ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ​(CRF) និង​អ្នក​ក្នុង​ឧស្សាហកម្ម​ធំៗ​សង្ឃឹមថា អង្ករ​​ក្រអូប និង​អង្ករ​សរីរាង្គ​កម្ពុជា​នឹង​ទទួលបាន​ចំណែក​ទីផ្សារ​នៅ​អឺរ៉ុប​កាន់តែច្រើន បន្ទាប់ពី​មានការ​ចាប់អារម្មណ៍​ច្រើន​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ស្បៀង​អាហារ Anuga ឆ្នាំ​ ២០២៣ នៅ​ប្រទេស​អាល្លឺម៉ង់ ដែលជា​ពិព័រណ៍​ពិភពលោក​ឈានមុខ​គេ​មួយ​នៅ​អឺរ៉ុប ដោយ​បង្ហាញ​ពី​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​ ២០២២ ដល់​អ្នកទិញ និង​អ្នកប្រើប្រាស់​។​

​ដោយមាន​ការជួយ​ជ្រោ​ម​​ជ្រែង​ពី​ក្រសួងពាណិជ្ជកម្ម ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ CRF បាន​ដឹកនាំ​រោង​ម៉ាស៊ីនកិនស្រូវ​ឈានមុខ​គេ​ចំនួន ៨ និង​ក្រុមហ៊ុននាំចេញ​ទៅ​ចូលរួម​ការតាំងពិព័រណ៍​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ​៧-១១ ខែតុលា នៅ​ទីក្រុង​កូ​ឡូញ ប្រទេស​អាល្លឺម៉ង់​។ នេះ​បើ​យោងតាម​លោក ចាន់ សុ​ឃាំង ប្រធាន CRF បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែតុលា​។​


​លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ដឹកនាំ​ក្រុមហ៊ុន​ចំនួន​ ៨ ដើម្បី​ដាក់តាំង​បង្ហាញ​អង្ករ​របស់​យើង​ដើម្បី​ទាក់ទាញ​អ្នកទិញ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ស្បៀងអាហារ​អន្តរជាតិ​នៅ​ទីក្រុង​កូ​ឡូញ​នៃ​ប្រទេស​អាល្លឺម៉ង់​ដែលជា​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​។ មាន​ប្រទេស​ជាង ​២០០ ​ចូលរួម ហើយ​គេ​រំពឹងថា នឹងមាន​ពាណិជ្ជករ​ចូល​​រួម​ក្នុងការ​ផ្គូផ្គង​អាជីវកម្ម​រវាង ៣០០ ០០០-៤០០ ០០០ ឬ ៨ ០០០​ក្រុម​ហ៊ុន​បង្ហាញ​ផលិតផល​របស់​ពួកគេ​ក្នុង​រយៈពេល ៥ ​ថ្ងៃ​សម្រាប់​ពិព័រណ៍​មួយ​នេះ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យើង​ក្នុងការ​ស្វែងរក​ដៃគូ​»​។​

​លោក​បន្ថែមថា​៖ «​យើង​សង្កេតឃើញ​មាន​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​ជាច្រើន​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​។ យើង​ក៏​ធ្វើ​បទ​បង្ហាញ​អំពី​សក្ដានុពល​នៃ​វិស័យ​ស្រូវ​អង្ករ​របស់​យើង​ដែរ​។ យើង​ទទួលបាន​ការគាំទ្រ​ពី​សហគ្រាស​ខ្មែរ និង​ដោយមាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​អនុញ្ញាតឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ វា​ជា​ពិព័រណ៍​អន្តរ​​ជាតិ ដូច្នេះ​យើង​រំពឹងថា នឹង​ទាក់ទាញ​អ្នកទិញ​អង្ករ​ពី​យើង​កាន់តែច្រើន ហើយ​យើង​នឹង​រង់​ចាំមើល​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​បន្ទាប់ពី​ពិព័រណ៍​នេះ ពួកគេ​នឹង​ទាក់ទង​មក​យើង​»​។​


​លោក សុង សារ៉ន ប្រធាន និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន Amru Rice (Cambodia)​ ដែលជា​រោង​ម៉ាស៊ីនកិនស្រូវ និង​ជា​ក្រុមហ៊ុននាំចេញ​ឈានមុខ​មួយ ដែល​បច្ចុប្បន្នកំពុង​ចូលរួម​ក្នុង​ពិព័រណ៍​នេះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កម្ពុជា​ទទួលបាន​ឱកាស​ច្រើន​ក្នុង​ការបង្ហាញ​អង្ករ​ក្រអូប​គុណភាព​ខ្ពស់ និង​អង្ករ​សរី​​រា​ង្គ​ដោយផ្ទាល់​ទៅកាន់​អ្នកប្រើប្រាស់ និង​អ្នកទិញ​នៅ​អឺរ៉ុប ខណៈ​អង្ក​រទាំង​២​ប្រភេទ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​។​

​លោក​បញ្ជាក់ថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​ក្រសួង​ពា​ណិ​ជ្ជ​កម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​អនុញ្ញាតឱ្យ​យើង​បង្ហាញ​អង្ករ​ក្រអូប​របស់​យើង (​អង្ករ​ផ្កា​រំដួល​ដែល​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ​២០២២ អង្ករ​សែន​ក្រអូប​ ១ និង​អង្ករ​សរីរាង្គ​) បាន​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​នេះ ដើម្បី​ជំរុញ​ការនាំចេញ​របស់​យើង​ទៅ​អឺរ៉ុប ដែលជា​ទីផ្សារ​មាន​សក្តានុពល​ខ្ពស់​»​។​

​លោក​បាន​បន្តថា​៖«​ក្រុមហ៊ុន Amru Rice ភាគច្រើន​ផ្តោតលើ​អង្ករ​សរីរាង្គ ដោយសារតែ​យើង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុង​ទីផ្សារ​នេះ ព្រោះ​ស្តង់ដា​គុណភាព​ខ្ពស់​របស់​យើង​។ យើង​សង្ឃឹមថា ជាមួយនឹង​ស្តង់ដា​ខ្ពស់​របស់​យើង ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប និង​ប្រទេស​ផ្សេងៗ​ទៀត​»​។​

​របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៥៦ ៥៨១​ តោន ដែល​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន ៥៥ ទៅ​គោលដៅ​ចំនួន ​៥៧ ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៣២៧,៤៥ ​លាន​ដុល្លារ​។ ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ចិន និង​ហុងកុង​ចំនួន ១៥៥ ៣៦៦ ​តោន គិត​ជា​ប្រាក់​ចំនួន ៩៩,៦៥ ​លាន​ដុល្លារ ទៅ​ប្រទេស​នៅ​ទ្វីបអឺរ៉ុប ​(២៦ ​ប្រទេស​ )​បាន​ចំនួន ១៩០ ៧៨៨ ​តោន គិត​ជា​ប្រាក់​ចំនួន​ ១៣៨,៩៨​ លាន​ដុល្លារ​។​

​ខណៈ​ការនាំ​ចេញទៅ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៥ ​ប្រទេស មាន​បរិមាណ ​៤៥ ៣០៦ ​តោន គិត​ជា​ប្រាក់ ៣១,៣២​ លាន​ដុល្លារ​។

លើសពីនេះទៅទៀត​ការ​នាំចេញ​ទៅកាន់​គោលដៅ​ផ្សេងទៀត​ដូចជា​អ្រា​ហ្វិ​ក និង​មជ្ឈិមបូព៌ា ​(២៤ ​ប្រ​​ទេស​) បាន​ចំនួន ៦៦ ៣៣១​ តោន គិត​ជា​ប្រាក់​ចំនួន ៥៧,៤៩​ លាន​ដុល្លារ​។​

​ស្របពេល​ជាមួយគ្នានេះដែរ​កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ចំនួន ៣ ០៧៧ ៤១៥​ តោន គិត​ជា​ទឹកប្រាក់ ៨៦២,៣៩​ លាន​ដុល្លារ ដែល​ក្នុងនោះ​ជាង ៥៩​ ភាគរយ បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕