​ព្រះ​វិហារៈ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានបង្ហាញ​ថា ក្នុង​រយៈពេល ៩​ ខែ ក្នុង​ឆ្នាំ​ ២០២៣​ នេះ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ទទួលបាន​ភ្ញៀវ​ជាង ១០​ ម៉ឺន​នាក់ ក្នុងនោះ​រមណីយដ្ឋាន​ប្រា​សាទ​ព្រះវិហារ​មាន​ជាង ៦ ​ម៉ឺន​នាក់ និង​ប្រាសាទ​កោះ​កេរ​មាន​ជាង​ ៤ ​ម៉ឺន​នាក់​។​

​លោក គង់ ពុទ្ធិការ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានឱ្យដឹង​នៅ​ថ្ងៃទី ​២ ខែតុលា​ថា គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ក្នុង​ឆ្នាំ​ ២០២៣​ នេះ រមណីយ​​ដ្ឋា​ន​ប្រាសាទព្រះវិហារ បានទទួល​ភ្ញៀវ​ទេសចរ​សរុប ៦២ ៦៥៣​ នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៥៦ ៦២៦ ​នាក់ និង​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ៦ ០២៧​ នាក់​។


លោក​បន្តថា បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ៧៩ ៨១៨ ​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៧៧ ៧២៩ ​នាក់ និង​ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន​ ២ ០៨៩​ នាក់​។

លោក​បញ្ជាក់ថា រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០២៣ ​ភ្ញៀវទេសចរ​ជាតិ​មានការ​ថយចុះ​ចំនួន​ ២៨% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ​ខណៈដែល​ភ្ញៀវទេសចរ​បរទេស មានការ​កើនឡើង​ចំនួន​ ១៨៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​


​លោក​ពុទ្ធិការ​ឱ្យដឹងទៀតថា ចំពោះ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​វិញ ក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ បានទទួល​ភ្ញៀវទេសច​រ​ជាតិ​សរុប​ ៤៤ ១៦២​ នាក់ ខណៈ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​សរុប ៤២ ៦៦២ ​នាក់​។ លោក​បន្ថែមថា​៖ «​ដូច្នេះ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​រយៈពេល ៩​ខែ​មកនេះ មានការ​កើនឡើង​ភ្ញៀវទេសចរ​ជាតិ​ចំនួន ៣,៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២»​។​

​ទាក់ទង​នឹង​របាយការណ៍​នេះ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា បើតាម​ការសង្កេត​ជាទូទៅ​របស់លោក មើលឃើញថា ឆ្នាំនេះ​ភ្ញៀវ​​ទេសចរ​បរទេស ដែល​ចូលមក​ទស្សនា​កម្ពុជា មិន​ថា តំបន់​ទេសចរណ៍​ខេត្ត​ព្រះ​វិហារ ឬ​ខេត្តសៀមរាប​នោះទេ គឺមាន​ការ​ថយចុះ​ខ្លាំង ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

​លោក​បន្តថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ គួរតែ​កែប្រែ​យុទ្ធសាស្ត្រ​របស់ខ្លួន កុំ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ សម្រាប់​អនុវត្ត សមត្ថភាព បច្ចេកទេស សេវាកម្ម ហើយ​និង​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ ដូច្នេះ​គួរតែ​ពង្រឹង​ផ្នែក​ទាំងនោះ​ឡើងវិញ​។

លោក ម៉ម រិទ្ធី បញ្ជាក់ថា​៖ «​អ្វីដែល​សំខាន់ គឺ​រាជ​​រដ្ឋាភិបាល ត្រូវ​ស្ដារ​ស្ថានភាព​សន្តិសុខ​ប្រទេស​របស់​យើង ដោយសារ​មួយរយៈ​នេះ​មាន​ព័ត៌មាន​ជាច្រើន​និយាយ​ពី​សន្តិសុខ​ប្រទេស​យើង ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ភ្ញៀវ អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ផ្នែក​សន្តិសុខ​នេះ កុំឱ្យ​រំខាន​ដល់​ភ្ញៀវទេសចរ​»​។

​លោក​ថា ជាមួយគ្នានេះ​ក៏ត្រូវ​កែប្រែ​បរិបថ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ឱ្យ​អ្នកទេសចរ​បរទេស មើលឃើញថា កម្ពុ​ជាមាន​សុខ​សន្តិ​ភាព​ហើយ​អ្នកនយោបាយ​មានការ​រួបរួមគ្នា ដែល​វា​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ឡើងវិញ​ដែរ​។​

​សូម​រំឭក​ផងដែរ​ថា រមណីយដ្ឋាន​ប្រា​​សាទ​កោះ​កេរ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣៕