ភ្នំពេញៈ គម្រោង​ហា​វែ​ស III កំពុង​គាំទ្រ និង​ជំរុញ​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ ដែល​ធន់​នឹង​អាកាសធាតុ តាមរយៈ​ថាមពល​សូ​ឡា ជី​ធ្យូង​អង្កាម​នៅតាម​ខេត្ត​ជាប់​បឹង​ទន្លេសាប ដើម្បី​បង្កើន​ការកែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​របស់​ក្រុមហ៊ុន និង​សហគ្រាស​កែច្នៃ​ដែលជា​ដៃគូ​របស់​គម្រោង​ហា​វែ​ស III​។

​កាលពី​ចុង​សប្តាហ៍​មុន គម្រោង​ហា​វែ​ស III បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ក្រុម​ការងារ​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​​ដោយ​ចីរភាព​នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ទៅកាន់​ទីតាំង​ចំនួន​ ១៣ ដែលជា​ដៃគូ​គម្រោង​ចំនួន ​១១ ​ក្រុមហ៊ុន បាន​អនុវត្ត​សកម្មភាព​នៅក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍​សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គម្រោង​ហា​វែ​ស III នៅ​ថ្ងៃទី​ ៩ ខែតុលា​។​


​សេចក្តីប្រកាស​បន្តថា នៅក្នុង​ដំណើរ​​ទស្សនកិច្ច​នេះ ក្រុមការងារ​បាន​សិក្សា​ពី​អត្ថ​​ប្រយោជន៍​ដែល​កសិករ​ខ្នាតតូច​ទទួលបាន​តាម​រយៈ​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ ដែល​ធន់​នឹង​អាកាសធាតុ​។ ក្រុមហ៊ុន​ទាំង​ ១១ ដែល​ស្ថិតនៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​៥ ដែលជា​ដៃគូ​របស់​គម្រោង​ហា​វែ​ស ​III និង​កំពុង​អនុវត្ត​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ ដែល​ធន់​នឹង​អាកាស​ធាតុ​នេះ​រួមមាន​៖ ក្រុមហ៊ុន​សូ​ជី​, ក្រុមហ៊ុន​ពេជ្រ​ចិ​ន្ត្រា​ហ៊ូ​ត​ប្រូ​ដាក់​សិន​, សហគមន៍​កសិកម្ម​ពន្លឺ​ថ្មី​ពេជ្រ​ចិន្តា​, ក្រុមហ៊ុន​ណាវី​តា​, រោង​ម៉ាស៊ីនកិនស្រូវ​តាំង​អៀង​ហួត​, ក្រុម​ហ៊ុន​មិ​សុ​តា​, ក្រុមហ៊ុន​ Argosolar, ​ក្រុមហ៊ុន ​Husk, សិប្បកម្ម​គ្រឿង​ហ្លួង​, ក្រុម​ហ៊ុន Agri House និង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ​។​

​អ្នកស្រី ​អ៊ិន ឡៃ​ហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ បានឱ្យដឹង​នៅ​ថ្ងៃទី ​៩ ខែតុលា​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមការងារ​ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៃ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក និង​ក្រុមការងារ​របស់​គម្រោង​ហា​វែ​ស III បាន​ណែនាំ​ឱ្យ​សិប្បកម្ម ងាក​ទៅប្រើ​ប្រាស់​ថាមពល​សូ​ឡា សម្រាប់​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម ក្នុង​សិប្បកម្ម ដែលជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាស​របស់​សហគ្រាស​ក្នុងស្រុក​។


​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ទទួលបាន​កញ្ចប់​ថវិកា​ពី​គម្រោង​ហា​វែ​ស​នេះ ចំនួន​២​ដង​រួចមកហើយ ដោយ​កាលពី​គម្រោង​ហា​វែ​ស II ទទួលបាន ​៦ ​ម៉ឺន​ដុល្លារ ខណៈដែល​គម្រោង​ហា​វែ​ស III នេះ ទទួលបាន​ប្រមាណ​ ១០ ​ម៉ឺន​ដុល្លារ សម្រាប់​កិច្ច​ដំណើរ​អភិវឌ្ឍន៍​ផលិតកម្ម សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការនាំ​ចេញទៅ​ក្រៅប្រទេស​។ អ្នកស្រី ឡៃ​ហួត បញ្ជាក់ថា​៖ «​មុននឹង​ខាង​គម្រោង​គេ​ណែនាំ​ឱ្យប្រើ​​ប្រាស់​ថាមពល​សូ​ឡា ជី​ធ្យូង​អង្កាម​នេះ យើង​បាន​ទិញ​ត្រង់​ស្វូ​រ ពី​ខាង​ EDC រួចទៅហើយ​។

​ការពិត​យើង​ក៏​ចង់​ងាក​ទៅប្រើ​ប្រាស់​ថាមពល​ណា ដែល​ជួយ​ដល់​ភាព​ធន់​នឹង​អាកាសធាតុ​ដែរ ព្រោះថា អ្នកបញ្ជា​ទិញ​យើង គឺ​ខាង​ប្រទេស​គេ​បានគិត​គូរ ខ្លាំងណាស់​លើ​សហ​​គ្រាស​ផលិត​ណា ដែល​គិតគូរ​ដល់​បរិស្ថាន​»​។ ​កញ្ញា​ សម្បត្តិ អមរៈ វិប្បស្សិនី ម្ចាស់​សិប្ប​កម្ម​គ្រឿង​ហ្លួង​ក៏បាន​ឱ្យដឹង​ដែរ​ថា សិប្បកម្ម​របស់​កញ្ញា​ទ​ទួលបាន​ហិរញ្ញប្បទាន​ពី​គម្រោង​កម្ពុជា​ហា​វែ​ស III ប្រមាណ ៧៥ ០០០ ​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុងការ​កែលម្អ​ដំណើរការ​សិប្បកម្ម ការបណ្តុះបណ្តាល​កសិក​រ និង​ការបើក​ទីផ្សារ​បន្លែ​សម្រាប់​ការនាំចេញ​។

​កញ្ញាបញ្ជាក់ថា​៖ «​គម្រោង​កម្ពុជា​ហា​វែ​ស III​ នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សហគ្រាស​ផលិត​នៅក្នុង​ស្រុក​ទាំងអស់​ជា​​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម​របស់ខ្លួន​។ សិប្បកម្ម​របស់​យើង ទទួលបាន​ការគាំទ្រ​ច្រើន​ពី​គម្រោង​នេះ ដែល​មិន​ត្រឹមតែ​ថវិកា​នោះទេ តែមាន​ទាំង​ការគាំទ្រ​លើ​បច្ចេកទេស និង​ការងារ​មួយចំនួនទៀត​ផងដែរ​»​។​

​សូមជម្រាបថា គម្រោង​កម្ពុជា​ហា​វែ​ស III (Harvest III) ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក USAID ដែលមាន​រយៈ​​ពេល​ ៥ ​ឆ្នាំ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​បង្កើន​ទុនវិនិយោគ ១៥៣ ​លាន​ដុល្លារ​ដល់​ផ្នែក​ឯកជន ហិរញ្ញប្បទាន​ទាក់ទង​ទៅនឹង​កសិកម្ម និង​ការលក់​ផលិតផល​កសិកម្ម ព្រមទាំង​អាចបង្កើត​ការងារ​បាន ៣ ២០០ ​កន្លែង​។​

Harvest III នឹងធ្វើ​ការ​ជាមួយ​អ្នក​ផលិត និង​សមាគម​អ្នក​ផលិត កសិពាណិជ្ជកម្ម អ្នកផ្តល់​សេវាកម្ម និង​បច្ចេកវិទ្យា ស្ថាប័ន​ហិរញ្ញ​វត្ថុ និង​អ្នកវិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​អភិវឌ្ឍ​កម្លាំង​ការងារ​ជំនាញ បង្កើត​ការងារ និង​ចាប់យក​ឱកាស​ទីផ្សារ​សម្រាប់​កសិករ​។

​គម្រោង​នេះ ត្រូវបាន​រំពឹងថា នឹង​ជួយ​ផ្នែក​ឯកជន​ឱ្យ​បង្កើន​ទុនវិនិយោគ​ប្រមាណ ៣៨ លាន​ដុល្លារ ទុន​សម្រាប់​ហិរញ្ញប្បទាន​ទាក់​ទង​នឹង​វិស័យ​កសិកម្ម ១៥​ លាន​ដុល្លារ និង​ការលក់​នៅតាម​កសិដ្ឋាន​នានា និង​ផ្នែក​ឯកជន​ចំនួន ១០០​ លាន​ដុល្លារ​៕