ក្រុមហ៊ុនធំៗ​របស់​ចិន ចំនួន ៤ ដែលមានទាំង​ក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុន​ដែលកំពុង​វិនិយោគនៅ​កម្ពុជា កំពុង​សម្លឹងរក​ឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគ​បន្ថែមនៅ​កម្ពុជា លើវិស័យ​ផលិតយានយន្ត វិស័យ​ឌីជីលថល និងការផលិត​កញ្ចក់នៅ​កម្ពុជា។

យោងតាមការចេញផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានឱ្យដឹង​ថា កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាសាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធាន​ទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានជួប​ពិភាក្សាការងារ​ជាមួយ​ប្រតិភូក្រុមហ៊ុន​ចិន​ធំៗ​ទាំងនោះ ដែលមានដូចជា ក្រុមហ៊ុន​ផលិតយានយន្ត​អគ្គិសនី​ដ៏ធំ​របស់ប្រទេស​ចិន BYD Co., Ltd., ក្រុមហ៊ុន​ផលិតកម្ម​កញ្ចក់ និងកញ្ចក់​សូឡា (Solar Glass) Xinyi Energy,ក្រុមហ៊ុន​ផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei។


នាជំនួបនោះ លោកឧបនាយក​រដ្ឋមន្ត្រី បានជំរុញ​បណ្តាក្រុមហ៊ុន​ទាំងនេះ មកបោះទុន​វិនិយោគ​នៅ​កម្ពុជា ដោយលោកបាន​ផ្តល់យោបល់​ឱ្យក្រុមហ៊ុន​សិក្សាលទ្ធភាព​សាងសង់​រោងចក្រ​សម្រាប់​ក្រុមហ៊ុនថ្មីៗ និងជំរុញ​ឱ្យក្រុមហ៊ុន​ដែលកំពុង​វិនិយោគ​ស្រាប់នៅ​កម្ពុជា ពង្រីករោងចក្រ​បន្ថែមទៀត​នៅកម្ពុជា ដើម្បីផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន សម្រាប់ទីផ្សារ​នៅក្នុង​តំបន់ និងពិភពលោក ក៏ដូចជាការបង្កើត​ឱកាស​ការងារ​កាន់តែច្រើន​ដល់ប្រជាជន​កម្ពុជា​ផងដែរ។

ជាមួយគ្នានោះដែរ អនុប្រធាន​ក្រុមហ៊ុន XDS Bicycle លោកស្រី Chuqiao Li បានថ្លែង​ថា ក្រុមហ៊ុន​មានចក្ខុវិស័យ ក្នុងការពង្រីក​រោងចក្រ​របស់ខ្លួន​ដែលមានទីតាំង​ក្នុងក្រុង​បាវិត ឱ្យមាន​ទំហំ​ធំដូច​រោងចក្រ ក្នុងទីស្នាក់ការ​កណ្តាល​ទីក្រុង Shenzhen នេះផងដែរ ខណៈដែលលោក​ឧបនាយក​រដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យក្រុមហ៊ុន​លើកជា​សំណូមពរ និងបង្ហាញនូវ​បញ្ហាប្រឈម​ដែលក្រុមហ៊ុន​កំពុងជួប ដើម្បី​ឱ្យរដ្ឋាភិបាល​កម្ពុជា​ចូលរួមដោះស្រាយ ក្នុងទិសដៅជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ពង្រីករោងចក្រ​បន្ថែមទៀតនៅកម្ពុជា។


ដោយឡែក លោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការរ​វាង​ក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាល​កម្ពុជាកន្លងមក បានចូលរួមក្នុង​ការធ្វើ​ឌីជីថលូបនីយកម្ម របស់​រាជរដ្ឋាភិបាល​កម្ពុជាផងដែរ។

គ្រានោះដែរ លោក​ឧបនាយក​រដ្ឋមន្ត្រី ក៏បានបញ្ជាក់​បន្ថែមថា វិស័យ​បច្ចេកវិទ្យាឌីជីថល​បានទទួលការយក​ចិត្តទុកដាក់​ខ្ពស់​ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់​ការលើកទឹកចិត្ត​ជាពិសេស​ដល់វិនិយោគិន​ដែលធ្វើការ​វិនិយោគ​លើវិស័យនេះ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា។

សម្រាប់​ជំនួបជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​កញ្ចក់ និងកញ្ចក់​សូឡា(Solar Glass) Xinyi Energy វិញ លោកឧបនាយក​ដ្ឋមន្ត្រី បានចង្អុល​បង្ហាញ​អំពី​ឱកាស​វិនិយោគ​របស់ក្រុមហ៊ុន​ក្នុងការបង្កើត​រោងចក្រ​នៅប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់កញ្ចក់​សម្រាប់ទីផ្សារ​នៅក្នុង​តំបន់ ដោយហេតុថា​កម្ពុជា​មានខ្សាច់​ដែលមានគុណភាព​ខ្ពស់ សមស្របសម្រាប់​សង្វាក់​ផលិតកម្ម​កញ្ចក់។

លោក Put Lee ប្រធាន​ក្រុមហ៊ុន Xinyi Energy ក៏បានបង្ហាញ​ការតាំងចិត្ត​ថានឹងអញ្ជើញ​មកទស្សនកិច្ចសិក្សា​នៅប្រទេស​កម្ពុជា ដោយផ្ទាល់ ដើម្បី​ស្វែងយល់​បន្ថែម​អំពីភាព​ខ្លាំង សក្តានុពល​សម្រាប់​ផលិតកម្ម ព្រមទាំង​ស្វែងរកឱកាស​ដើម្បី​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា។

ចំពោះជំនួប​លោកឧបនាយក​រដ្ឋមន្ត្រី និងអគ្គនាយករង​ក្រុមហ៊ុន​ផលិតយានយន្តអគ្គិសនី​ដ៏ធំ​របស់​ប្រទេស​ចិន BYD Co., Ltd.វិញ លោកឧបនាយក​រដ្ឋមន្ត្រី បានថ្លែងការ​កោតសរសើរ និងជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន BYD ចូលរួមដំឡើង​ស្ថានីយសាករថយន្តអគ្គិសនី​ក្នុងប្រទេស​កម្ពុជា​ឱ្យ​បានច្រើន ដើម្បី​បង្កភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្តអគ្គិសនី។

ដោយឡែកលោក Kading Liu នាយករង​ក្រុមហ៊ុន BYD Co., Ltd. ក៏លើកឡើងពី​គម្រោងពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា នៅក្នុង​ឆ្នាំ២០២៣នេះ ដោយក្រុមហ៊ុន​កំពុងស្ថាបនា​មណ្ឌលផ្ដល់​សេវា​របស់ខ្លួន​ចំនួន២ និងបន្ទប់តាំង​បង្ហាញ​រថយន្ត​ចំនួន២ ព្រមទាំងត្រៀម​បើកឱ្យ​ប្រើប្រាស់​បន្ទប់តាំង​បង្ហាញរថយន្ត​ថ្មីមួយកន្លែងទៀត​នៅខេត្ត​សៀមរាបក្នុង​ឆ្នាំ២០២៤ ហើយក្រោយពី​ការពង្រីក​អាជីវកម្មនេះ​ក៏នឹងផ្តល់​ឱកាសការងារ​ចំនួន ៣០០ កន្លែងបន្ថែម​ជូនដល់កម្ពុជា៕

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការពិគ្រោះ​យោបល់​។ រូបថត ក្រសួងយុត្តិធម៌