៗឱ្យមកកម្ពុជាផងដែរ»។
លោកបន្ថែមថា ក្រៅពីមានទំនាក់ទំនងផ្នែកនយោបាយនិងពាណិជ្ជកម្មល្អជាមួយប្រទេសជាច្រើននោះ បច្ចុប្បន្នកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលក្ខណៈទ្វេភាគី និងពហុភាគីជាមួយប្រទេសជាច្រើន។ លោកអះអាងថា៖«តាមរយៈការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនខ្ញុំមានជំនឿថា ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិនឹងហក់ឡើងកាន់តែខ្ពស់នៅពេលសេដ្ឋកិច្ចសកលវិលមករកប្រក្រតីភាពដូចមុនអំឡុងឆ្នាំ ២០១៩»។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា និយាយថា លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ ច្បាប់វិនិយោគល្អ តម្លៃថាមពលនិងកម្លាំងពលកម្មសមរម្យ និងប្រព័ន្ធដឹកជញ្ជូនល្អប្រសើរ បានជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឱ្យមកបើករោងចក្រនៅកម្ពុជាដើម្បីនាំទៅទីផ្សារអន្តរជាតិ។ កំណើនការនាំចេញផលិតផលម៉ាស៊ីន និងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយប៉ះប៉ូវពីការធ្លាក់ចុះផលិតផលវាយនភណ្ឌ ដែលបានកើតមានតាំងពីពាក់កណ្តាលឆ្នាំ ២០២២។
លោកថ្លែងថា៖ «ដោយសារចំនួនរោងចក្រចូលមកវិនិយោគនៅប្រទេសកម្ពុជាមានកាន់តែច្រើន ហើយការដឹកជញ្ជូនកាន់តែងាយស្រួលនោះ ដូច្នេះការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិនឹងមានកាន់តែច្រើននាពេលខាងមុខ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាប្រមូលប្រាក់ បាន ១ ៩៩៨,១៩ លានដុល្លារ ពីការនាំចេញផលិតផលលេខកូដ ៨៥ កើន ៨៤,៨ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ១ ០៨១,១ លានដុល្លារ។ ទឹកប្រាក់នាំចេញម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែករបស់វា ស្មើនឹង ៨,៩ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបដែលមាន ២២ ៤៨២,៩៣៧ លានដុល្លារ៕