ភ្នំពេញៈ វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​សកល​ដែល​បានអូសបន្លាយ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​បាន​បន្ត​ជះឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅលើ​គ្រប់​សកម្ម​​ភាព​សេដ្ឋកិច្ច​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ជាក់ស្តែង​ក្នុង​ខែសីហា ឆ្នាំ​ ២០២៣ អត្រា​អតិផរណា​នៅ​កម្ពុជា​បាន​កើន​ប្រមាណ​ជាង ៣​ ភាគរយ​។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​។​

​តារាង​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ខែសីហា ឆ្នាំ ​២០២៣ របស់ NBC ឱ្យដឹងថា ក្នុង​ខែសីហា ឆ្នាំ​ ២០២៣ អត្រា​អតិផរណា មាន​កម្រិត ៣,២ ​ភាគរយ ដោយ​កើន​ខ្ពស់ជាង​ខែ​កក្កដា ឆ្នាំ ​២០២៣ ដែលមាន ១,៩​ ភាគ​រយ​។ មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​អត្រា​អតិផរណា​ក្នុង​ខែសីហា កើនឡើង គឺ​ការកើនឡើង​ថ្លៃ​នៃ​ក្រុម​ទំនិញ​ម្ហូប​អាហារ​។ ទន្ទឹមនឹងនេះ​អតិផរណា​ស្នូល​(​មិន​រាប់បញ្ចូល​ថ្លៃ​ម្ហូបអាហារ និង​ប្រេង​ឥន្ធនៈ​) និង​អតិផរណា​មិន​រាប់បញ្ចូល​ប្រេងឥន្ធនៈ មាន​អត្រា ២,៦ ​ភាគរយ ​(​ខែកក្កដា ១,៦​ ភាគរយ​) និង ៣,៦​ ភាគរយ ​(​ខែកក្កដា ២,៥​ ភាគរយ​)​។​


​បើ​យោងតាម NBC អតិផរណា​តាម​ក្រុម​មុខទំនិញ​សំខាន់ៗ​ក្នុង​ខែសីហា រួមមាន អាហារ និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង ៤,២ ​ភាគរយ ​(​ខែកក្កដា ៣,១ ​ភាគរយ​), ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង និង​ថ្នាំជក់ ៣,៣​ ភាគរយ ​(២,៤ ​ភាគរយ​), សម្លៀកបំពាក់ និង​ស្បែកជើង ៤,២​ ភាគ​រយ ​(៣,៤ ​ភាគរយ​), ផ្ទះ ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត ១,៩ ​ភាគរយ ​(០,៥​ ភាគរយ​), គ្រឿងសង្ហារិម សម្ភារ​ប្រើប្រាស់​គ្រួសារ និង​ការថែទាំ​ផ្ទះ​ជាប្រចាំ ១,៧ ​ភាគរយ ​(១,៤​ ភាគរយ​), សុខាភិបាល ១,៦ ​ភាគរយ ​(០,៩​ ភាគ​​រយ​), ការដឹកជញ្ជូន ០,២​ ភាគរយ ​(៣,២​ ភាគរយ​), គមនាគមន៍ ០,៤​ ភាគរយ ​(០,២​ ភាគរយ​), ការកម្សាន្ត និង​វប្ប​ធម៌ ៣,៩ ​ភាគរយ ​(៣,២ ​ភាគរយ​), ការ​សិក្សា ២ ​ភាគរយ ​(២​ ភាគរយ​), ភោ​ជ​នី​យ​ដ្ឋា​ន ២,៩ ​ភាគរយ ​(០,៥​ ភាគរយ​), និង​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ៣​ ភាគ​រយ ​(២,៣​ភាគរយ​)​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៩ ខែតុលា​ថា ជាទូទៅ​នៅពេល​អត្រា​អតិផរណា​កើនឡើង​ខ្ពស់ ​(​តម្លៃ​ទំនិញ​កើនឡើង​) គឺ​វា​មិន​ផ្តល់​ផល​វិជ្ជមាន​អ្វី​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច​ឡើយ ដោយ​វា​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ច្រើន ពិសេស​អ្នកមាន​ចំ​ណូ​ល​ទាប និង​ចំណូល​ថេរ ព្រោះ​បន្ទុក​ចំណាយ​របស់​ពួកគេ​នឹង​កើនឡើង​។ ការកើនឡើង​បន្ទុក​ចំណាយ នឹង​ធ្វើឱ្យប៉ះពាល់​ការចំណាយ​ប្រចាំថ្ងៃ ព្រមទាំង​ប្រាក់​សន្សំ​បុគ្គល និង​គ្រួសារ​។ លោក​បន្តថា នៅពេល​សេដ្ឋកិច្ច និង​សង្គម​មាន​បញ្ហា អត្រា​អតិផរណា​នឹង​កើនឡើង​។​


​លោក​បញ្ជាក់ថា​៖ «​បញ្ហា​អតិផរណា​ដែល​កើន​ឡើងជា​បន្តបន្ទាប់រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មកពី​បុព្វ​ហេតុ​ច្រើនយ៉ាង​ដូចជា ការលេចឡើង​នៃ​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ​ដែល​ជំរុញឱ្យមាន​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​កាត់ផ្តាច់​ចង្វាក់​ផ្គត់ផ្គង់​សកល ដែលនាំឱ្យ​មាន​សម្ពាធ​លើ​អត្រា​ប្តូរប្រាក់ ជាដើម​»​។​

​ខណៈ​ស្ថានភាព​នយោបាយ​ពិភព​លោក​បច្ចុប្បន្ន​មាន​ភាពមិនប្រាកដប្រជា លោក វណ្ណៈ និយាយថា គេ​ពិបាក​នឹង​សន្និដ្ឋាន​ពី​កំណើន​សេដ្ឋកិច្ចពិភពលោក និង​អត្រា​អតិផរណា​នាពេលខាងមុខ​។​

​យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ អតិផរណា​មធ្យម​ប្រចាំត្រីមាស​ទី ​១ ឆ្នាំ​ ២០២៣ គឺមាន​អត្រា ១,៩ ​ភាគរយ ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ ​២០២២​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ ក្នុង​ខែតុលា នេះ បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅក្នុង​ឆ្នាំ​ ២០២៣ នឹង​សម្រេចបាន​អត្រា ៥,៦​ ភាគរយ និង​ឆ្នាំ​ ២០២៤ មាន​អត្រា ៦,១​ ភាគរយ​។ ការ​ព្យាករ​របស់ IMF គឺ​ខ្ពស់ជាង​ការ​ព្យាករ​កាលពី​ថ្ងៃទី ​២ ខែតុលា របស់​ធនាគារពិភពលោកដែលថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ក្នុង​អត្រា ៥,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ និង​ឆ្នាំ ​២០២៤ ត្រូវ​នឹងមាន​អត្រា ៦,១ ​ភាគរយ​៕