កម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍សាជាថ្មី តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍ដទៃទៀតដែលមានសក្ដានុពលនៅកម្ពុជា និងហ្វីលីពីន ស្របពេលដែលវិស័យទេសចរណ៍របស់ប្រទេសទាំងពីរធ្លាក់ចុះ ក្រោយពីវិបត្តិជំងឺកូវីដ១៩។
ការបង្ហាញពីគោលបំណងរបស់ភាគីទាំងពីរ ត្រូវបានលើកឡើងក្នុងពេលលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមខ្លឹមសារនៃជំនួបដែលក្រសួងការបរទេសបានបង្ហោះនៅតាមបណ្តាញតេឡេក្រាម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ខណៈភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប។
ក្នុងឱកាសនោះដែរ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណ ហ្វីលីពីន ដែលបាននាំចូលអង្ករពីកម្ពុជា។
គួរជម្រាបថា កម្ពុជាធ្លាប់បានរៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។
កម្មវិធីនេះសំដៅផ្សព្វផ្សាយ អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជន កម្ពុជា-ហ្វីលីពីន ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយអំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
តាមរយៈកម្មវិធីផ្សព្វផ្សាយខាងលើនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេស ហ្វីលីពីន ហើយភ្នាក់ងារទេសចរណ៍ ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បានឯកភាពគ្នាជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ជុំវិញវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍កម្ពុជា និង ផ្នែកឯកជនដែលកំពុងធ្វើការងារលើវិស័យនេះ បាននិងកំពុងពិភាក្សាគ្នា និងលើកពីបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ ដើម្បីរិះរកមធ្យោបាយថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា៕