ភ្នំពេញៈ ក្រុមហ៊ុនអាមេរិកជាច្រើននឹងមកធ្វើការសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជានាប៉ុន្មានខែខាងមុខ គឺស្របពេលដែលទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ កាន់តែមានភាពល្អប្រសើរ ចាប់តាំងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កាលពីចុងឆ្នាំ ២០២២។
ថ្លែងនៅក្នុងកម្មវិធីជួបជាមួយក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយពីលោកបានជួបជាមួយក្រុមហ៊ុនធំៗចំនួន ៥៨ របស់អាមេរិកក្នុងនោះមានក្រុមហ៊ុនយក្សពីអាមេរិកមួយចំនួនដូចជា ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះ, Pfizer ក្រុមហ៊ុនផលិតថ្នាំ, ក្រុមហ៊ុន Abbott, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Mastercard,និងក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនយក្សវិស័យប្រេងកាត និងតាមរយៈវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ព្រមទាំងជំនួបប្រជុំទ្វេភាគីនានាអំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅបុរីញូវយ៉កកាលពីចុងខែកញ្ញាកន្លងមក គឺមានក្រុមហ៊ុនជាច្រើនបានបង្ហាញការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
លោកលើកឡើងថា៖ «ខ្ញុំក៏បានចូលរួមកម្មវិធីវិស័យឯកជនក្នុងការផ្គូផ្គងរវាងក្រុមហ៊ុនក្នុងស្រុកយើងដែលមានជាង ៣០ ជួបជាមួយក្រុមហ៊ុនអាមេរិកដើម្បីផ្លាស់ប្តូរព័ត៌មាន និងមានទំនាក់ទំនងរកស៊ីជាមួយគ្នា។ ប្រហែលជាប៉ុន្មានខែខាងមុខ ក្រុមហ៊ុនអាមេរិកជាច្រើនឹងមកកាន់កម្ពុជាយើងដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គួច ផេង បានថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២២ ខែកញ្ញាថា គោលបំណងសំខាន់នៃវេទិកាធុរកិច្ច គឺដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកនិយាយថា៖ «អាមេរិក គឺជាទីផ្សារនាំចេញឈានមុខគេរបស់កម្ពុជា និងជាប្រភពការវិនិយោគបរទេសមួយដ៏សំខាន់ដោយប្រកាន់យកយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងចក្ខុវិស័យកម្ពុជាដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ មានឱកាសច្រើនសម្រាប់វិនិយោគិន»។
បើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានថ្លែងក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជាផងដែរនោះ គឺអាមេរិក-កម្ពុជាមានប្រវត្តិមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងគឺតាំងពីឆ្នាំ ១៩៥០ ខណៈទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៣,៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ អាមេរិកនៅតែបន្តជាទីផ្សារនាំចេញដ៏ ធំបំផុតរបស់កម្ពុជា ជាពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។
លោកបានបន្ថែមថា ទាក់ទងនឹងទំនាក់ទំនងវិនិយោគគឺការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីអាមេរិកនៅប្រទេសកម្ពុជាមានចំនួនតិចតួចនៅឡើយបើ ទោះបីអាមេរិកជាវិនិយោគិនអន្តរជាតិធំជាងគេលើពិភពលោកក៏ដោយ។
ភាគហ៊ុន FDI របស់កម្ពុជាពីអាមេរិកបានកើនឡើងពី ២២៥ លានដុល្លារនាឆ្នាំ ២០១០ ដល់ ៨៩៣ លានដុល្លារក្នុងឆ្នាំ ២០២២។ ថ្មីៗនេះក្រុមហ៊ុនចម្រុះជាតិសាសន៍របស់អាមេរិកដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជាមានដូចជា ក្រុមហ៊ុន Ford, ក្រុមហ៊ុន Coca Cola ក្រុមហ៊ុន Tiffany និងក្រុមហ៊ុន General Electric ដោយសារទំហំទីផ្សារកាន់តែធំរបស់កម្ពុជា និងកំណើនប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ជាមួយនឹងគោលបំណងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ»។
លោកបន្ថែមថា យុទ្ធសាស្ត្រនេះដាក់ចេញអាទិភាពសំខាន់ៗចំនួន ៥ គឺ ប្រជាជន ផ្លូវថ្នល់ ទឹក អគ្គិសនី និងបច្ចេកវិទ្យា ដោយផ្តោតខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបដិវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន៕