ភ្នំពេញៈ ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន​ ២ បាន​ប្តេជ្ញា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើន​ទុនវិនិយោគ​ប្រមាណ ៣ ៦០០​ លាន​ដុល្លារ​អាមេរិក ដើម្បី​ជាការ​រួមចំណែក ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដោយ​ផ្តោតលើ​វិស័យ​ថាមពល​ហ្គាស និង​វិស័យ​ហិរញ្ញវត្ថុ​។​

​ក្រុមហ៊ុន​ចិន​ទាំង ​២​ នោះ​រួមមាន​ក្រុមហ៊ុន CMEC ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន SINOMACH ដែល​គ្រោង​នឹង​សហការ​វិនិយោគ​រួមជាមួយ​ក្រុមហ៊ុន​កម្ពុជា​ចំនួន​ ២​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣ ០០០​លាន​ដុល្លារ​អាមេរិក លើ​វិស័យ​ថាមពល​ផលិត​ហ្គាស និង​ក្រុមហ៊ុន China Datang Corporation Ltd. ដែល​គ្រោង​នឹង​បង្កើន​ការវិនិយោគ​លើ​គម្រោង​ក្នុង​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់​។​


​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ប្រធាន​ក្រុមហ៊ុន​នីមួយៗ ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នា​​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងអំឡុង​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​ក្នុង ​«​វេទិកា​ខ្សែ​​ក្រវាត់ និង​ផ្លូវ លើក​ទី​៣» នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​កាល​ពីថ្ងៃ​ទី ​១៦ ខែតុលា ឆ្នាំ​ ២០២៣​។​

​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាម​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត នា​ជំនួប​នោះ លោក ចូ​វ ឡី (Zou Lei) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន China Datang Corporation Ltd. បាន​លើកឡើងថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី ​៦ បាន​គាំទ្រ​ដល់​ការវិនិយោគ​របស់​ក្រុម​​ហ៊ុន​នៅ​កម្ពុជា លើ​គម្រោង​ចំនួន​ ២ គឺ​ទី​១ គម្រោង​វា​រី​អគ្គិសនី​អានុភាព ១២០ មេ​ហ្គា​វ៉ា​ត់ និង​គម្រោង​ខ្សែ​បញ្ជូន និង​ទី​ ២ ​អនុ​ស្ថានីយ​តង់ស្យុង​ខ្ពស់ ពី​ភ្នំពេញ​-​បាត់ដំបង ប្រវែង​ ២៩០ គី​ទ្បូ​ម៉ែត្រ​។


​លោក​អះអាងថា ក្រុមហ៊ុន​លោក​ប្តេជ្ញា​ក្នុងការ​បង្កើន​ទុន​វិ​និ​យោគ​ចំនួន​ ៦០០ លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត លើ​គម្រោង​ក្នុង​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលខ្យល់ ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧​។​

​ដោយឡែក​នៅ​ថ្ងៃទី ​១៧ ​តុលា ឆ្នាំ​ ២០២៣​ លោក ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​លោក វ័ង ប៉ូ (Wang Bo) ប្រធាន​ក្រុម​​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន CMEC ចូលជួប​ពិភាក្សា​ការងារ ដោយ​ក្នុងជំនួប​នេះ លោក វ័ង ប៉ូ (Wang Bo)​ បាន​លើកឡើងថា នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​បន្ត​ទៅមុខ ក្រុមហ៊ុន CMEC គ្រោង​នឹង​សហការ​វិនិយោគ​រួមជាមួយ ក្រុមហ៊ុន​កម្ពុជា​ចំនួន​ ២ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៣ ០០០ លាន​ដុល្លារ​អាមេរិក លើ​វិស័យ​ថាមពល​ហ្គាស​។

តាមរយៈ​ជំនួប លោក ​វ័ង ប៉ូ​ បាន​អះអាងថា​៖ «​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន CMEC សង្ឃឹម​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី កម្ពុជា​ពិតជា​នឹងមាន​ការរីកលូតលាស់​ជឿន​​លឿន​ថែមទៀត ហើយ​ដែល​នេះ​ក៏​ជា​កត្តា​ទាក់ទាញ​គួរ​ជាទី​ទុកចិត្ត​សម្រាប់​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​»​។​

​ក្រោយ​ជំនួប​ទាំងនេះ លោក ​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​អំពី​ការគាំទ្រ និង​ការលើកទឹកចិត្ត​ចំពោះ​គម្រោង​វិយោគ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​ទាំង​ ២​ នេះ នៅ​ប្រទេស​កម្ពុជា ជាពិសេស​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​បច្ចេកវិទ្យា និង​ថាមពល​កកើត​ឡើងវិញ​ដោយ​ក្នុងន័យនេះ​លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ ដែល​អាចជួយ​ពង្រឹង​បន្ថែមទៀត​ដល់​ប្រសិទ្ធភាព និង​ការប្រកួតប្រជែង​ផ្នែក​តម្លៃ​។

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​គម្រោង​វិនិយោគ​បន្ថែមទៀត​របស់​ក្រុមហ៊ុន​ទាំង ​២ ​នេះ គឺជា​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ទៅមុខ​»​។​

​តាមរយៈ​ជំនួប​រវាង លោក​ ហ៊ុន ​​ម៉ា​ណែ​ត​ ជាមួយ​បណ្តា​ក្រុមហ៊ុន​ចិន​ជាច្រើន​នេះដែរ លោក គិ​ន ភា ប្រធាន​វិទ្យា​សា្ថ​ន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ថា វា​នឹង​នាំមក​នូវ​ការវិនិយោគ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ដ៏​មាន​សារៈសំខាន់​បន្ថែមទៀត​សម្រាប់​កម្ពុជា​។

​លោក​បន្ថែមថា គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​ថ្មី​នេះ គឺ​ផ្តោត​សំខាន់​លើ​ការទូត​សេដ្ឋ​កិច្ច ជា​ហេតុដែល​ធ្វើឱ្យ​រាល់ពេល​ជំនួប​ទាំង​ក្នុង និង​ក្រៅប្រទេស​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ថ្មី​នេះ​តែងតែមាន​ជានិច្ច​នូវ​របៀបវារៈ​សេដ្ឋកិច្ច វិនិយោគ​ពាណិជ្ជកម្ម និង​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​។

លោក​បានលើកឡើង​ដូច្នេះ​ថា​៖ «​តាម​​រយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ យើង​មាន​សុទិដ្ឋិនិយម​សម្រាប់​ការវិល​​ត្រឡប់​ជាថ្មី​នៃ​អ្នក​វិនិយោគិន​ចិន​មកកាន់​កម្ពុជា ក៏ដូចជា​ការ​វិនិយោគ​ថ្មីៗ​នៃ​សហគ្រាស​វិ​និ​យោគ​របស់​ចិន​ផងដែរ​។ យើង​ក៏​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ នឹង​កាន់តែ​ធំ​ឡើង​ថែមទៀត ជាពិសេស​យើង​ចង់ឃើញ​ការវិនិយោគ​របស់​ចិន​ជាការ​វិនិយោគ​បែប​លក្ខណៈ​ជាការ​​ផ្ទេរ​បច្ចេកវិទ្យា​,​វិនិយោគ​មាន​លក្ខណៈ​យូរអង្វែង ដោយ​ប្រើ​​ប្រាស់​កម្លាំង​ពលកម្ម និង​វត្ថុ​ធាតុ​​ដើម​ក្នុងស្រុក​»​។​

​សូម​បញ្ជាក់ដែរថា លោក​ ហ៊ុន​ ម៉ា​ណែ​ត ក្រៅពី​ជួប​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ​ទាំង ២​ នោះ​ហើយ លោក​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​ធំៗ​ជាច្រើន​ទៀត ដូចជា​៖​ក្រុមហ៊ុន Genertec International Holding Co., Ltd., ធនាគារ​ចិន​​គ្រុប /BOC Group, ​ក្រុមហ៊ុន Charoen Pokphand Group (CP Group),​ ក្រុមហ៊ុន China Metro Group,​ ក្រុមហ៊ុន China Railway Construction Corporation (CRCC)​ ជាដើម ដោយ​លោក​រំពឹងថា ក្រុមហ៊ុន​ទាំងនេះ​នឹង​បង្កើន​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែមទៀត​៕