ភ្នំពេញៈ ​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា ការនាំចេញ​វាយ​ន​ភណ្ឌ​វិស័យ​កាត់ដេរ ស្បែកជើង និង​សម្លៀកបំពាក់​ចេញពី​កម្ពុជា បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល ​៩ ​ខែ ឆ្នាំ​ ២០២៣ ដោយហេតុ​នៃ​ការធ្លាក់ចុះ​តម្រូវការ​សកល​នៅ​គ្រប់​ប្រទេស​គោលដៅ​នាំចេញ​ទាំងអស់​ជាពិសេស នៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​។

​យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា នៅក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ ការនាំចេញ​សម្លៀកបំពាក់​បាន​ថយចុះ ជាង​១៧​ភាគរយ​,​ស្បែកជើង និង​ភាគ​បំណែក​ស្បែកជើង ថយចុះ​ជាង​២៥​ភាគរយ​,​កាបូប ថយចុះ​ជាង​១៣​ភាគរយ និង​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងទៀត​ថយចុះ​ជាង​៧​ភាគរយ​។​


​របាយការណ៍​បាន​បញ្ជាក់ថា រយៈពេល​៩​ខែ​នេះ ការនាំចេញ​សម្លៀកបំពាក់​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ជាង​៥៩២៩ លាន​ដុល្លារ​,​ស្បែកជើង និង​ភាគ​បំណែក​ស្បែកជើង សម្រេចបាន​ជាង​៩៩១​លាន​ដុល្លារ​, ផលិតផល​កាបូប បាន​ជាង​១២២៣​លាន​ដុល្លារ និង​ផលិតផល​វាយ​ន​ភណ្ឌ​ផ្សេងទៀត​សម្រេចបាន​ជាង​៣២៥​លាន​ដុល្លារ​។​

​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា តម្លៃ​នាំចេញ​វិស័យ​កាត់ដេរ ដែល​បាន​ធ្លាក់ចុះ​នេះ គឺ​បង្ហាញ​ពី​ការធ្លាក់ចុះ​តម្រូវការ​សកល​នៅ​គ្រប់​ប្រទេស​គោលដៅ​នាំចេញ​ទាំងអស់​ជាពិសេស នៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​។


​លោក បាន​អះអាងថា ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល នៅមាន​ល្បឿន​យឺត និង​នៅមាន​ភាពមិនប្រាកដប្រជា​ជាពិសេស​នៅ​ប្រទេស​គោលដៅ​នាំចេញ​របស់​កម្ពុជា ហើយ​ការធ្លាក់ចុះ​ជា​និន្នាការ​សកល​មិនមែន​តែ​កម្ពុជា​ទេ តែ​ជា​បញ្ហា​តំបន់ និង​ពិភពលោក​។

​លោក​បាន​បញ្ជាក់ថា​៖«​តម្រូវ​ការបញ្ជាទិញរ​បស់​ពិភពលោក​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២៣ នេះ​។ ការធ្លាក់ចុះ​ការនាំចេញ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​រោងចក្រ​សហគ្រាស និង​ការងារ​បងប្អូន​កម្មក​រ និយោជិត​មួយចំនួន ដោយ​ការព្យួរ​កិច្ចសន្យា ការងារ​ដោយ​ផ្នែក និង​រយៈពេល​ខ្លី​ណាមួយ​។ ដើម្បី​ជួយ​រក្សា លំនឹង​អាជីវកម្ម ក៏ដូចជា​ជួយ​រក្សា​លំនឹង​ជីវភាព​បងប្អូន​កម្មករ រាជរដ្ឋាភិបាល​នៅ​បន្ត​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​បងប្អូន​កម្មករនិយោជិត​ដែល​ប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​សកល​នេះ​»​។​

​លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការធ្លាក់ចុះ នៅក្នុង​វិស័យ​កាត់ដេរ ជាពិសេស​ផ្នែក​ផលិតផល​ស្បែកជើង​មានការ​ធ្លាក់ចុះ​ច្រើនជាងគេ គឺ​ជាង​២៥​ភាគរយ​នេះ មិនមែន​បណ្តាលមកពី​កត្តា​ក្នុងស្រុក​នោះទេ តែ​មូលហេតុ​គឺ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖«​កត្តា​សំខាន់​ជាងគេ​បំផុត ដែលនាំឱ្យ​មានការ​ធ្លាក់​ចុះ​នេះ គឺ​កត្តា​ពិភពលោក មានន័យថា ស្ទើរតែ​គ្រប់​ប្រទេស​ទាំងអស់​មាន​ចំណូល​ធ្លាក់ ហេតុនេះហើយ​ធ្វើឱ្យ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុប នៅ​អាមេរិក និង​ប្រទេស​មួយចំនួនទៀត​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន កាត់បន្ថយ​ការប្រើប្រាស់​មិនចាំបាច់ ដូចជា​ស្បែកជើង កាបូប ជាដើម​»​។​

​លោក​បាន​បន្ថែមថា កត្តា​មួយទៀត​ដែល​បានធ្វើឱ្យ​ការនាំចេញ​វិស័យ​កាត់ដេរ​ធ្លាក់ចុះ​ដែរនោះ គឺ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ បែរជា​កើតមាន​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក ជាទី​ផ្សារ​ធំ​សម្រាប់​កម្ពុជា​។​

​លោក លី ឃុន​ថៃ បាន​បញ្ជាក់ថា​៖ «​សមាគម មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ ចំពោះ​ការធ្លាក់ចុះ​នេះ ខណៈដែល​បច្ចុប្បន្ន សមាគម​កំពុង​ខិតខំ​ស្វែងរក​អ្នកបញ្ជា​ទិញ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​ឡើងវិញ​នាពេលខាងមុខ​»​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា តាម​របាយការណ៍​ថ្មី​មួយ​របស់ IMF ចេញផ្សាយ​ក្នុង​ខែតុលា​នេះ សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​បាន​ធ្លាក់ចុះ ពី​កំណើន ២,២​ភាគរយ ក្នុង​ឆ្នាំ​២០២២ មក​ត្រឹម ១,៥​ភាគរយ ក្នុង​ឆ្នាំ​២០២៣​នេះ និង​បន្ត​ថយចុះ​មក ត្រឹម ១,៤​ភាគរយ នៅ​ឆ្នាំ​២០២៤​ខាងមុខ ដែលនាំឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​គ្រប់​ប្រទេស​ទាំងអស់​ដែល​នាំចេញ ផលិតផល​កាត់ដេរ​។ ជាក់ស្ដែង​ប្រទេស​វៀតណាម​៦​ខែ​ដើមឆ្នាំ​២០២៣ មានការ​ធ្លាក់ចុះ​១៥,៧​ភាគរយ​, ឥណ្ឌូនេស៊ី ធ្លាក់​១៩,២​ភាគរយ​, ស្រីលង្កា​ធ្លាក់​១៤,៦​ភាគរយ ហើយ​ពិភពលោក​ទាំងមូល​ធ្លាក់ចុះ ១៣,៥​ភាគរយ​៕