​ភ្នំពេញ​: ទោះបី​ជាមាន​ឧ​ប​សគ្គ​ដោយសារតែ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​កាលពី​ឆ្នាំមុន​ក៏ដោយ ក៏​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​នៅតែមាន​ភាព​ធន់ និង​រឹងមាំ ហើយ​នៅតែ​បន្ត​រក្សាបាន​ទំនុកចិត្ត​សាធារណ​ជន​ពី​សហគមន៍ជាតិ និង​អន្តរជាតិ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។​

​បើតាម​របាយការណ៍​ប្រចាំឆ្នាំ ២០២២ របស់ ​NBC ប្រព័ន្ធ​ធនាគារ រួមមាន​ធនាគារពាណិជ្ជ​ចំនួន​ ៥៩ ធនាគារ​ឯកទេស​ចំនួន​ ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៥ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន ៨២ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន​ ១៦ គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ២២៣ អ្នកដំណើរ​កា​រត​តិ​យ​ភាគី​ចំនួន ៦ គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​ចំនួន​ ៣៥ ក្រុមហ៊ុន​ផ្តល់​សេវា​រាយការណ៍​ឥណទាន​ចំនួន​ ១ ការិយាល័យ​តំណាង​ចំនួន​ ៦ និង​អា​ជី​កម្ម​ប្តូរប្រាក់​ចំនួន​ ២ ៨៦៦​។​


​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ធនាគារ​បាន​អភិវឌ្ឍ​ជា​បណ្តើរៗ ក៏ដូចជា​ការពង្រីក​សេវា​ហិរញ្ញវត្ថុ​បែប​ឌីជីថល ជាពិសេស​ប្រព័ន្ធ​ទូទាត់​បាគង​។ ទោះជា​យ៉ាងណាក៏ដោយ ចំនួន​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ធនាគារ​នៅតែមាន​ចំនួន​ច្រើន​។ យោងតាម NBC គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ចំនួន​គណនី​បញ្ញើ និង​គណនី​អ្នក​ខ្ចី​នៅក្នុង​គ្រឹះស្ថាន​ធនាគារ​មាន​ចំនួន ១៥,៥​ លាន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ចំនួន​ជាង ៣,៧​ លាន​។​

​លោក Igor Zimarev ជាប្រធាន​ផ្នែក​ទីផ្សារ និង​ទទួល​ខុសត្រូវ​សង្គម​សាជីវកម្ម​របស់​ធនាគា​រ ​ABA បានផ្តល់​បទ​សម្ភាសន៍​ជាមួយ ​ភ្នំពេញ​ ប៉ុស្តិ៍​ អំពី​ការអភិវឌ្ឍ​នៃ​វិស័យ​ហិ​​រញ្ញ​វត្ថុ​បច្ចុប្បន្ន​រួមចំណែក​ក្នុងការ​ផ្សារភ្ជាប់ «​ប្រជាជន​ដែល​មិនទាន់​ទទួលបាន​សេវា​ហិ​រញ្ញ​វត្ថុ​» និង​ថា​តើ ABA កំពុង​រួមចំណែក​អ្វីខ្លះ​ដល់​ការងារ​នេះ​?


​យើង​មើលឃើញថា ចំនួន​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែមាន​ចំនួន​ច្រើន​នៅឡើយ តើ​ធនាគារ​ ABA បាន​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រីក​អាជីវកម្ម​របស់លោក​ដ​ល់​ពួកគេ​?

​ធនាគារ ABA ប្តេជ្ញា​ថា នឹង​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា គ្រប់គ្នា​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដែលមាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​។ នេះ​គឺជា​ការងារ​មួយចំនួន​ដែល​យើង​កំពុង​ធ្វើ​។​

​ប្រព័ន្ធ​ eKYC និង Instant Account៖ យើង​បាន​បង្កើត​ប្រព័ន្ធ​ដ៏​រឹងមាំ និង​សុវត្ថិភាព​សម្រាប់​ដើម្បី​ផ្ដល់​ចំណេះដឹង​ដល់​អតិថិជន​នៅ​តំបន់​ឆ្ងាយៗ តាមរយៈ​ការផ្ទៀងផ្ទាត់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ភាពងាយស្រួល​ដល់​ពួកគេ ដើម្បី​ផ្តល់​លទ្ធភាព​ទទួលបាន​សេវាកម្ម​ពី​ធនាគារ​ABA​។

​ចំពោះ​សេវា​ធនាគារ​ចល័ត​៖ កម្មវិធី ABA Mobile របស់​យើង​អាចឱ្យ​អតិថិជន​ចូល​ប្រើ​គណនី​របស់​ពួកគេ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ពី​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ដោយ​ផ្តល់​អត្ថប្រយោជន៍​ជា​​ច្រើន​ដល់​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​។ ការពង្រីក​បណ្តាញ​សាខា​ធនាគារ ​ABA និង​កន្លែង​ផ្តល់​ស្វ័យ​សេវា ដោយ​យើង​មាន ៨៥​សាខា និង​កន្លែង​ផ្ដល់​ស្វ័យ​សេវា​រយៈពេល​ ២៤ ​ម៉ោង​ក្នុង​ ១ ​សប្ដាហ៍ ចំនួន ​៤៣ រួម​ទាំង​នៅតាម​តំបន់​ជនបទ​ផង​​ដែរ​។

​យើង​ក៏មាន​ផែនការ​បន្ត​បើក​សាខា​ជា​យុទ្ធសាស្ត្រ​នៅ​ទូទាំងប្រទេស និង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ធនាគារ ABA បាន​ខិតខំ​ប្រឹងប្រែង​អប់រំ​ដល់​សាធារណជន​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​សហគមន៍ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​ព័ត៌មាន​។​

​ធនាគារ ABA កំពុង​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេក​វិទ្យា​ឌីជីថល តើ​ការវិនិយោគ​នេះ​អាចរួមចំណែក​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃចំ​នួន​ប្រ​ជា​ជន​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​?

​បច្ចេកវិទ្យា​ឌីជីថល​ដើរ​ តួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​គម្លាត​សម្រាប់​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ខណៈដែល​កម្មវិធី​ធនាគារ​ចល័ត​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​កាន់​តែមាន​ភាពងាយស្រួល​ប្រើប្រាស់ ជាពិសេស​នៅ​តំបន់​ជនបទ​ដែល​គ្មាន​សាខា​ធនាគារ​នៅ​ជិត​។​

​ការវិនិយោគ​ដ៏​សំខាន់​របស់​ធនាគារ​ ABA លើ​បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ជា​លំដាប់​នៃ​គណនី​រហ័ស​ដែល​យើង​បើក​ដំណើរការ​។ ចាប់តាំងពី​ការ​​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ២០២១ អតិថិជន​របស់​យើង​បាន​បើក​គណនី​រហ័ស​ប្រហែល ១​ លាន​គណនី​។​

​តើ​ការចូលរួម​របស់​ធនា​គារ ​ABA ជាមួយ​បាគង ដែលជា​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញ​​វត្ថុ​ (Fintech) របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដូចម្ដេច​ដែរ​?

ធនាគារ ABA គាំទ្រ​យ៉ាង ខ្លាំង​ចំពោះ​ប្រព័ន្ធ «​បាគង​» ដែលជា​ប្រព័ន្ធ​ទូទាត់​តាម blockchain របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ យើង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​​អភិវឌ្ឍ និង​ការអនុវត្ត​។​

​ធនាគារ ABA គឺជា​ធនាគារ ​១ ក្នុងចំណោម​ធនាគារ​ដំបូង​គេ​ដែល​ផ្តល់​សេវា​ដោយ​ពឹង​​ផ្អែកលើ​ប្រព័ន្ធ​«​បាគង​»​ដល់​អតិថិជន​របស់​យើង​ចាប់​តាំងពី​ខែសីហា ឆ្នាំ​ ២០២០​។ ចំនួន​ប្រតិបត្តិ​ការដែល​អតិថិ​ជន​ធនាគារ ​ABA ធ្វើឡើង​តាមរយៈ​បាគង​កំពុង​កើនឡើង​យ៉ាង​រហ័ស ដែល​ឆ្លុះបញ្ចាំង​ពី​ភាពងាយស្រួល និង​ភាព​ជឿជាក់​របស់​វា​។ សម្រាប់​ការលើកកម្ពស់ និង​ការអប់រំ​៖ យើង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​លើកកម្ពស់​ការទទួល​យក​ប្រព័ន្ធ​បាគង និង​អប់រំ​សាធារណជន​យល់​អំពី​អត្ថ​ប្រយោជន៍​របស់​វា ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។​

តើ​ធនាគារ ​ABA មាន​អតិ​ថិ​ជន​សកម្ម​ប៉ុន្មាន​នាក់​? តើ​ស្ថិតិ​ប្រតិបត្តិការ​ដូចម្ដេច​ដែរ​?

គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ ២០២៣ ធនាគារ ABA មាន​អតិថិជន​ចំនួន ៣,២​ លាន​នាក់ តាមរយៈ​បណ្តាញ​សាខា​ចំនួន ៨៥​ កន្លែង ទីតាំង​ផ្តល់​ស្វ័យ​សេវា​ធនាគារ​ចំនួន​ ៤៣ និង​ម៉ាស៊ីន​ស្វ័យ​ធនាគារ​ចំនួន ១ ៥០០ នៅ​ទូទាំងប្រទេស​។ យើង​គាំទ្រ​យ៉ាងសកម្ម​នូវ​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ ហើយ​អតិថិជន​របស់​យើង​មាន​គណនី​ជាង ២​ លាន​ជា​ប្រាក់​រៀល​។ យើង​សង្កេតឃើញថា ស្ទើរតែ​គ្រប់​អតិថិជន​ទាំងអស់​មាន​គណនី​ធនាគារ​ ABA និង​ការប្រើប្រាស់​កម្មវិធី ABA Mobile​។

​គ្រាន់តែ​ក្នុង​រយៈពេល​ ៩​ ខែ​ឆ្នាំ​ ២០២៣ ប៉ុណ្ណោះ ធនាគារ​ ABA បាន​ដំណើរការ​ប្រតិ​​ប​ត្តិ​ការ​ចំនួន ៥៧៩ ​លាន​ដង សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​របស់​យើង ដែលមាន​តម្លៃ​សរុប​ជាង ១៥៤​ ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​ប្រតិបត្តិការ​ទាំងនោះ​។​

​បណ្តាញ ABA KHQR របស់​យើង​ក៏​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​ផងដែរ ដោយសារ​មាន​ទំនុកចិត្ត​ពី​អាជីវករ​រាប់សែន​នាក់ និង​អតិថិជន​រាប់លាន​នាក់​។ ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៣ ចំនួន​ប្រតិ​​ប​ត្តិ​ការ​បាន​កើនឡើង ១៥០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។​

ហេតុអ្វី​បានជា​ការទូទាត់​តាម​ឌីជីថល​កាន់តែ​មាន​សារៈ​សំខាន់​សម្រាប់​យើង​គ្រប់គ្នា​? តើ​វា​រួមចំណែក​ដល់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​យ៉ាងដូចម្តេច​?

​និន្នាការ​សម្រាប់​ឌី​ជី​ថ​លូ​ប​​នីយកម្ម​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​សកលលោក កំពុង​អភិវឌ្ឍ​អស់​រយៈពេល​ជិត​ ១​ ទសវត្សរ៍​មកហើយ​។ ចំពោះ​វិបត្តិ​ការ​​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​ បាន​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ទៅ​ជា​ប្រាក់​ឌីជីថល និង​ហិរញ្ញវត្ថុ​។ ប្រទេស​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​យ៉ាង​លឿន ដោយសារ​ប្រជាជន​វ័យក្មេង​របស់ខ្លួន ជាពិសេស​វិធានការ​យ៉ាងសកម្ម​រប​ស់រាជ​រដ្ឋាភិបាល និង​ការ​ដាក់ឱ្យ​ដំណើរការ​គម្រោង​បាគង​។​

​ជារួម ធនាគារ ABA បាន​កំពុង​រៀបចំ​វិធានការ​យ៉ាង​ទូលំទូលាយ​ដើម្បី​ពង្រីក​សេវា​កម្ម​របស់​យើង​ទៅ​ផ្តល់ជូន​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ តាមរយៈ​ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ភាពជា​ដៃគូ​ជាមួយ​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត និង​ក្រុមហ៊ុន​ផ្តល់​គណនី​អេ​ឡិច​ត្រូ​និក (​អ៊ី​វ៉ា​លី​ត​) និង​ការអប់រំ​សាធារណជន​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​៕ LA