ភ្នំពេញៈ​ ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅមុន​ដំណាច់ឆ្នាំ​២០២៣ នេះហើយ ខណៈ​គិត​មកដល់ពេលនេះ​ មាន​អាជីវករ​ប្រហែល ៧០​ ភាគរយ​បានមក​ចុះឈ្មោះ​អាជីវកម្ម​រួចរាល់​។​

​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី បានចាប់ផ្តើម​សាងសង់​ក្នុង​២០២២ លើ​ផ្ទៃដី​ជាង ២០​ ហិកតា ដោយ​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី ប្រទេស​ចិន​។ គម្រោង​នេះ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​សាងសង់​រួច​ដំណាក់កាល​ទី​១ ហើយ​ដែលមាន​ស្តង់​លក់ដូរ ចំនួន ៦០០០ ​ស្តង់​។​


​ក្នុងអំឡុងពេល​ចុះទៅពិនិត្យ​មើល​ពី​វឌ្ឍនភាព​សំណង់​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ហៅថា ផ្សារ​ដើម​គរ​ថ្មី ជាមួយ​លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែតុលា​កន្លងមក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយថា នៅពេល​បើក​ដំណើរការ​ផ្សារ​នេះ​នឹង​ក្លាយជា​កន្លែង​បោះ​ដុំ​ទំនិញ​ក្នុងស្រុក និង​ក៏​អាចមាន​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស​ផងដែរ​។ ទំនិញ ​ដែល​ដាក់តាំង​លក់​នៅ​ទីនោះ​អាចមាន​ចម្រុះ​ជាច្រើន​មុខទំនិញ ។​

​លោក​ថ្លែងថា​៖«​ផ្សា​របោះ​ដុំ​នេះ​សំដៅ​ដល់​កន្លែង​បោះ​ដុំ​បន្លែ សម្ភារ គ្រឿងសង្ហារិម​... ។​ល​។​ ដែល​ការបោះ​ដុំ​នេះ​គឺអាច​យកមក​ពី​ប្រទេសជិតខាង​ក៏ដូចជា​ប្រទេស​ចិន ដើម្បី​យកមក​បោះ​ដុំ និង​ចែកចាយ​ជូន​បណ្តា​ខេត្ត​ទាំង ២៤​។ ទីតាំង​នេះ​គឺ​សមរម្យ​បំផុត​»​។​


​លោក​បន្ថែមថា ផ្សារ​នេះ​ក៏​នឹង​ជួយ​រំលែក​បងប្អូន​អាជីវករ​ពីលើ​ផ្លូវ​ព្រះ​មុនី​រ៉េត​(​ផ្សារ​ដើម​គរ​) ដែល​បង្ក​ឱ្យ​បាត់​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត Wang Wen Tian បាន​អបអរសាទរ ចំពោះ​គម្រោង​វិនិយោគ​ផ្សា​របោះ​ដុំ​ដ៏​ធំ​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ ដោយ​បញ្ជាក់ថា នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​យុទ្ធសាស្ត្រ​ត្បូង​ពេជ្រ កម្ពុជា​-​ចិន ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំង​២ ។​

​តំណាង​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី បានឱ្យដឹងថា នៅ​ខែ​១២(​ខែធ្នូ​) ក្រុមហ៊ុន​នឹង​រៀបចំ​ប្រគល់​តូប​ទៅដល់​ម្ចាស់​អាជីវកម្ម ដើម្បីឱ្យ​ពួកគាត់​ចូលមក​រៀបចំ​តូប​រៀងៗ​ខ្លួន​ក្នុង​លើ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ ក្នុងនោះ​២​ឆ្នាំ​ដំបូង​គឺ​មិន​គិត​តម្លៃ​ជួល​ឡើយ​។ នេះ​ជា​ផ្សារ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អាច​ផ្ទុកទំនិញ​បាន ៦០ ០០០​តោន ហើយ​នឹងមាន​ផលិតផល​ក្នុងស្រុក​(​កម្ពុជា​) និង​ផលិតផល​នាំចូល​ពី​ប្រទេស​នានា ពិសេស​ប្រទេសជិតខាង​ដូចជា ចិន វៀតណាម និង​ថៃ ជាដើម​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២៣ នេះ​កម្ពុជា​បាន​នាំចេញ​កសិផល​ប្រមាណ​ជាង ៥,៥​លាន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​(៧១​ប្រទេស​) ដោយ​ទទួលបាន​ចំណូល​ជាង ៣,២១​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​កសិផល​ដែល​បាន​នាំចេញ​ទាំងអស់ គឺ​ការនាំចេញ​អង្ករ​មាន​ចំនួន​ជាង ៤៥​ម៉ឺន​តោន​, ស្រូវ​ជាង ១,៨​លាន​តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន​ជាង ៣,៣ លាន​តោន ដោយបាន​នាំចេញ​ទៅកាន់ ៧១​ប្រទេស​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់ GDCE ចេញផ្សាយ​ក្នុង​ថ្ងៃទី​១០ ខែតុលា​បង្ហាញថា រយៈពេល ៩​ ខែ​ ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ឆ្នាំ​២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា ​ជាមួយនឹង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​មានទឹក​ប្រាក់​ស​រុ​ប ៣៥ ១៦២,៤៤​ លាន​ដុល្លារ ធ្លាក់ចុះ ៣,៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ ក្នុង​ចំនួន​នេះ គឺ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ១៦ ៩៤៥,៨​ លាន​ដុល្លារ ធ្លាក់ចុះ ០,៨​ ភាគរយ និង​ទំនិញ​នាំចូល​មាន​ទឹកប្រាក់ ១៨ ២១៦,៦៤ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,៩​ភាគរយ​។ ផ្អែក​តាម​ស្ថិតិ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ១ ២៧០,៨៤​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២ កម្ពុ​ជាមាន​ឱនភាព​រហូតដល់ ២ ២៨៥,៩២​លាន​ដុល្លារ​៕