កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) នៅ​ទីក្រុង​ប៉េកាំង​។ ក្នុង​កិច្ចពិភាក្សា​នោះ លោក ស្រេ​ត​ថា បាន​លើកឡើងថា លោក​បាន​ស្នើឱ្យ​អនុវត្ត​វិធាន​ការមិន​យក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន​ជា​អចិន្ត្រៃយ៍​ហើយ​។

​លោក​ក៏បាន​ប្រាប់​ទៅកាន់​សម​ភាគី​របស់លោក អំពី​អត្ថប្រយោជន៍​នៃ​គម្រោង​សាងសង់​ស្ពាន​អាកាស​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។ លើសពីនេះ មេដឹកនាំ​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ផែនការ​សាងសង់​ស្ពាន​ថ្មី​មួយ ឆ្លងទន្លេ​មេគង្គ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ថៃ​-​ចិន និង​អាច​កាត់បន្ថយ​ចំណាយ​ទៅលើ​ការនាំចេញ​សត្វ​គោ​របស់​ថៃ​ទៅកាន់​ប្រទេស​ចិន​។


​លោក ស្រេ​ត​ថា ក៏បាន​ស្នើឱ្យ​មានការ​សម្រួល​នីតិវិធី​នាំចេញ​សត្វ​គោ​ទៅ​ប្រទេស​ចិន ដោយ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​នៅ​ប្រទេស​ថៃ ជំនួស​ឱ្យ​ការត្រួតពិនិត្យ​នៅ​ប្រទេស​ឡាវ​ផងដែរ​។ ការធ្វើ​ដូច្នេះ នឹង​ធ្វើឱ្យ​ការដឹកជញ្ជូន​សត្វ​គោ​ទៅកាន់​ប្រទេស​ចិន​កាន់តែ​ងាយស្រួល​តាមរយៈ​ផ្លូវដែក និង​សមុទ្រ​។

​លោក ស្រេ​ត​ថា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​កាលពី​ម្សិលមិញ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​ណាស់​។ គាត់​បានឱ្យ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់គាត់​ដើម្បីឱ្យ​ខ្ញុំ​អាចធ្វើ​ការហៅ​ចូល​ដោយផ្ទាល់​បាន​។ នេះ​គឺជា​សញ្ញា​ដ៏​ល្អ​ដែល​ប្រទេស​ទាំងពីរ​ត្រូវតែ​ពឹងផ្អែក​លើ​គ្នា​ទៅវិញទៅមក​។ យើង​ត្រូវតែ​ពឹង​ផ្អែកលើ​ប្រទេស​ចិន​ដែលជា​បងប្រុស​ធំ​របស់​យើង​»​។


​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​ផ្ទាល់​។

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ថៃ​បាន​លើកលែង​ទិដ្ឋាការ​ជា​បណ្ដោះអាសន្ន​សម្រាប់​ភ្ញៀវទេសចរ​ចិន និង​កា​ហ្សា​ក់​ស្ថាន​ដែល​ធ្វើដំណើរ​កម្សាន្ត​មកលេង​ប្រទេស​ថៃ​រយៈពេល​ក្រោម ៣០ ថ្ងៃ ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង ដែល​នេះ​គឺជា​គោលនយោបាយ​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ទាំងមូល​របស់​ថៃ​។ ការលើកលែង​ទិដ្ឋាការ​នេះ បានចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ ហើយនឹង​បញ្ចប់ទៅ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។

​ដំបូង​ឡើយ ភ្ញៀវទេសចរ​ចិន​បានបង្ហាញ​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន​ថា​នឹងធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ​យ៉ាងច្រើន ប៉ុន្តែ​បន្ទាប់ពី​ហេតុការណ៍​បាញ់ប្រហារ​ថ្ងៃទី​៣ ខែតុលា នៅ​ផ្សារ​ទំនើប​សៀម​ផា​រ៉ា​ហ្ក​ន (Siam Paragon) ដែល​បានធ្វើឱ្យ​ភ្ញៀវ​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ក្នុងចំណោម​អ្នកស្លាប់​ទាំងបី​នាក់ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​។ ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​អះអាងថា​ពួកគេ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

​គួរ​ដឹង​ដែរ​ថា មុនពេល​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកពី​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាងគេ​ដែល​បានធ្វើ​ដំណើរ​ទៅលេង​នៅ​ប្រទេស​ថៃ ពោលគឺ​រហូតដល់​ទៅ ១១ លាន​នាក់​ឯណោះ​ក្នុង​ឆ្នាំ​២០១៩​។ នៅ​ឆ្នាំនេះ អាជ្ញាធរ​ទេសចរណ៍​ថៃ​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចិន​ប្រហែល ៥ លាន​នាក់​។

​ដោយឡែក លោក ស្រេ​ត​ថា ក៏បាន​ធ្វើ​ការធានា​អះអាង​ទៅកាន់​សម​ភាគី​ចិន អំពី​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​ប្រទេស​ថៃ​ចំពោះ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​។ លោក​បាន​គូសបញ្ជាក់ថា ស្ពាន​ឆ្លងទន្លេ​មេគង្គ​ពី​ខេត្ត​ណង​ខៃ​ទៅកាន់​ប្រទេស​ឡាវ នឹង​អាចជួយ​សម្រួល​ដល់​ការនាំចេញ​ទំនិញ​ពី​ថៃ​ទៅ​ចិន​តាម​ប្រទេស​ឡាវ​។

​លោក​ក៏បាន​លើកឡើង​អំពី​គម្រោង​ព្រែកជីក​ដើម្បី​ត​ភ្ជាប់​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​អាន់ដាម៉ាន់ (Andaman) តាម​ខេត្ត​ឈុំ​ផុន (Chumphon) និង​រ៉ា​ណង (Ranong) ភាគខាងត្បូង​។ លោក​បាន​សង្កត់ធ្ងន់ថា គម្រោង​នេះ​ក៏​នឹង​ពង្រឹង​សក្តានុពល​នៃ​ខ្សែក្រវាត់ និង​ផ្លូវ ដើម្បី​បង្កើន​ការតភ្ជាប់​ជាមួយ​គោលដៅ​អន្តរជាតិ ដូចដែល​ប្រទេស​ចិន​បាន​រំពឹងទុក​កន្លងមក​។

​គម្រោង​ព្រែកជីក​ដែលមាន​ប្រវែង ៩០ គីឡូម៉ែត្រ​នេះ នឹង​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ទំនិញ​បាន​យ៉ាងច្រើន​រវាង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​អាន់ដាម៉ាន់ ដោយ​អាច​ចំណេញ​ពេល​រហូតដល់​ទៅ ៦ ទៅ ៩ ថ្ងៃ​បើ​ប្រៀបធៀប​ទៅនឹង​ការប្រើប្រាស់​ច្រក​សមុទ្រ​ម៉ា​ឡា​កា​។ គម្រោង​ដ៏​ធំ​មួយ​នេះ បូក​រួមទាំង​ការបង្កើត​រោងចក្រ​ចិន​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​នោះ នឹង​ប្រែក្លាយ​ប្រទេស​ថៃ​ឱ្យទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ពិភពលោក​មួយ​ដ៏​សំខាន់​៕​