ភ្នំពេញៈ ទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ពិសេសការនាំចេញរបស់កម្ពុជានឹងមានកំណើនថែមទៀតបន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK''s Developing Countries Trading Scheme (DCTS)ដល់ប្រទេសមួយចំនួនរួមទាំងកម្ពុជា ខណៈរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជិត ៥៨៩ លានដុល្លារ ធ្លាក់ចុះជាង ១៤ ភាគរយ។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣ ខែតុលា បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី UK''s Developing Countries Trading Scheme (DCTS) ជំនួស UK''s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះក៏មានកម្ពុជាដែរ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជាចក្រភពអង់គ្លេសមានទឹកប្រាក់សរុប ៥៨៨,៩១ លានដុល្លារ ថយចុះ ១៤,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស ៥២៧,៩៤ លានដុល្លារ ថយចុះ ១៥,៨ភាគរយ ចំណែកអង់គ្លេសនាំមកកម្ពុជាវិញ ៦០,៩៧ លានដុល្លារ កើន ២ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែតុលាថា ប្រព័ន្ធអនុគ្រោះពន្ធដែលចក្រភពអង់គ្លេសផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជានោះ គឺនឹងក្លាយជាផ្នែកសំខាន់ក្នុងការជួយលើកកម្ពស់សមត្ថភាពនាំចេញរបស់កម្ពុជាទៅអង់គ្លេសឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ លោកបន្តថា ទោះជាយ៉ាងណាទន្ទឹមនឹងអ្វីដែលកម្ពុជាទើបទទួលបាននេះ គេក៏មិនត្រូវភ្លេចពីការអភិវឌ្ឍផលិតផលឱ្យមានកាន់តែច្រើន និងមានគុណភាពស្របទៅតាមការចង់បានរបស់អ្នកបញ្ជាទិញផងដែរ។
លោកនិយាយថា៖«ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ មានន័យថានឹងជួយឱ្យសមត្ថភាពប្រកួតប្រជែងតម្លៃមានកាន់តែប្រសើរ ប៉ុន្តែគុណភាពក៏ជាកត្តាចម្បងដែរក្នុងការប្រកួតប្រជែង»។
លោកបន្ថែមថា ដោយសារសមត្ថភាពនៃចង្វាក់ផលិតកម្មនៅកម្ពុជាមានកាន់តែខ្ពស់ ដូច្នេះនេះជាឱកាសរបស់កម្ពុជាក្នុងការជំរុញពាណិជ្ជកម្មនាំចេញរបស់ខ្លួនផងដែរ។
បើតាមអគ្គនាយកដ្ឋានគយ ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចក្រភពអង់គ្លេស មានតម្លៃសរុបជិត ៩៧៧,៤៤ លានដុល្លារ កើន ២៣,៩៨ភាគរយបើធៀបនឹងឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញ ៨៨៦,៤២ លានដុល្លារ កើន ២១,១ ភាគរយ និងចក្រភពអង់គ្លេសនាំចូល ៩១,០២ លានដុល្លារកើនឡើង ៦០,២ ភាគរយ៕