ភ្នំពេញៈ អ្នកជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា បាន​អះអាងថា ការ​អនុម័ត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើ​គម្រោង​វិ​និ​យោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រុម​ហ៊ុន Telcotech Ltd នឹង​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ឌីជីថល​នៅ​កម្ពុជា ស្របតាម​ចក្ខុវិស័យ​រាជ​រដ្ឋាភិបាល​ក្នុងការ​បោះជំហាន​ទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​។​

CDC កាលពី​ថ្ងៃទី ​១៨ ខែ​​តុលា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន Telcotech Ltd. លើ​គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២៧,៧​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៤៧​ កន្លែង​។​


​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ខែតុលា​ថា ការបង្កើតឱ្យមាន​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្នុង​ប្រទេស គឺ​ពិត​ជាមាន​សារៈ​សំខាន់ និង​ភាពចាំបាច់ ខណៈ​កន្លងមក​ដោយសារតែ​មិនមាន​កន្លែង​រក្សាទុក​ឯ​ក​សារ និង​ព័​ត៌​មាន​គ្រប់គ្រាន់ កម្ពុជា​បាន​បង្ខំចិត្ត​ជួល​ក្រុមហ៊ុន​នៅ​ប្រទេស​មួយចំនួន​ឱ្យជួយ​ទុក​ឯកសារ សំខាន់ៗ​ទាំង​ផ្នែក​រដ្ឋាភិបាល និង​ឯកជន​។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​ទិន្នន័យ​អាច​ចាត់​ទុកជា​កន្លែង Backup រាល់​ឯកសារ​ទាំងឡាយ និង​មាន​សុ​វត្ថិ​ភាព​ជាង​ការផ្ញើ​ទៅ​រក្សាទុក​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​បើ​យើង​មិនមាន​កន្លែង​រក្សាទុក​ទិន្នន័យ​គ្រប់​គ្រាន់ ​(​ជាពិសេស​រដ្ឋាភិបាល​) យើង​នឹងត្រូវ​យកទៅ​ផ្ញើ​នៅក្រៅ​ប្រទេស​ឱ្យជួយ​រក្សាទុក ដូច្នេះ​បញ្ហា​ប្រឈម​អាច​នឹងមាន​ច្រើន​ទាក់ទង​នឹង​សុវត្ថិភាព​ព័ត៌មាន និង​ការ​បែកធ្លាយ​ជាដើម​»​។​


​លោក​បន្តថា នៅពេល​កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ទិន្នន័យ​កាន់​តែ​ច្រើន វា​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការជួល​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​ឱ្យជួយ​រក្សា​ឯក​សារបាន​មួយចំណែក​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​សមាគម​បច្ចេកវិទ្យា ខ្ញុំ​ពិតជា​រីករាយ និង​គាំទ្រ​ឱ្យមាន​ម​ជ្ឈ​មណ្ឌល​ទិន្នន័យ​នៅ​កម្ពុជា​កាន់​តែ​ច្រើន ព្រោះ​ការ​រក្សាទុក​ទិន្ន​ន័យ ឬ​ព័ត៌មាន គឺជា​ការចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ពឹង​ផ្អែកលើ​ខ្លួនឯង​។ នៅពេល​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុងប្រទេស​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ គឺ​នឹង​មានការ​បង្វែរ​ទិន្នន័យ​ពី​ក្រៅប្រទេស​មករ​ក្សា​ទុន​ក្នុងស្រុក​កាន់តែច្រើន​។ សុវត្ថិភាព​ព័ត៌មាន​នឹង​រឹត​តែមាន​សុវត្ថិភាព​ជាង​មុន​»​។​

​ក្នុង​គោលបំណង​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ជាតិ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍ កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា កន្លងមក​ក៏បាន​ប្រកាស​បើក​ការដ្ឋាន​សង់​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ជាតិ ដែលមាន​តម្លៃ​ជិត ៣០​ លាន​ដុល្លារ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០២៥ ខាងមុខ​។​

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍ បាន​ប្រាប់​អ្នកយក​ព័​ត៌​​មាន​ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ ថា ការកសាង​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ​នេះ គឺជា​ដំណាក់កាល​ដ៏​សំខាន់​សម្រាប់​វិស័យ​សា​ធារ​​ណៈ និង​ឯកជន​នៅ​កម្ពុជា ក្នុងការ​ទាញយក​ផលប្រយោជន៍​ពី​ទិន្នន័យ​។ លើសពីនេះ វា​គឺជា​ការបង្ហាញ​ពី​ការបោះ​ជំហាន​ដ៏​ធំ​មួយ​របស់​កម្ពុជា ឆ្ពោះទៅរក​បរិវត្ត​កម្ម​ឌីជីថល​៕