​ភ្នំពេញៈ ការិយាល័យ​ស្រាវ​ជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី បានកែតម្រូវ​ការ​ព្យាករ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខ្លួន​សម្រាប់​តំបន់​អាស៊ាន​+៣ ថា នឹង​កើនឡើង ៤,៣ ​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​ធ្លាក់ចុះ​ពី​ការ​ព្យាករ​កាលពី​ខែកក្កដា​ចំនួន ៤,៦​ ភាគរយ ដោយសារ​កំណើន​ខ្សោយ​ជាង​ការរំពឹងទុក​នៅក្នុង​ប្រទេស​ចិន​នា​ត្រីមាស​ទី២ ខណៈ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​ចំនួន ៥,៩ ​ភាគ​រយ​ឆ្នាំនេះ​។​

​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំត្រីមាស​ខែតុលា​នៃ​សន្និសីទ​សារ​ព័ត៌មាន​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រ​​ចាំ​តំបន់​អាស៊ាន​+៣ (AREO) ឆ្នាំ ​២០២៣ កាលពី​ថ្ងៃទី ​៤ ខែតុលា ទោះ​មាន​ចក្ខុវិស័យ​ប្រកបទៅដោយ​សុទិដ្ឋិនិយម​សម្រាប់​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ឆ្នាំក្រោយ​ក៏ដោយ ក៏​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់​នឹង​ត្រូវបាន​គាំទ្រ​ដោយ​អត្រា​ផល​ចំណូល​ដែល​រំពឹងទុក ក្នុងការ​នាំចេញ​ផលិត​ផល និង​ការកែលម្អ​សម្ទុះ​កំណើន​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។​


​តំបន់​អាស៊ាន​+៣ ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង ៤,៣ ភាគរយ​នៅ​ឆ្នាំនេះ​ធ្លាក់ចុះ​ពី​ការ​ព្យាករ​កាលពី​ខែកក្កដា​ដែលមាន ៤,៦​ ភាគរយ​ដែល ភាគច្រើន​ដោយសារតែ​កំណើន​ខ្សោយ​ជាង​ការរំពឹងទុក​នៅក្នុង​ប្រទេស​ចិន​នា​ត្រីមាស​ទី​ ២​។​AMRO រំពឹងថា សេដ្ឋកិច្ច​តំបន់​នេះ​នឹង​កើន ៤,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ដោយសារ​ឥទ្ធិពល​នៃ​វិធាន​ការគាំទ្រ​គោ​លន​យោ​បាយ​របស់​ប្រទេស​ចិន ​ក្នុងការ​ជំរុញ​តម្រូវការ​នៅក្នុង​ស្រុក​ឱ្យសម្រេចបាន​កាន់តែ​មាន​ភាព​ពេញលេញ​។

ការណ៍​នេះ​រួម​ជា​មួយ​នឹង​ការកើនឡើង​បន្តិច​ម្តងៗ​នៃ​ការប្រើប្រាស់​ទំនិញ​ដែល​ប្រើប្រាស់​បានយូរ​នៅ​អាមេរិក និង​ការរំពឹងទុក​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វដ្ដ​បច្ចេកវិទ្យា​ពិភព​លោក គួរតែ​ជំរុញ​ការនាំចេញ​ក្នុង​តំបន់​នៅ​ឆ្នាំក្រោយ​ចំពេល​មានការ​រំពឹងទុក​ពី​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក​។​


AMRO បាន​ព្យាករណ៍​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា​លើ​កម្រិត​កំណើន​មូលដ្ឋាន​សម្រាប់​ឆ្នាំ ​២០២៣ មាន​ចំនួន ៥,៩​ ភាគ​រយ​ដែលជា​កម្រិត​ខ្ពស់​មួយ​នៅ​ពីក្រោយ​ប្រទេស​អាស៊ាន​ ២ ​ផ្សេងទៀត គឺ​វៀតណាម ចំនួន ៦,៨ ​ភាគរយ និង​ហ្វីលីពីន ៦,២ ​ភាគរយ ខណៈ​ការ​ព្យាករ​នៅ​ឆ្នាំ​ ២០២៤ សេដ្ឋកិច្ច​របស់​កម្ពុជា នឹងមាន​កំណើន ៦,៧ ​ភាគរយ វៀតណាម ៧,១​ ភាគរយ និង​ហ្វីលីពីន​ចំនួន ៦,៥​ ភាគរយ​។​ជាមួយគ្នានេះ អតិផរណា​របស់​កម្ពុ​ជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ចំនួន ៣,៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ និង ៣,១​ ភាគ​រយ​នៅ​ឆ្នាំ ​២០២៤​។​

​លោក Hoe Ee Khor ប្រ​ធាន​សេដ្ឋវិទូ​នៅ AMRO បាន​ថ្លែងថា​៖«​ទោះ​មានការ​បង្ហាញ​មិនសូវ​ល្អ​ជុំវិញ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ក៏ដោយ ក៏​យើង​ត្រូវតែ​មើល​អ្វីៗ​តាម​ចក្ខុ​វិស័យ​វិជ្ជមាន​ផងដែរ​»​។ លោក​បន្តថា​៖ «​ក្រៅពី​វិស័យ​អចលន​ទ្រព្យ ការវិនិយោគ​លើ​វិស័យ​ផលិតកម្ម​កំពុង​កើនឡើង​ហើយ​ការចំណាយ​របស់​អ្នកប្រើប្រាស់​កំពុង​ចាប់ផ្តើម​វិល​មករក​ដំណើរ​ការធម្មតា​វិញ​ហើយ ទាំងនេះ​គួរតែមាន​ផលប៉ះពាល់​ជា​វិ​ជ្ជ​មាន​លើ​បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​+៣»​។​

AMRO ក៏​ព្រមាន​ពី​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អាមេរិក​និង​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ជា​ពិសេស​នៅក្នុង​បរិយាកាស​ដែល​អត្រា​ការប្រាក់​សកល​កាន់តែ​ខ្ពស់​និង​រយៈពេល​កាន់តែ​យូរ​។​

​បើតាម​ធនាគារពិភពលោក ដែល​បានចេញ​ផ្សាយ​ការដាក់ឱ្យ​ដំណើរការ​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ធនាគារពិភពលោក កាលពី​ថ្ងៃទី​ ២ ខែតុលា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង ៥,៥​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ និង​ឆ្នាំ ​២០២៤ សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា​នឹង​កើន​ក្នុង​អត្រា ៦,១​ ភាគរយ​។​

​លោក Aaditya Mattoo ​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើត របស់​ធនាគារពិភពលោកបានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ​ថា កិច្ចព្រមព្រៀង RCEP តាមរយៈ​ការបង្កើត​លទ្ធ​ភាព​ចូល​ទីផ្សារ​ដែល​អាច​ព្យាករ​បាន​កាន់តែ​ធំ និង​តាមរយៈ​ការ​ជំរុញ​កំណែទម្រង់​មួយចំនួន​នៅក្នុង​គោលនយោបាយ​ផ្ទាល់ខ្លួន​របស់​កម្ពុជា​អាច​ត្រូវបាន​រំពឹងថា នឹង​ជួយ​ទាំង​ការបង្កើត​ពាណិជ្ជកម្ម​ថ្មី និង​លំហូរ​នៃ​ការវិនិយោគ​ថ្មី ហើយ​សង្ឃឹមថានឹង​ជួយ​កម្ពុជា​សម្រេចបាន​គោល​​ដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការនាំចេញ​របស់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​កម្ពុជា​ចាប់ផ្តើម​បំបែក​ខ្លួន​ចូលទៅក្នុង​វិស័យ​អេឡិចត្រូនិក ប៉ុន្តែ​កម្ពុជា ជាថ្មី​ម្តងទៀត​គឺជា​ប្រទេសមួយ​ដែល​ត្រូវ​ការកែលម្អ​មូលដ្ឋានគ្រឹះ​របស់ខ្លួន​ជាពិសេស​ទាក់ទង​នឹង​ជំនាញ​។ ទាំងនោះ​គឺជា​កំណែទម្រង់​ដែល​មិន​តម្រូវឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​ជា​កំណែទម្រង់​ក្នុងស្រុក​»៕