ភ្នំពេញៈ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប រំពឹងថាវត្តមានព្រលានយន្តហោះសៀមរាបអង្គរថ្មីដែលគ្រោងបើកសម្ពោធជាផ្លូវការនៅដើមខែធ្នូ ខាងមុខនឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យធ្វើដំណើរមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបកាន់តែច្រើនឡើងវិញ ខណៈភ្ញៀវបរទេសមកកម្សាន្តនៅខេត្តសៀមរាប នាពេលនេះនៅមានចំនួនតិចតួចនៅឡើយ បើទោះវិបត្តិការឆ្លងរាលដាលជំងឺកូវីដ ១៩ លើពិភពលោកត្រូវបានបិទបញ្ចប់ស្ទើរទាំងស្រុងហើយក៏ដោយ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី បានធ្វើតេស្តសាកល្បងជាលើកដំបូងដោយជោគជ័យកាលពីថ្ងៃទី ៥ ខែតុលា កន្លងមក ហើយគ្រោងបើកទទួលជើងហោះហើរដំបូងនៅថ្ងៃទី ១៦ តុលា និងធ្វើពិធីបើកសម្ពោធផ្លូវការនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនកម្ពុជា (ខេត្តសៀមរាប) លោក ធៀម ធឿង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែតុលា ថា រយៈពេល ២-៣ ខែដំបូងឆ្នាំ ២០២៣ (រដូវទេសចរច្រើន) គឺចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកខេត្តសៀមរាបបានកើនគួរឱ្យកត់សម្គាល់ ប៉ុន្តែចាប់ពីខែមេសាមកដល់ពេលនេះចំនួនភ្ញៀវបរទេស គឺមានចំនួនតិចតួចប៉ុណ្ណោះ។ លោកបន្តថា សម្រាប់រយៈពេល ៩ ខែកន្លងមក លោកសង្កេតឃើញថា មគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេស គឺមានការងារច្រើនគួរសម ប៉ុន្តែសម្រាប់មគ្គុទេសក៍ទេសចរណ៍ភាសាចិន គឺមិនសូវមានការងារធ្វើច្រើនទេ។
ទាក់ទងព្រលានយន្តហោះថ្មី លោក ធឿង បានអះអាងថា ព្រលានថ្មីនេះគឺមានភាពធំទូលាយ និងមានការរៀបចំស្អាត ដែលនេះជាចំណែកមួយផ្តល់ផាសុកភាព និងភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវដែលចង់មកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប។
លោកបានប្រាប់ថា៖ «បើតាមខ្ញុំដឹងគឺថ្មីៗនេះកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន ដែលនឹងជួយធ្វើឱ្យមានលំហូរភ្ញៀវកាន់តែច្រើនចូលមកកម្ពុជាចាប់ពីចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២៤ ខាងមុខ។ ខ្ញុំមានសុទិដ្ឋិនិយមថា ប្រសិនបើមិនមានប្រធានសក្តិដូចជាវិបត្តិជំងឺកូវីដ ១៩ ចំនួនភ្ញៀវមកពីប្រទេសចិននឹងចាប់ផ្តើមកើនឡើងវិញ»។
បើតាមលោក ធឿង ជាទូទៅទម្លាប់ភ្ញៀវមពីតំបន់អឺរ៉ុប គឺភាគច្រើនពួកគេស្នាក់នៅក្នុងប្រទេសកម្ពុជាចន្លោះពី ៤-៥ ថ្ងៃ ខណៈភ្ញៀវមកពីប្រទេសចិន ភាគច្រើនស្នាក់នៅត្រឹម ៣ ថ្ងៃ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី និយាយថា ទោះវិបត្តិជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ ប៉ុន្តែបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងវិបត្តិសេដ្ឋកិច្ចសកល គឺបានជំរុញឱ្យមនុស្សជាច្រើនសម្រេចលុបចោលគម្រោងចេញដើរកម្សាន្តនៅក្រៅប្រទេស។ នេះគឺជាមូលហេតុចម្បងធ្វើឱ្យចំនួនភ្ញៀវបរទេសមកកម្ពុជាមានចំនួនតិច។ វិស័យទេសចរណ៍ តែងតែប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ច និងនយោបាយ។
លោកបន្តថា ទោះយ៉ាងណា ដោយសាររយៈពេលប៉ុន្មានខែកន្លងមកជារដូវកាលមិនសូវមានភ្ញៀវដូច្នេះគេគួររង់ចាំមើលនៅចុងឆ្នាំសិន ព្រោះជាពេលអ្នកទេសចរចម្រុះជាតិសាសន៍ដើរកម្សាន្តច្រើនជាងពេលធម្មតា។ លោកបន្តថា ដោយសារក្នុងអំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះជាង ៣ ឆ្នាំមកនេះ កម្ពុជាបានកសាងសម្រេចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងព្រលានយន្តហោះថ្មី ដូច្នេះអ្វីៗអាចនឹងមានការផ្លាស់ប្តូរច្រើនចាប់ពីចុងឆ្នាំ ២០២៣ នេះតទៅ។
លោកថ្លែងថា៖ «រយៈពេលប៉ុន្មានខែនេះភ្ញៀវបរទេសមកកម្សាន្តនៅខេត្តសៀមរាបមានចំនួនតិចនៅឡើយធៀបនឹងអំឡុងឆ្នាំ ២០១៩ (មិនទាន់មានវត្តមានកូវីដ ១៩) ប៉ុន្តែអ្វីៗអាចនឹងមានការប្រែប្រួលខ្លាំងនៅចុងឆ្នាំនេះ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន អំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពពាក់ព័ន្ធទៅពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជាលើការផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរជាតិ និងអន្តរជាតិ។
លោកថ្លែងថា៖ «អាកាសយានដ្ឋានថ្មីនេះនឹងតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរ និងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត»។
លោកបន្តថា៖ «ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រូវតែពិចារណាដល់ការលើកកម្ពស់សេវាកម្មនានា ជាពិសេសសេវាកម្មទេសចរណ៍ឱ្យមានកម្រិតអន្តរជាតិ មានន័យថា ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧ លាននាក់ ក្នុង ១ ឆ្នាំសម្រាប់ឆ្នាំ ២០២៣ និងឈានទៅទទួលអ្នកដំណើរ ១២ លាននាក់ក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០៤០។
ជាមួយគ្នានេះវាអាចផ្ទុកទំនិញតាមផ្លូវអាកាសបាន ១០ ០០០ តោន ក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបាន ៦៥ ៨០០ ជើងក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើងក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ២០៤០។
ទិន្នន័យពីគ្រឹះស្ថានអង្គរបានឱ្យដឹងថា ចាប់ពីខែមករា-កញ្ញា ឆ្នាំ ២០២៣ មានភ្ញៀវបរទេសចំនួន ៥៣៩ ៥៦១ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រាក់បានពីការលក់សំបុត្រមានចំនួន ២៤,៩៥ លានដុល្លារ កើន ៣០២,២ ភាគរយ និង ៣៦៥,៤២ ភាគរយព្រមគ្នាបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ៥០១ ៩៨១ នាក់ កើនឡើង ២៥០,៨ ភាគរយធៀបរយៈពេល ៨ខែឆ្នាំ ២០២២ ដែលមាន ៩៩៨ ២៧២ នាក់។ យ៉ាងណាចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (កំណត់ត្រាភ្ញៀវបរទេសច្រើនបំផុត) គឺនៅទាបជាង ១៩,៧ ភាគរយ។
ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេ គឺចំនួន ១ ១៨៦ ៩៩៩ នាក់, វៀតណាម ៦៤១ ៧៥៨ នាក់, ចិន ៣៦៤ ៨៤៤ នាក់, និងឡាវ ២១២ ៩៨៤ នាក់ និងប្រទេសមួយចំនួនទៀតដូចជា អាមេរិក, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, និងបារាំង ជាដើម។ នេះបើតាមក្រសួងទេសចរណ៍៕