​ភ្នំពេញៈ ធុរជន និង​ភ្ញៀវ​ទេ​សចរ​កម្ពុជា និង​សិង្ហ​បុរី ចាប់ពីពេលនេះ​តទៅ​គឺអាច​ប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុក​ជា​ប្រាក់រៀល​ខ្មែរ​នៅ​ព្រលានយន្តហោះ Changi Airport ប្រទេស​សិង្ហ​បុរី បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ និង​ក្រុមហ៊ុន Travelex ជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ឈាន​មុខ​គេ​សម្រេចបាន​ភាពជា​ដៃគូ​ជាមួយគ្នា​។​

​យោងតាម​ការប្រកាសរ​បស់​ក្រុមហ៊ុន Travelex កាលពី​ថ្ងៃទី​ ១៦ ខែតុលា ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ជួញដូរ​ប្រាក់រៀល​ខ្មែរ​នៅ​ស្ថានីយ​អ្នកដំណើរ​ទី​២ និង​ទី​៣ នៃ​ព្រលានយន្តហោះ Changi ដែលជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ី និង​ជា​ច្រកចូល​មកកាន់​ប្រទេស​កម្ពុជា​។​


​ចាប់តាំងពី​ឆ្នាំ​ ២០២២ ទាំង​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ​(Cambodia Angkor Air)​ និង​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា អ៊ែរ​វេ (Cambodia Airways)​ បានធ្វើការ​ហោះហើរ​រវាង​ប្រទេស​កម្ពុជា និង​ព្រលានយន្តហោះ Changi រួចហើយ​។​

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា អតិថិជន​នឹង​អាច​ទិញ និង​លក់​ប្រាក់រៀល​កម្ពុជា​នៅ​ព្រលានយន្តហោះ Changi ជា​ថ្នូរ​នឹង​រូបិយប័ណ្ណ​ជាច្រើន​ដូចជា ដុល្លារ​សិង្ហ​បុរី ដុល្លារ​អាមេរិក ដុល្លារ​អូស្ត្រាលី ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន​ជប៉ុន​។​


​ក្រុមហ៊ុន​បញ្ជាក់ថា​៖ «​ការវិនិយោគ​របស់​ក្រុមហ៊ុន Travelex លើ​ប្រាក់រៀល​ខ្មែរ និង​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ជួញដូរ​រូបិយប័ណ្ណ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​របស់​អាស៊ី តំណាងឱ្យ​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​សម្រាប់​រូបិយប័ណ្ណ​។ ការជួញដូរ​របស់​ក្រុមហ៊ុន Travelex មានន័យថា ប្រាក់​រៀល​នាពេលនេះ​អាច​រកបាន​ដើម្បី​ជួញដូរ​ជាមួយ​រូបិយប័ណ្ណ​ផ្សេងទៀត​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ ជា​លើកដំបូង​»​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​លោក Dragon Wang នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន Travelex Asia បានឱ្យដឹងថា ជាមួយនឹង​ភាពជា​ដៃគូ​នេះ អ្នកដំណើរ​ប្រទេស​ទាំង ​២ ​អាចធ្វើ​ការប្តូរ​ប្រាក់​ជា​ប្រាក់រៀល​នៅ​ព្រលានយន្តហោះ​នេះ​បាន​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តី​រីករាយ​ដែល​គាំទ្រ​រូបិយប័ណ្ណ​ជាតិ​របស់​កម្ពុជា និង​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​តាមរយៈ​ការជំរុញ​ឱ្យមាន​ការប្តូ​រ​ប្រាក់​រៀល​នៅ​ព្រលានយន្តហោះ Changi​។ ការផ្តល់​ប្រាក់រៀល​នៅ​ព្រលាន​យន្ត​ហោះ Changi ជា​លើកដំបូង និង​សំខាន់បំផុត និង​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកធ្វើដំណើរ​ទាំង​ទៅ និង​មកពី​ប្រទេស​កម្ពុជា កាន់​​តែមាន​ភាពងាយស្រួល​ក្នុងការ​ប្តូរ​ជា​ប្រាក់រៀល​។ យើង​ពិត​ជាមាន​មោទន​​ភាព​ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​របស់​ប្រទេស​កម្ពុជា ក្នុងការ​បង្កើន​ការប្រើប្រាស់ និង​លទ្ធភាព​ចរាចរណ៍​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ​(MAS)​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) លើ​គំនិត​ផ្តួចផ្តើម​អំពី​ការផ្តល់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល​ចាំបាច់​នានា​សម្រាប់​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ឆ្លងដែន និង​ពាណិជ្ជកម្ម​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម ​(SMEs) រវាង​ប្រទេស​ទាំង ​២​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​រួម​កាលពី​ថ្ងៃទី ​១១ ខែកក្កដា ដែល​ចេញផ្សាយ​ដោយ​ធនាគារកណ្តាល​ប្រទេស​ទាំង ​២​។​

​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សិង្ហ​បុរី អាចធ្វើ​ការវាយតម្លៃ​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​សម្រាប់​អា​ជីវ​កម្ម​ឆ្លងកាត់​ព្រំដែន​របស់​ម្ចាស់ SME របស់​សិង្ហ​បុរី​ជាមួយ SME កម្ពុជា អាច​ប្រើប្រាស់ ដើម្បី​ទទួលបាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​។ ដូចគ្នានេះដែរ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​គាំទ្រ​ SMEs របស់ខ្លួន​ក៏​អាច​ទទួលបាន​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​ពី​ម្ចាស់ ​SMEs របស់​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ក្នុង​រយៈពេល ៨ ខែ ឆ្នាំ​ ២០២៣ សម្រេចបាន ១,១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧៨,៣​ ភាគរយ​បើ​ធៀប​រយៈ​ពេល ៨​ ខែ ឆ្នាំ ​២០២២៕