រយៈពេល​ជិត​​ ២​​ ឆ្នាំ​ហើយ ដែល​កម្ពុជា និង​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី (CCFTA)​ ជា​ផ្លូវ​ការដែល​បានចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ ២០២២ ដែល​ត្រូវបាន​គេ​សង្កេត​ថា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជុំវិញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​លំហូរ​នៃ​កា​រវិ​និ​យោគ​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​មក​កម្ពុជា​ក្នុង អំឡុង​ពេលនេះ​។​

​កិច្ចព្រមព្រៀង CCFTA ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរ​ស័ក្តិ អតីត​​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សម​ភាគី​ចិន លោក Zhong Shan តាមរយៈ​វីដេអូ​កាលពី​ថ្ងៃទី ​១២ តុលា ​២០២០ ដោយមាន​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន ធ្វើជា​សាក្សី​។​


​នៅក្នុង​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ CCFTA នេះ មុខ​ទំនិញ​ប្រមាណ​ជា ៩៨​ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​ ៩០ ភាគរយ​នៃ​ការនាំចេញ​របស់​ប្រទេស​ចិន មក​កម្ពុជា គឺ​រួច​ពន្ធ​។ ប្រទេស​ទាំង​ ២ ​បាន ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង CCFTA ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២ មក​ម្ល៉េះ​។​

​វឌ្ឍនភាព​នៃ​ការនាំចេញ​


លោក ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្មបាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ជាមួយ ភាគី​ចិន កម្ពុ​ជាមាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពីថ្ងៃ​ទី​ ១ ខែមករា ឆ្នាំ​ ២០២២​។ ក្រៅពីនោះ​ក្នុងនាម​ជា​សមាជិក អាស៊ាន កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​កម្ពុជា​ក៏​ប្រើប្រាស់​ច្រើន​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​។ បន្ថែម​លើ​នេះ​ទៀត​កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុ​ភាគី​ដែល​យើង​ហៅថា កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់​តំបន់ ​(RCEP)​។

​លោក​ថ្លែង​បញ្ជាក់ថា ដូច្នេះ​បច្ចុប្បន្ន អ្នក​នាំចេញ​បាន​ប្រើប្រាស់​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ទាំង​ ៣ ​នេះ​ទៅកាន់​ទីផ្សារ​ចិន​។ លោក​ថា នៅក្នុង​កិច្ចព្រមព្រៀង​ទាំង​ ៣​ នេះ កិច្ច​ព្រមព្រៀង​ដែល​គេ​ចូលចិត្ត​ប្រើប្រាស់ ជាងគេ​គឺ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ពហុភាគី​ឬ​ហៅថា «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ថ្នាក់​តំបន់ (RCEP)» ដោយសារ​ពីមុន​ប្រើប្រាស់ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​» ដូច្នេះ ទាំង​កិច្ចព្រមព្រៀង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង RCEP បានផ្តល់​បន្ទាត់​ពន្ធ​រួច​ពន្ធ​ច្រើន​រួចទៅហើយ ដោយឡែក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន មាន​បន្ថែម​បន្ទាត់ ពន្ធ​មួយចំនួនទៀត​។

​លោក​បាន​ថ្លែងថា​៖ «​យើង​រំពឹងទុក​ថា ការប្រើប្រាស់​បន្ទាត់​ពន្ធ​ផ្សេងៗ​ក្រៅពី​អ្វីដែល​បានផ្តល់​នៅក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន និង RCEP អ្នក​នាំចេញ​នឹង​ប្រើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។​យើង​សង្កេត ឃើញ​ការនាំចេញ​មាន​កំណើន​ជា​បន្តបន្ទាប់​ទាំងមុខ​ទំនិញ និង​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ជា​ទឹកប្រាក់​»​។

​លោក​ថា ចំពោះ​ការនាំចេញ​អង្ករ កម្ពុជា​ក៏បាន​ទទួល​កូតា ៤០ ​ម៉ឺន​តោន​នោះ ឥឡូវ​នៅ ឆ្នាំ​បន្តបន្ទាប់​អាច​នឹង​បង្កើន​ចំនួន​កូតា​បន្តទៅទៀត ខណៈ កសិផល​ដទៃទៀត​មានដូចជា​ដំឡូង​មី ស្វាយ ចេក មៀន​ប៉ៃលិន​ជាដើម សុទ្ធតែ​បាន​បង្កើន​ទាំង​ចំនួន​ទំនិញ និង​ទឹកប្រាក់ ទោះបីជា​កម្ពុជា​ប្រើ​​ប្រាស់​កិច្ចព្រមព្រៀង ​RCEP ក្តី​។ បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​ផលិតផល​វារីវប្បកម្ម​មួយចំនួនធំ​ហើយ​ទៅកាន់​ទីផ្សារ​ចិន ដែល​កន្លងមក​ក្រសួងកសិកម្ម​ធ្លាប់ បានប្រកាសថា ប្រទេស​ចិន​អនុញ្ញាតឱ្យ​នាំចេញ​រហូតដល់​ទៅ​ ១១ ​មុខ​នៃ​ផលិតផល​ជលផល​។

«​យើង​រំពឹងទុក​ថា យើង​នឹង​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​កម្ពុជា​-​ចិន RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ដើម្បី​បង្កើន និង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញ​-ទៅមក​ក្នុងករណី​ដែល​ទំនិញ​ខ្លះ​មិន​បានទទួល​អត្រាពន្ធ​សូន្យ​នៅក្នុង​កិច្ចព្រមព្រៀង​ណាមួយ​នោះ​។ ខ្ញុំ​នៅតែ​រំពឹងទុក​ថា ចិន​នៅតែ​ជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ទាំង​ភាពជា​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ភាពជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ (Belt &Road) និង​ក្នុង​កិច្ច​​ព្រម​ព្រមទាំង​ ៣ ​ខាងលើនេះ សុទ្ធ​មានការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​»​។

​លោក កែន លូ អគ្គលេខា​ធិ​កា​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា (GMAC) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា FTA ជាមួយ​ប្រទេស​ចិន​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការនាំចេញ​របស់​កម្ពុជា មិន​ត្រឹមតែ​ក្នុង​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ​ទេ ក៏មាន​លំហូរ​នៃ​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​។​

​លោក​បាន​លើកឡើងថា​៖ «​យើង​នឹង​មើលឃើញ​ការ​វិ​និ​យោគ​បន្ថែមទៀត​ក្នុងការ​ផ្គត់​ផ្គង់​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ គ្រឿង​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ផ្សេងទៀត​។ ខ្ញុំ​ជឿជាក់ថា FTA នឹង​ជួយ​វិស័យ​ផ្សេងទៀត​ច្រើនជាង​វិស័យ​កាត់ដេរ​»​។​

​បរិមាណ​នៅមានកម្រិត​ដោយសារ​របាំង​អនាម័យ និង​ភូតគាម​អនាម័យ​​

ពាក់ព័ន្ធ​អនាម័យ និង​ភូត​គា​ម​អនាម័យ គឺជា​បញ្ហា​មួយ​ដែលជា​បញ្ហា​ចម្បង​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ក្នុងការ​នាំចេញ​ទៅកាន់​ទីផ្សារ​ដ៏​ធំជាងគេ​របស់​អាស៊ី​មួយ​នេះ​។​បើតាម​លោក ប៉ែន សុ​វិជាតិ បើទោះបីជា​កាតព្វកិច្ច​ប​ញ្ហា​នេះ​ស្ថិតក្នុង​ក្រសួងកសិកម្ម ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​ដែលជា​អ្នកសម្របសម្រួល ជូន​ដល់​ផលិតករ និង​អ្នក​នាំចេញ​ដោយ​ធ្វើការ​សម្របសម្រួល យ៉ាងណា​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​ការអនុវត្ត ឬ​ការ​ទទួលស្គាល់​ទៅវិញទៅមក​នូវ​លិខិត​ស្នាម​ពាក់ព័ន្ធ​នឹង​អ​នា​​ម័​យ និង​ភូតគាម​អនាម័យ​នេះ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​ដល់​ផលិតករ និង​អ្នក​នាំចេញ​។

​លោក​បាន​ថ្លែងថា​៖«​ជាល​ទ្ធ​ផល បើតាម​យើង​សង្កេត​ជាទូទៅ​គឺមាន​ការរីកចម្រើន​ទៅមុខ​ហើយ ព្រោះថា ចំពោះ​ទំនិញ​វារីវប្បកម្ម ឬ​ទំនិញ​ជលផល​នោះ គឺ​ភាគី​ចិន​គេ​បាន​ពិនិត្យ​និង​ទទួលស្គាល់ និង​បាន​ណែ​នាំឱ្យមាន​ការអនុវត្ត​ត្រឹមត្រូវ​។ ចំពោះ​ប្រទេស​ចិន កសិផល​មួយចំនួន ដូចជា​ចេក ឬ​ស្វាយ​ជាដើម ខាង​ក្រសួងកសិកម្ម​យើង​បាន​ណែនាំ​ដល់​ម្ចាស់ ចម្ការ ឬ​កសិដ្ឋាន​មក​ចុះបញ្ជី​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ចិន​បានទទួល​ស្គាល់​។ ដូច្នេះ​នៅពេល​ទំនិញ​ដែល​ចេញពី ចម្ការ ឬ​កសិដ្ឋាន​ទាំងនោះ គេ​នឹង​ទទួលស្គាល់​គុណភាព និង​អនាម័យ​តែម្តង​»​។​

«​សម្រាប់​ខ្ញុំ​នៅតែមាន​សុ​ទិដ្ឋិ​និយម​ថា ថ្វីដ្បិតតែ​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​គឺជា​ឧបសគ្គ​មួយ សម្រាប់​ការនាំ​ចេញ​កសិផល​របស់​យើង ប៉ុន្តែ​បញ្ហា​នេះ​ពុំមែន​ជា​រឿង​ថ្មី​ទេ គឺ​គ្រប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​នៅពេលដែល​គេ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយគ្នា គឺ​តែង​ទុក​របាំង​ខ្លះ​នៃ អនាម័យ និង​ភូតគាម​អនាម័យ​ដើម្បី​អនុលោមភាព​ខាង​ផ្នែក​បច្ចេកទេស និង​ភាព​​ស្តង់ដា​ជាដើម ដើម្បី​ធ្វើ​យ៉ាង​ណា ឱ្យ​ទំនិញ ដែល​នាំ​ចូលទៅ​ប្រទេស​គេ គឺមាន​សុវត្ថិភាព និង​គុណភាព​សម្រាប់​ការប្រើ​ប្រាស់ និង​បរិភោគ​សម្រាប់​អ្នកប្រើប្រាស់​»​។

​លោក​ថា សម្រាប់​ករណីនេះ ទាមទារ​ឱ្យធ្វើ​ការចរចា​ក្នុង​រយៈពេល​មួយ និង​ទាមទារ​ឱ្យ​អ្នក​ផលិត​របស់​កម្ពុជា​បង្កើន​គុណភាព នៃ​ទំនិញ​ដើម្បី​ឆ្លើយតប​លក្ខខណ្ឌ​តម្រូវ​របស់​ចិន​។

បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​​

ប្រទេស​ចិន ​គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ឈានមុខ​គេ​របស់​កម្ពុជា ដែល​ស្មើនឹង ២៥,៦​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ៧ ​ខែ​នៃ​ឆ្នាំ ​២០២៣ ​ដែលមាន​ទំហំ​ទឹកប្រាក់ ២៧ ​ពាន់​លាន​ដុល្លារ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បានឱ្យដឹងថា នៅ​ចន្លោះ​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង ១,៨ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់​ប្រមាណ ៧​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន ៨១៤,៧​ លាន​ដុល្លារ កើន​ឡើង ១៦,២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​ការនាំ​ចូល​ពី​ប្រ​​ទេស​ចិន​បាន​កើនឡើង ០,១ ភាគរយ​ដល់ ៦​ពាន់​លាន​ដុល្លារ​។​

​តុល្យភាព​ពាណិជ្ជកម្មរ​បស់​ប្រទេស​កម្ពុជា​បង្ហាញ​ឱនភាព​ចំនួន ៥,៤ ​ពាន់​លាន​ដុល្លារ ដែល​ធ្លាក់ចុះ​ពី ៥,៦​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

​បើ​យោងតាម​ការ​ថ្លែង​ពន្យល់ របស់លោក ប៉ែន សុ​វិជាតិ ទាក់ទិន​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជ​កម្មនេះ ដោយសារតែ​កម្ពុជា​ជាទី​ផ្សារ​មួយ​តូច​ដែល​មិនមែនជា​ប្រទេស​ធំ​បើ​ធៀប​ទៅនឹង​ទីផ្សារ​ពិភពលោក ទាំង​កម្លាំង​ទិញ និង​កម្លាំង​ផលិត ជាពិសេស គឺ​ការកើនឡើង​នៃ​ការ​នាំចូល​ដើម្បី​បំពេញ​តម្រូវ​ ការ​ក្នុងស្រុក ក៏ដូចជា​វត្ថុ​ធាតុ​ដើម​សម្រាប់​វិស័យ​ផលិតកម្ម ជា​ដើមចម​ធ្វើឱ្យ​ការ​នាំចូល​ច្រើនជាង​ការនាំចេញ​។​

​លោក​បាន​លើកឡើងថា​៖ «​ជាការ​ពិតណាស់​យើង​មិនអាច​ប្រៀបធៀប​ជញ្ជីង​ពាណិជ្ជ​កម្ម​នាំចេញ​នាំចូល​រវាង​ទំនិញ​ទីផ្សារ​ចិន និង​ទំនិញ​នាំចូល​ពី​ចិន​មក​កម្ពុជា​នោះទេ យើង​ត្រូវ​ពិចារណា​បន្តិច​អំពី​តម្រូវការ​របស់​យើង ដោយសារ​យើង ជា​ប្រទេស​ទើប​ចាប់ផ្តើម​មាន​តម្រូវការ​ច្រើន ទាំង​គ្រឿង​ឧ​ប​ភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​សម្ភារ​សំណង់ រថយន្ត​និង​ទំនិញ​ចាំបាច់​ផ្សេងៗ​ទៀត រួមទាំង​សម្ភារ​ទាក់ទង​នឹង​ផលិតកម្ម​ផងដែរ​។ យើង​ក៏​កំពុង​ទទួលបាន​វិនិយោគ​ក្នុងការ​កែច្នៃ​លើ​ការនាំចេញ​ផងដែរ​»​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ប៉ែន សុ​វិជាតិ​។

​​អនាគត​ដ៏​ត្រចះត្រចង់​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែកញ្ញា កន្លងមកនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូល​របស់​ចិន រួមមាន​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នាយករដ្ឋមន្ត្រី លី ឈាង និង ចាវ ជេ​លី ប្រធាន​​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​នៃ​សភា​ប្រជាជន​ចិន​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​ ២០ នៅ​ទីក្រុង​ណាន​នី​ង ទីក្រុង​តំបន់​ស្វយ័ត​ក្វាង​ស៊ី​ជាំ​ង ភាគខាងត្បូង​ប្រទេស​ចិន ដែល​បាន​ដំណើរការ​កាលពី​ថ្ងៃ ​១៦ ដល់​ថ្ងៃទី​ ២០ ខែ​កញ្ញា ឆ្នាំ​ ២០២៣​។​

«​ភាគី​ចិន​អះអាង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការ​អនុ​ វត្ត​បន្ថែមទៀត​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល (GDI) និង​គម្រោង​នានា ដូចជា​ផ្លូវ​ជនបទ ស្ពាន ការផ្គត់ផ្គង់​ទឹក សាលា​រៀន និង​មន្ទីរពេទ្យ​។ ភាគី​កម្ពុជា​បាន​សម្តែង​ការអបអរ​ចំពោះ​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេស​ចិន​»​។ នេះ​បើ​យោង តាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​»៕