ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សហភាព​អឺរ៉ុប ​(EU)​ បានសម្រេច​ឱ្យ​កម្ពុជា ប្រើ​វិធាន​បូក​បន្ថែម ​(Extended Cumulation)​ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ប្រើប្រាស់ វត្ថុ​ធាតុ​ដើម ឬ​គ្រឿង​បង្គុំ​ទោចក្រយាន​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​វៀតណាម សម្រាប់​យកមក​ផលិត​ទោចក្រយាន ​(​កង់​)​ នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​។​

​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​ ១៧ ខែតុលា​ បានចេញ​សេចក្តី​ជូន​​ដំណឹង​ដល់​ផលិតករ ឬ​អ្នក​នាំ​ចេញ​ទោចក្រយាន​ដោយ​បញ្ជាក់ថា យោងតាម​ការស្នើសុំ​រប​ស់​កម្ពុជា ក្នុងការ​ប្រើប្រាស់​វិធាន​បូក​បន្ថែម (Extended Cumulation) ជាមួយ​វៀតណាម សហភាព​អឺរ៉ុប បានសម្រេច​ឱ្យប្រើ​វិធាន​បូក​បន្ថែម​នេះ​តាម​សេច​​ក្តី​សម្រេច​លេខ (EU) 2023/1810 ចុះ​ថ្ងៃទី​ ១៩ ខែកញ្ញា ឆ្នាំ​ ២០២៣​ របស់​គណៈកម្មការ​អឺរ៉ុប​។​


​ប្រភព​ដដែល​បញ្ជាក់ថា វិធាន​បូក​បន្ថែម​នេះ​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​អាច​ប្រើប្រាស់​ «​វត្ថុ​ធាតុ​​ដើម​ឬ​គ្រឿង​បង្គុំ​ទោចក្រយាន​» ដែលមាន​ដើមកំណើត​នៅ​ប្រទេស​វៀតណាម សម្រាប់​យកមក​ផលិត​ទោចក្រយាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​។ ការប្រើប្រាស់​វត្ថុធាតុដើម ឬ​គ្រឿង​បង្គុំ​សម្រាប់​ផលិត​កង់​ដូច​មានចែង​ក្នុង​ឧបសម្ព័ន្ធ​នៃ​សេចក្តីសម្រេច​នេះ ត្រូវ​អនុលោម​តាម​វិធាន​ដើមកំណើត​ទំនិញ​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប ​(EU''s GSP)​។​

​ក្រសួងពាណិជ្ជកម្ម ក៏បាន​ណែនាំ​ឱ្យ​ផលិតករ​ឬ​អ្នក​នាំចេញ​ទោចក្រយាន​ត្រូវ​ស្នើសុំ​ការ​អនុ​ញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​នូវ​បរិ​​មាណនៃ​ការប្រើប្រាស់​វត្ថុធាតុដើម ឬ​គ្រឿង​បង្គុំ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ប្រចាំឆមាស និង​ត្រូវធ្វើ​របាយការណ៍ ស្តីពី​ការប្រើប្រាស់​វត្ថុធាតុដើម​ឬ​គ្រឿង​បង្គុំ ប្រចាំ​ត្រី​មាស​មក​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ក្រសួង​មាន​មូលដ្ឋាន​ក្នុងការ​ជូនដំណឹង​ទៅ​សហភាព​អឺរ៉ុប​។​


​លោក​ ប៉ែន សុ​វិជាតិ រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១៨ ខែតុលា​ថា ការអនុញ្ញាត​នេះ វា​នឹង​ធ្វើឱ្យ​ទីផ្សារ​នាំចេញ​កង់​កម្ពុជា​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។​

​លោក​បញ្ជាក់ថា ភាព​ងាយ​​ស្រួល​ជាង​មុន​នោះ គឺ​ងាយ​ក្នុងការ​ស្វែងរក​ប្រភព​ធាតុ​ដើម ពី​ប្រទេស​វៀតណាម​ដែលជា​ប្រទេសជិតខាង​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​ទីផ្សារ​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ​កង់​មួយចំនួនទៀត​រួមមាន​៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និង​ហូ​ឡង់​ជាដើម​។

លោក ប៉ែន សុ​វិជាតិ ​បន្តថា​៖«​ដូចដែល​យើង​ដឹង​ហើយ​ថា វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ជាមួយ​សហភាព​អឺរ៉ុប​រួចហើយ ដែល​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​ពី​វៀតណាម ទៅ​អឺរ៉ុប​កាន់តែ​សម្បូរបែប​ជាង​មុន​ទៀត ហើយ​វៀតណាម​ក៏បាន​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​យើង​ដែរ​»​។

​លោក​បន្តថា​៖ «​ដូច្នេះហើយ​ទើប​យើង​និង​វៀតណាម បាន​ព្រមព្រៀងគ្នា​ធ្វើលិខិត​មួយ​ទៅ​សហភាព​អឺរ៉ុប​ដើម្បី​ឱ្យគេ​អនុញ្ញាតឱ្យ​យើង​នៅតែ​អាច​ប្រើប្រាស់​វត្ថុធាតុដើម​ពី​វៀតណាម​បាន ដោយ​ស្របច្បាប់ និង​ដើម្បី​ផ្តល់​ការផ្គត់ផ្គង់​គ្រឿង​បង្គុំ​ទាំង​នោះបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​យើង​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​វិញ លោក ហុង វណ្ណៈ​បានចាត់ទុក​ការ​អនុ​ញ្ញាត​របស់​សហភាព​អឺរ៉ុប​នេះ​ថា មាន​ទាំង​ផល​អវិជ្ជមាន និង​វិ​ជ្ជ​​មាន​។ លោក​ពន្យល់ថា​៖ «​ផល​អវិជ្ជមាន គឺ​ប្រទេស​យើង​អាច​គ្រាន់តែ​ជា​កន្លែង​ផ្គុំ ព្រោះថា នៅពេល​ប្រើប្រាស់​គ្រឿង​បង្គុំ ពី​ប្រ​ទេស​វៀតណាម យើង​នឹង​បាត់បង់​នូវ​តម្លៃបន្ថែម និង​វត្ថុធាតុដើម​ផ្សេងៗ មានន័យថា យើង​គ្រាន់តែ​ជាទី​តាំង​បង្គុំ​នៃ​កង់​ទាំងនោះ​ប៉ុណ្ណោះ​។ ចំណែក​ផល​វិជ្ជមាន​វិញ យើង​ក៏​ទទួលបាន​ផល​ប្រ​យោជន៍​សេដ្ឋកិច្ច​ច្រើន​គួរសម ដោយបាន​បង្កើត​នូវ​ការងារ​ថ្មីៗ ទទួលបាន​ការបង់ពន្ធ​នាំចូល​ផ្សេងៗ​បន្ថែមទៀត​ផងដែរ​»​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ក្នុង​រយៈពេល​ ៩ ​ខែ ពោល​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ចំណូល​ជាង ៤២៤​ លាន​ដុល្លារ​ពី​ការនាំចេញ​កង់ ថយចុះ​ជាង ​៤២ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ជាង​ ៧៤២ ​លាន​ដុល្លារ​៕