ភ្នំពេញៈ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លោកស្រី ជា សិរី បាន​ថ្លែងថា នៅក្នុង​ឆ្នាំនេះ ធនាគារជាតិ​នៃ​កម្ពុជា​រំពឹងថា នឹង​អាច​ភ្ជាប់​ការ​ទូទាត់ និង​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​នេះ​ជាមួយ​ប្រទេស​ចិន សិង្ហ​បុរី និង​ឥណ្ឌា​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​អនុវត្ត​ការ​ទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ចំនួន ​៣ រួចមកហើយ​។

​លោកស្រី អគ្គទេសាភិបាល បាន​ថ្លែង​បែបនេះ​នៅក្នុងពេល​លោកស្រី ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី ​«​គោ​លន​យោ​បាយ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ហិរញ្ញ​​វត្ថុ​កម្ពុជា ២០២៣-២០២៨» នៅ​រាជធានី​ភ្នំពេញ កាលពី​សប្តាហ៍​មុន​។​


​លោកស្រី ជា សិរី បាន​លើក​ឡើង​ថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញវត្ថុ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ប្រព័ន្ធ​ទូទាត់ សង​ប្រាក់​តាមបែប​ឌីជីថល ដែលមាន​ភាព​ឆាប់​រហ័ស ងាយស្រួល និង​តម្លៃ​ទាប​។

​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏បាន​ធ្វើ​បដិវត្តន៍​កម្ម​ក្នុង​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ តួយ៉ាង​បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​តាមរយៈ​ប្រព័ន្ធ​បាគង​ជាមួយនឹង​ប្រទេស​ថៃ ឡាវ និង​វៀតណាម​រួចមកហើយ​។​


​លោកស្រី បាន​បញ្ជាក់ថា​៖«​នៅ​យុគសម័យ​សកល​ភា​វូប​​នីយកម្ម​ឌីជីថល បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​បោះជំហាន​យ៉ាង​លឿន បាន​ក្លាយជា​កាតា​លី​ករ​ជំរុញ​ការ​គ្របដណ្ដប់ និង​ការតភ្ជាប់​សេដ្ឋកិច្ច និង​សង្គម​នៅ​ទូទាំង​ពិភពលោក​ឱ្យ​កាន់​តែ​ខិត​ជិតគ្នា និង​អាស្រ័យ​គ្នា​ទៅវិញទៅមក​»​។

​លោកស្រី​បាន​បន្តថា ទន្ទឹមនឹងនេះ ប្រព័ន្ធ​បាគង ក៏ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ភ្ជាប់​ការ​ទូទាត់ និង​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ក្នុង​តំបន់​ផងដែរ ដោយ​បច្ចុប្បន្ននេះ មានការ​ទូទាត់​ជាមួយនឹង​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម ហើយ​កំពុងតែបន្ត​ភ្ជាប់​ការទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ដៃគូ​ដទៃទៀត​ដើម្បី​សម្រួល​ដល់​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រា​ក់មក​ក្រុមគ្រួសារ​ដោយ​តម្លៃ​សេវា​ទាប ងាយស្រួល ឆាប់រហ័ស និង​សុវត្ថិភាព​។​

​លោកស្រី​ ជា សិរី បញ្ជាក់​បន្ថែមថា​៖«​បច្ចេកវិទ្យា​ហិរញ្ញ​​វត្ថុ​បានធ្វើ​បដិវត្តន៍​កម្ម​ក្នុង​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ទាំង​ក្នុង និង​ក្រៅប្រទេស​,​ការផ្ទេរ​ប្រាក់​ឆ្លង​​ដែន​កាន់តែ​ឆាប់រហ័ស​ជាង​មុន កម្រៃ​សេវា​ទាប និង​ប្រកបដោយ​តម្លាភាព ជាពិសេស​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​។សម្រាប់​ឆ្នាំនេះ យើង​នឹងមាន​ប្រទេស​ចិន សិង្ហ​បុរី និង​ឥណ្ឌា​»​។​

លោក អ៊ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា បាន​ថ្លែងថា ការពង្រីក​វិសាលភាព​ទូទាត់​ប្រាក់​ឆ្លងដែន​ជាមួយ​បណ្តា​ប្រទេស​នានា​នៅលើ​សកលលោក ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ដែលមាន​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយគ្នា ដោយ​កន្លងទៅ​ប្រទេស​កម្ពុជា​បានធ្វើ​ជាមួយ​ថៃ ឡាវ និង​វៀតណាម​រួចហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អេ​ស៊ី​លីដា ត្រូវបាន​រើស​ដោយ​ធនាគារជាតិ​សម្រាប់​ដៃគូ​សហ​​ប្រតិបត្តិការ​ក្នុងការ​ទូទាត់​ឆ្លង​ដែន​ជាមួយ​ប្រទេស​ឥណ្ឌា ជា​មួយ​ស្ថាប័ន​មួយ​ដែលមាន​ឈ្មោះថា NPCI international payment (NIPL) របស់​ប្រទេស​ឥណ្ឌា​តាំងពី​ខែ​ឧសភា​មកម្ល៉េះ។ វា​ជា​មោទន​ភាព​ជាតិ​មួយ​ដែល​រូបិយប័ណ្ណ​របស់​យើង​អាច​ទៅ​ទូទាត់​នៅ​ប្រទេស​ផ្សេង​ដែលជា​ដៃគូ​សហប្រតិបត្តិការ​រ​បស់​យើង​»​។​

​បើតាម​អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ទន្ទឹមនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បង្កើតឡើង​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ហិរញ្ញ​​វត្ថុ​បាន​ភ្លាមៗ​តាមរយៈ​ការ​​ស្គេ​ន QR Code បាន​យ៉ាង​ងាយស្រួល​។

​សូមបញ្ជាក់​ផងដែរ​ថា តាម​ការអះអាង​របស់​លោកស្រី ជា សិរី បច្ចុប្បន្ននេះ​ប្រព័ន្ធ​បាគង បាន​បើក​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​ដល់​ជាង​ ១០ ​លាន​នាក់ ខណៈ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ចំនួន​ប្រតិ​​ប​ត្ដិ​ការ​ក្នុង​ប្រព័ន្ធ​បាគង មាន​ជាង ៣៥ ​លាន​ ៤ ​សែន​ប្រតិបត្តិការ និង​ទំហំ​ទឹកប្រាក់​ប្រតិ​ប​ត្ដិ​ការសរុប​មាន​ចំនួន​ជាង ​១២​ ពាន់​លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៦៧​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ខណៈ​ទំហំ​ប្រាក់​ប្រតិ​ប​ត្ដិ​ការទូទាត់​ឌីជីថល​សរុប​ស្មើនឹង ​៨៩២ ​ភាគរយ​នៃ ​GDP ​ក្នុង​រយៈពេល​ដូចគ្នា​៕