ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី Devyani Khobragade បានបញ្ជាក់​សាជាថ្មី​ថា ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌា​នឹង​បើក​ដំណើរការ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ខណៈ​ប្រទេស​ទាំង​ ២ ​បាន​ប្តេជ្ញា​ក្នុង​ការជំរុញ​ការធ្វើ​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​។​

​ក្នុងជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​៥ ខែតុលា នៅ​ទីស្តីការ​ក្រ​សួង​សេដ្ឋកិច្ច លោកស្រី Devyani Khobragade បានឱ្យដឹងថា ប្រទេស​​កម្ពុជា និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ការ​​ទូត និង​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​យូរអង្វែង ហើយ​ជាមួយគ្នា​។ ឥណ្ឌា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​យន្ត​ការសម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​តាមរយៈ​ការអនុគ្រោះ​ពាណិជ្ជកម្ម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច​។​


​លោកស្រី​ថ្លែងថា​៖ «​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់​ឌីជីថល គឺ​នឹងមាន​ជើងហោះហើរ​ត្រង់​រវាង​ឥណ្ឌា និង​កម្ពុជា ដែល​រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​អំណរ​​គុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា ដែល​តែង​ផ្តល់​ការគាំទ្រ ជាពិសេស​ក្នុងការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​គោល​​បំណង​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅ​មករ​វាង​ឥណ្ឌា និង​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​ឱ្យមាន​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ព្រោះ​វា​នឹង​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២»​។​


​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ឥណ្ឌា លោក កុយ គួ​ង បាន​ប្រាប់​សារ​ព័ត៌មាន​ឥណ្ឌា ANI កាលពី​ថ្ងៃទី​ ២៦ ខែ​សីហា ថា ទំនាក់ទំនង​ការទូត​រវាង​ឥណ្ឌា និង​កម្ពុជា បាន​ឈានដល់​កម្រិត​ខ្ពស់​ដែល​គួរឱ្យកត់សម្គាល់ ដោយ​ប្រទេស​ទាំង ​២ បាន​ប្រារព្ធ​ខួប​មិត្តភាព​ ៧០ ​ឆ្នាំ​។​

​លោក កុយ គួ​ង ត្រូវបាន​ដកស្រង់​សម្តី​ដោយ ANI ដោយ​លើកឡើងថា កម្ពុជាទទួលបាន​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​តំបន់​ជាមួយ​ឥណ្ឌា​ក្នុងនាម​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន ក៏ដូចជា​អន្តរជាតិ​ដែល​ប្រទេស​ទាំង​ ២ ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​។​

​បច្ចុប្បន្ន ឥណ្ឌា​មាន​ជើងហោះហើរ​​ត្រង់​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន ​៩ លើកលែងតែ​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​នៅពេល​អនាគត​ដ៏​ខ្លី​ខាងមុខ យ៉ាងហោចណាស់​ត្រឹម​ដើម​​ឆ្នាំ​ ២០២៤ មានលទ្ធភាព​នៃ​ការហោះ​ហើរ​ត្រង់​ពី​ទីក្រុង​ញូវដែលី​មក​ប្រទេស​​កម្ពុជា ដូច្នេះ​វា​នឹង​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​រវាង​ប្រទេស​ទាំង ​២ ក្នុងនាម​ជា​អ្នកទេសចរ ឬ​វិនិយោគិន​»​។​

​យោងតាម​ក្រសួងទេសចរណ៍​កម្ពុជា ភ្ញៀវទេសចរ​ឥណ្ឌា​ចំនួន ១៦ ៣៨៨ នាក់​ត្រូវបាន​កត់ត្រា​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ ដែលជា​ការកើនឡើង​ដ៏​ច្រើន​ពី​ចំនួន​ត្រឹមតែ ១ ៤៧៨ ​នាក់​នៅក្នុង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​រាយ​ការណ៍​ថា ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ឥណ្ឌា​មាន​ទឹកប្រាក់ ៩១,៥​ លាន​ដុ​ល្លារ​ក្នុង​រយៈពេល ៤​ ខែ ដើមឆ្នាំ ២០២៣ កើន ៦៤,២​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។ ឥណ្ឌា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត​ទី​ ១៨ ​របស់​កម្ពុជា​ក្នុង​រយៈពេល​ខាងលើ​៕