រដ្ឋាភិបាល​អាល្លឺម៉ង់ បានសន្យាផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ ៦៣ លានអឺរ៉ូ ស្មើនឹង​ប្រមាណ ៦៦ លានដុល្លារ សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការលើកកម្ពស់​កិច្ចអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា ខណៈ​ភាគី​ទាំង២ បានឯកភាព​បន្តកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​លើវិស័យមួយចំនួន​ផងដែរ។

ការផ្តល់​ហិរញ្ញប្បទាន​នេះ ធ្វើឡើង​អំឡុងពេល​តំណាង​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និងតំណាង​រដ្ឋាភិបាល​អាល្លឺម៉ង់ បានបើក​កិច្ចចរចា ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ កាលពី ថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង​បោន នៃសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវិឌ្ឍន៍​កម្ពុជា​ស្តីពី​លទ្ធផលនោះ។


ប្រតិភូកម្ពុជា​ដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួល​បន្ទុកបេសកកម្ម​ពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងជាប្រធាន​គណៈប្រតិភូ​កម្ពុជា អមដោយ​លោកឯកអគ្គរាជទូត​នៃប្រទេស​កម្ពុជាប្រចាំនៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និងមានការចូលរួម​ពីតំណាង​ជាន់ខ្ពស់​ក្រសួង-ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ចំនួន ១០ រួមមាន ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ, ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​បរិស្ថាន ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង​ពាណិជ្ជកម្ម, ក្រសួង​សុខាភិបាល, ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ, និងធនាគារជាតិ​នៃ​កម្ពុជា។

ចំណែកប្រតិភូ​អាល្លឺម៉ង់​ដឹកនាំដោយ លោក Andreas Pfeil ប្រធាន​ផ្នែកអាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍​នៃក្រសួង​សហព័ន្ធអាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការអភិវឌ្ឍ (BNZ) និងមានការចូលរួម​ពី លោកស្រី Bürbel Kofler សមាជិកសភា​នៃសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។


គោលដៅ​ចម្បង​នៃកិច្ចចរចា​នេះគឺ ទី១ ពិនិត្យវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ទី២ ពិភាក្សា​លើ វិស័យ​អាទិភាព​នានា​នៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី ទាំងទិដ្ឋភាព​បច្ចេកទេស និងទិដ្ឋភាព​នយោបាយ និង ទី៣ តម្រង់​ទិសកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នាពេលអនាគត។ លទ្ធផល​នៃកិច្ចចរចានេះ ភាគី​អាល្លឺម៉ង់​បានវាយតម្លៃ​ខ្ពស់ និងចាត់ទុក​ប្រទេស​កម្ពុជា​ជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់។

ប្រភពដដែល​បន្តថា ភាគីទាំងពីរ​បានឯកភាព​ក្នុងការបន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​លើវិស័យ​អាទិភាព ចំនួន ៣ រួម​មាន ទី១ ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយ​ចីរភាព ទី២ សុខាភិបាល និងគាំពារ​សង្គម និង ទី៣ ថាមពល និងអាកាសធាតុ និងវិស័យ​ផ្សេងៗទៀត​ដែលមាន សង្គតិភាព​ជាមួយនឹង​អាទិភាពនៃ​កិច្ចអភិវឌ្ឍន៍​ជាតិ ដូចមានចែងនៅ​ក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ និងរបៀប​វារៈឆ្នាំ២០៣០ របស់​ប្រទេស​អាល្លឺម៉ង់។

បើតាមក្រុម​ប្រឹក្សា​អភិវិឌ្ឍន៍​កម្ពុជា បញ្ជាក់​ថា៖«ភាគីអាល្លឺម៉ង់​បានសន្យាផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ ៦៣ លានអឺរ៉ូ ទាំងកិច្ចសហប្រតិបត្តិការផ្នែក​ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស សមមូលនឹង​ប្រមាណ ៦៦ លានដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ២០២៣-២០២៤ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់​កិច្ចអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា» ៕