​ភ្នំពេញៈ ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់ ជា​ពិ​​សេស​ប្រទេស​ចិន បាន​ជះ​ផល​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​របស់​អាស៊ាន រួមទាំង​កម្ពុជា​។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) បានកែតម្រូវ​ការ​ព្យាករ​កំ​​ណើ​ន​សេដ្ឋកិច្ច​របស់​អាស៊ាន​មក​នៅត្រឹម ៤,២ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២៣ និង ៤,៦​ ភាគរយ​ នៅ​ឆ្នាំ ​២០២៤ ដោយ​ថយចុះ​ក្នុង​អត្រា ០,៤​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ និង ០,៣ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២៤ ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែមេសា ខណៈ​កំណើន​សេដ្ឋកិច្ចកម្ពុជា ថយ​មក​ត្រឹម​ ៥,៦​ ភាគរយ​ពី ៥,៨​ ភាគរយ ​កាលពី​ខែមេសា និង​ឆ្នាំ​ ២០២៤ នឹង​ធ្លាក់​ចុះមក​ត្រឹម ៦,១​ ភាគ​រយ​ពី ៦,២ ​ភាគរយ​។ នេះ​បើ​យោងតាម​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​របស់ IMF សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​ ១៨ ខែតុលា​។​

​ការ​ព្យាករ​របស់ IMF គឺ​ខ្ពស់ជាង​ការ​ព្យាករ​កាលពី​ថ្ងៃទី​ ២ ខែតុលា របស់​ធនាគារ​ពិភព​លោក ដែលថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​អត្រា ៥,៥​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ ២០២៤ មាន ៦,១ ​ភាគរយ​។​


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លោក Shanaka Peiris ប្រធាន​ថ្នាក់​តំបន់​នៅ​នាយកដ្ឋាន​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់ IMF ឱ្យដឹងថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​អត្រា ៥,៦​ ភាគរយ​នៅ​ឆ្នាំនេះ និង ៦,១ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៤ ដោយ​ថយចុះ​ក្នុង​អត្រា ០,២ ​ភាគរយ និង ០,១ ​ភាគរយ​តិចជាង​អ្វីដែល​បាន​ព្យាករ​លើក​មុន​។​

​លោក​ថ្លែងថា​៖ «​ដូច​អាស៊ាន​ដទៃទៀត​ដែរ អ្នកដឹង​ទេ​ថា ពិតណាស់​វា​ត្រូវបាន​កែតម្រូវ​ដោយ​សារ​តែ​តម្រូវការ​ខាងក្រៅ​ចុះ​ខ្សោយ​។ កម្ពុជា​ភាគច្រើន​នាំ​​ចេញ​ទៅរក​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។ ដូច្នេះ​យើង​រំពឹងថា​អ្វីៗ​នឹង​ប្រសើរឡើង​»​។ លោក​បន្តថា​៖ «​យើង​មើលឃើញ​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​មានការ​​កើន​ជាង​មុន ប៉ុន្តែ​ការថយចុះ​ជាមួយ​អាមេរិក​-អឺរ៉ុប គឺមាន​កម្រិត​កាន់តែ​ខ្ពស់​ខ្លាំង​»​។​


​លោក​បន្ថែមថា​៖ «​សេដ្ឋកិច្ចកម្ពុជា​ធ្វើ​ពិពិធ​កម្ម ប៉ុន្តែ​អ្នកដឹង​ទេ ការប្តេជ្ញាចិត្ត​មួយចំនួន​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​​កិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​ផលប៉ះពាល់​នឹង​ធ្លាក់ចុះ​ក្នុង​រយៈពេល​មធ្យម​ទៅ​វែង​។ កិច្ចព្រមព្រៀង​ទាំងនេះ​នឹង​ធ្លាក់ចុះ​តាមរយៈ​ពេល​វេលា​។ ដូច្នេះ​អត្ថប្រយោជន៍​ពិតជា​នឹង​កើតមាន​ក្នុង​រយៈពេល​យូរ រួមទាំង​មាន​បរិយាកាស​ធុរកិច្ច​ដែល​ទាក់ទាញ​ការ​វិ​និ​យោគ និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​គ្រប់​វិស័យ​កាន់តែ​ទូលំទូលាយ​»​។​

​លោក Krishna Srinivasan ប្រធាន​នាយកដ្ឋាន​អា​ស៊ី និង​ប៉ាស៊ីហ្វិក​នៃ IMF បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ១៣ ខែតុលា​ថា សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន​ត្រូវបាន​គេ​រំពឹងថា​ នឹងមាន​កំណើន ៤,២​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ និង ៤,៦​ ភាគរយ​ នៅ​ឆ្នាំ ​២០២៤ ដែលជា​ការកែ​តម្រូវកា​រ​ធ្លាក់ចុះ ០,៤ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២៣ និង ០,៣ ​ភាគរយ​ នៅក្នុង​ឆ្នាំ ​២០២៤ ទាប​ជាង​កម្រិត​ព្យា​ករ​ណ៍​កាលពី​ខែមេសា​។​

​លោក​ថ្លែងថា​៖ «​ការទម្លាក់​ព្យាករណ៍​នេះ គឺ​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​នៃ​កំណើន​ដែល​កាន់តែ​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តម្រូវការ​ខាងក្រៅ​ក៏​កំពុង​ចុះខ្សោយ​ផងដែរ និង​តម្រូវការ​ក្នុងស្រុក​កាន់តែ​យឺត​ដោយ​សារ​ការធ្លាក់ចុះ​ការប្រើប្រាស់ និង​ការ​រឹតបន្តឹង​គោ​លន​យោ​បាយ​រូបិយវត្ថុ​»​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​សម្ពាធ​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​នៅតែ​មិន​ចុះ​ថយ​ក៏ដោយ ក៏​ខ្ញុំ​ចង់​បញ្ជាក់ថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ (PMI) របស់​ប្រទេស​ចិន​បានបង្ហាញ​ពី​ការពង្រីក​សកម្មភាព​នៅ​ក្នុង​ខែកញ្ញា​។ កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៃ​ការ​លក់រាយ​ក៏មាន​ភាព​ប្រសើរ​ដែរ ប៉ុន្តែ​ទិន្នន័យ​ប្រចាំខែ​មាន​ភាពប្រែប្រួល ហើយ​ការ​ប្រុងប្រយ័ត្ន​ត្រូវបាន​ធានា​ក្នុងការ​បកស្រាយ​ពី​ការប្រែប្រួល​រយៈពេល​ខ្លី​»៕