​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​នានា ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី «SMEs & Startups Go Public» ក្នុង​គោលដៅ​អភិវឌ្ឍន៍​ទីផ្សារ​ភាគហ៊ុន ​ឱ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​បរទេស និង​បង្កើន​ទំនុកចិត្ត​វិនិយោគ ពិសេស​ក្រុមហ៊ុន​សក្តានុពល​ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ​ការ​កៀរគរ​ទុន​ជា​ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​តាមរយៈ​ផ្សារ​ហ៊ុន​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​បាន​សម្ដែង​នូវ​ការ​សាទរ និង​កោតសរសើរ​លើ​ការផ្តួចផ្ដើម​ថ្មី​នេះ​ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា ស៊ី​ឃ្យូ​រី​ធី ជាមួយនឹង​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ទីផ្សារ​ភាគហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន ហើយ​ទាំងអស់នេះ​ជាការ​បើក​ច្រកទ្វារ​កាន់តែ​ធំ​ទៅដល់​វិនិយោគិន ក្រៅប្រទេស និង​បង្កើន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ ពិសេស​ក្រុមហ៊ុន​សក្តានុពល​ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ​ការ​កៀរគរ​ទុន​ជា​ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​តាមរយៈ​ផ្សារ​ហ៊ុន​។​


​លោក​ថ្លែងថា​៖ «​មានតែ​តាមរយៈ​ការលក់​ភាគហ៊ុន​នៅក្នុង​ផ្សារ​ហ៊ុន​ទេ ដែល​ម្ចាស់​អាជីវកម្ម​មានឱកាស​ក្លាយជា​សេដ្ឋី​បាន​លឿន លើសពីនេះ វា​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ស្តង់ដា​ខ្ពស់ ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​សាធារណជន និង​ជា​លទ្ធផល ក្រុមហ៊ុន​នឹងមាន​និរន្តរភាព​យូរអង្វែង ព្រមទាំង​ងាយស្រួល​ក្នុងការ​ផ្ទេរមរតក​ទៅដល់​កូនចៅ​បាន​ទៀតផង​»​។​

​លោក​លើកឡើងថា​៖ «​ទីផ្សារ​មូលធន​នេះ អាចបំពេញ​តួនាទី​ជា​អន្តរការី​ហិរញ្ញវត្ថុ​ដូច​នៅ​ប្រទេស​ដទៃ ដែល​អាច​អនុញ្ញាតឱ្យ ម្ចាស់​អាជីវកម្ម​អាច​លក់​ភាគហ៊ុន​បាន​ដល់​រាប់រយ រាប់ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ អាច​បង្កើតជា​ប្រភព​ចំណូល​អកម្ម សម្រាប់​ប្រជាពលរដ្ឋ​រាប់សែន រាប់លាន​នាក់​, និង​ក្លាយជា​ច្រកចូល​មួយ ដែល​ងាយ​ទាក់ទាញ​វិនិយោគិន​បរទេស​ដែល​ចង់រក​ឱកាស វិនិយោគ​នៅ​កម្ពុជា ដោយ​មិនចាំបាច់​បង្កើត​ក្រុមហ៊ុន ឬ​សុំ​អាជ្ញាប័ណ្ណ​ផ្សេងៗ​»​។​


​លោក Teng Cheng Yueh នាយក​គ្រប់គ្រងនៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា ស៊ី​ឃ្យូ​រី​ធី ម​.​ក បាន​លើកឡើងថា ការរៀបចំ​កម្មវិធី​នេះ ​ក្នុង​គោលបំណង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ​ជូន​ទៅដល់​ក្រុមហ៊ុន​សក្ដានុពល និង​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​ដំណាក់កាល​មុន​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ឬ​សញ្ញា​បណ្ណ​សាជីវកម្ម ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស​ ចូលរួម​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផងដែរ​។​

​យោងតាម​ទិន្នន័យ​បាន​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) គិត​ត្រឹម​ខែសីហា​នេះ ចាប់តាំងពី​ការចាប់ផ្តើម​ដំណើរការ​ទីផ្សារ​មូលធន​នេះ​មក ប្រទេស​កម្ពុជា​ទទួលបាន​ក្រុមហ៊ុន​សរុប​ចំនួន ២០ ដែល​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដែល​ក្នុងនោះ ក្រុមហ៊ុន ១១ បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ (​ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​គោល​ដែលជា​ទីផ្សារ​សម្រាប់​សហ​គ្រាស​ធំៗ និង​ក្រុមហ៊ុន​ចំនួន ២ បាន​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន ដែល​ទីផ្សារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​) និង​ក្រុមហ៊ុន​ចំនួន ៩ ផ្សេងទៀត បាន​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​សាជី​វក​ម្ម​។​

​បើតាម SERC ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនេះ ទីផ្សារ​មួយ​នេះ ក៏មាន​ក្រុមហ៊ុន Golden Tree Co.Ltd. ដែល​បាន​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​ដំបូង​គេ​របស់​កម្ពុជា​ ស្របតាម​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​។​ ជារួម ក្រុមហ៊ុន​ទាំង ២០ នេះ ប្រមូល​មូលនិធិ​បាន​ចំនួន ៣២៨ លាន​ដុល្លារ​ ពី​ទីផ្សារ​នេះ ហើយ​មូលធននីយកម្ម​ទីផ្សារ​សរុប​ចំនួន ៣,០៨ ពាន់​លាន​ដុល្លារ ឬ ១០,៦៤ ភាគរយ​នៃ​ផលិតផល ក្នុងស្រុក​សរុប​គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៣​។​

​ជាមួយគ្នានេះ រហូតមកដល់​ពេលនេះ SERC ក៏បានផ្តល់​អាជ្ញាប័ណ្ណ ការអនុម័ត និង​/​ឬ​ការទទួលស្គាល់ ដល់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម និង​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​មូល​ប​ត្រ​ប្រមាណ ១៣០ ក្រុមហ៊ុន រួមទាំង​ក្រុមហ៊ុន​មូល​ប​ត្រ ក្រុមហ៊ុន​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​គម្រោង វិនិយោគ​រួម​៕