កាលពី​ថ្ងៃ​ចន្ទ តម្លៃ​មាស​បាន​កើនឡើង​ដូច​ការរំពឹងទុក ដោយបាន​ឡើង​យ៉ាង​រហ័ស​ដល់​តម្លៃ ១៨៦៣,៤៦ ដុល្លារ (​ក្នុង​មួយ​អោន​ស៍​) កើនឡើង​ប្រហែល ៤០ ​ដុល្លារ បើ​ធៀប​នឹង​តម្លៃបិទ​ផ្សារ​សប្តាហ៍​មុន​។ បន្ទាប់ពី​បាន​បង្កើត​តម្លៃ​ខ្ពស់​ជាថ្មី​នៅ ១៨៦៥,៤១​ដុល្លារ នៅ​ថ្ងៃ​អង្គារ មាស​បាន​ប្រែប្រួល​នៅ​តម្លៃ​ប្រហែល ១៨៥៩​ ដុល្លារ គិត​ត្រឹម​ថ្ងៃ​ពុធ​។​


ការកើនឡើង​នេះ គឺ​ដោយសារ​មាន​បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ហា​ម៉ាស់ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន និង​ការចុះ​ខ្សោយ​នៃ​ប្រាក់​ដុល្លារ​។ ជាទូទៅ នៅពេល​ដែល មាន​សង្គ្រាម​ធំៗ វិនិយោគិន​មាន​ទំនោរ​លក់​ភាគហ៊ុន និង​ទិញ​មាស​ទុក​វិញ ដែល​ធ្វើឱ្យ​តម្រូវការ​មាស​កើនឡើង​។

ម្យ៉ាងវិញទៀត សារព័ត៌មាន KITCO កាលពី​ថ្ងៃ​អង្គារ បាន​រាយការណ៍​ថា មាស​ត្រូវបាន​គាំទ្រ​ដោយ​ភាពទន់ខ្សោយ​​នៃ​ប្រាក់​ដុល្លារ និង​ការធ្លាក់ចុះ​នៃ​ទិន្នផល​នៃ​ប័ណ្ណ​រតនាគារ​រយៈពេល ​១០ ​ឆ្នាំ​។ លើសពីនេះ សមាជិក​របស់​ធនាគា​រ​កណ្ដាល​អាមេរិក លោក Raphael Bostic បាន​ឆ្លើយតប​នឹង​សំណួរ​ទាក់ទង​នឹង​ការដំឡើង​អត្រា​ការប្រាក់​នៅ​ឆ្នាំនេះ​ថា​៖«​ខ្ញុំ​ពិតជា​មិន​គិតថា យើង​ត្រូវ​ការដំឡើង​អត្រា​ការប្រាក់​ទៀត​ទេ​» ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​របស់​គាត់​ថា ធនាគារកណ្តាល​លែង​ត្រូវការ​ដំឡើង​អត្រា​ការប្រាក់​ទៀតហើយ ក៏ដូច​ជា​កត្ដា​ដែល​ធ្វើឱ្យ​តម្រូវ​ការប្រាក់​ដុល្លារ​ធ្លាក់ចុះ​ផងដែរ​។​


​តាម​លក្ខណៈ​បច្ចេកទេស​វិញ គិត​ត្រឹម​ថ្ងៃ​ពុធ តម្លៃ​មាស​ស្ថិតក្នុង​ចន្លោះ​ពី ១៨៤៥ ទៅ ១៨៧០ ដុល្លារ (​ក្រាប​តម្លៃ​រយៈពេល​ ១​ ម៉ោង​) ខណៈដែល​ទីផ្សារ​រំពឹងថា និន្នាការ​បច្ចុប្បន្ន​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​តែប៉ុណ្ណោះ​។

ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ កម្រិត​តម្លៃ​ខ្ពស់ (Resistance) របស់​មាស អាច​នឹង​ទៅដល់ ១៨៨០ និង ១៩០០ ដុល្លារ​៕

ការ​ផ្ទេរ​ដើម​ម្រេច​​ពី​ជន្លង់​ឈើ​ងាប់ មក​​កាន់​ដើមច្រេសជា​ជន្លង់​ឈើរស់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម