ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​​ភាគី​កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​កើន​ឡើងជា​បន្តបន្ទាប់​បើទោះបី​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​ដែល​អូសបន្លាយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ចរន្ត​នៃ​ការផ្លាស់ប្តូរ​ទំនិញ​អន្តរជាតិ​តាម​គោលដៅ​ភាគច្រើន​ធ្លាក់ចុះ​ក៏ដោយ​។

​យោងតាម​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់​សរុប ៨០៨,០៧ ​លាន​ដុល្លារ កើន ១៨,៦ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ៦៨១,២៥ លាន​ដុល្លារ​។


​ក្នុង​ចំនួន​ខាងលើ​គឺ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ចំនួន ៣៧,១២​ លាន​ដុល្លារ កើនឡើង ៤១,៨​ ភាគរយ និង​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា ៧៧០,៤៥ ​លាន​ដុល្លារ កើន ១៧,៧​ ភាគរយ​។ បើ​ផ្អែកលើ​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព ៧៣៣,៨២ ​លាន​ដុ​ល្លារ​។ ទឹកប្រាក់​នៃ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២ គឺ​ស្មើនឹង ២,៣ ​ភាគរយ​ នៃ​ទំហំ​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា រយៈពេល ៩​ ខែ ឆ្នាំ ​២០២៣ ដែលមាន ៣៥,១៦ ​ពាន់​លាន​ដុល្លារ​។​

​យោងតាម GDCE គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២៣ ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​៦ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន ខណៈ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២២ ស្ថិតនៅ​លេខ​រៀង​ ១៣​។​


​ដោយឡែក​ការផ្លាស់ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង ២ ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ គឺមាន​ចំនួន ៦៦ ​លាន​ដុល្លារ កើន ២០,៩៨ ​ភាគ​​រយ​ ធៀប​ខែកញ្ញា ឆ្នាំ​២០២២ ដែលមាន ៥៤,៥៥​ លាន​ដុល្លារ ដោយ​ទំនិញ​កម្ពុជា​នាំចេញ​វិញ​ ៧,៥៧​ លាន​ដុល្លារ កើនឡើង​ ៤៥,៩៤​ ភាគរយ និង​ទំនិញ​ដែល​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា ​៥៨,៤៣ ​លាន​ដុល្លារ កើនឡើង ១៨,៣៥​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី ​២២ ខែកញ្ញា​ថា ក្នុងនាម​ជា​ប្រ​ទេស​សមាជិក​អាស៊ាន​តែមួយ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ព្រមទាំង​ការចូល​ជា​ធរមាន​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​តំបន់ RCEP បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រ​ទេស​ទាំង​ ២ កើន​ឡើងជា​បន្ត​បន្ទាប់​។ ទោះបីយ៉ាងណា​បើ​គេ​ពិនិត្យ​លើ​ចំនួន​ទឹកប្រាក់​ដែល​ឥណ្ឌូនេស៊ី​នាំ​ទំនិញ​មក​កម្ពុជា គឺមាន​លើសលប់​ច្រើន ដែល​បញ្ហា​នេះ គឺ​ដោយសារ​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​រោងចក្រ​/​សហគ្រាស​ច្រើន ដូច្នេះ​សមត្ថភាព​ផលិត និង​នាំចេញ​របស់គេ​ក៏​ខ្លាំង​ជាង​កម្ពុជា​ដែរ​។

​លោក​បន្តថា តាមរយៈ​ការខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា លោក​រំពឹងថា​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​គោលដៅ​អន្តរជាតិ​ផ្សេងៗ​ទៀត​ប្រាកដជា​នឹង​កើនឡើង ពិសេស​នៅពេល​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​រឹងមាំ​វិញ​។​

​លោក​ថ្លែងថា​៖«​ភាព​វិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​អ្វីដែល​កម្ពុជា​ត្រូវខិតខំ​ថែមទៀត​នោះ គឺ​ការលើកកម្ពស់​សមត្ថភាព​នាំចេញ​របស់ខ្លួន​ទៅគ្រប់​គោលដៅ​ឱ្យបាន​កាន់តែច្រើន​។ កសិផល នឹង​ក្លាយជា​ផ្នែក​សំខាន់​ដែល​កម្ពុជា​អាច​ចាប់យក​ដើម្បី​ជំរុញ​ការនាំចេញ​»​។​

​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា ឆ្នាំ​ ២០២៣​ បានប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០ ​តោន ក្នុង ១​ ឆ្នាំ​ ដែលជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស ខណៈ​ឥណ្ឌូនេស៊ីក៏បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។​

​រដ្ឋលេខាធិការ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ បានឱ្យដឹងថា ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា និង​ក្រសួង​ពាណិជ្ជ​កម្ម​ឥណ្ឌូនេស៊ី បាន​ឯកភាព​ឱ្យមាន​ការរៀបចំ​ឡើងវិញ MoU ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ក្នុង​បរិមាណ ២៥ ​ម៉ឺន​តោន ​ក្នុង ១ ឆ្នាំ​សម្រាប់​រយៈពេល​ ៤​ ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​ភាគី​ឥណ្ឌូ​នេ​ស៊ី បាន​ឯកភាព​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ២៥​ ម៉ឺន​តោន ក្នុងនោះ​អង្ក​រស ១០ ម៉ឺន​តោន ដោយ​ប្រើប្រាស់​យន្តការ ក្រុមហ៊ុន ប៊ូ​លុក (​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូនេស៊ី​) និង​ក្រុមហ៊ុនហ្រ្គីន​​ត្រេ​ដ ​(​ក្រុមហ៊ុន​រដ្ឋ​នៅ​កម្ពុជា​) និង​បរិមាណ​ដែល​នៅសល់ ជា​ប្រភេទ​អង្ករ​ប្រណីត​ដោយ​អនុ​​វត្ត​រវាង​ក្រុមហ៊ុន ID food និង​សមាជិក​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​។ ចំពោះ​តម្លៃ​អង្ករ និង​លក្ខខណ្ឌ​ផ្សេងៗ​ភាគី​ទាំង ២ នឹង​បន្ត​ពិភាក្សាគ្នា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​»​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លោកស្រី ជា​ សិរី នា​អំឡុងពេល​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​មហាសន្និបាត​ពេញអង្គ​ប្រចាំឆ្នាំ ​២០២៣ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) និង​ធនាគារពិភពលោក (WB) ដែល​រៀបចំ​ពីថ្ងៃ​ទី​ ៩-១៥ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ម៉ា​រ៉ា​កិ​ច ប្រទេស​ម៉ា​រ៉ុ​ក ក៏បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក Perry Warjiyo ទេ​សា​​ភិ​បាល​ធនាគារកណ្តាល​ឥណ្ឌូ​ណេ​ស៊ី​ដើម្បី​ពិភាក្សា​អំពី​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ សំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​អេ​​ឡិច​ត្រូ​និក​ឆ្លងដែន ដែល​នឹង​សម្រួល​ដល់​ទេសចរណ៍​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុងប្រទេស​ទាំង​ ២ ​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​កម្ពុជា​-​ឥណ្ឌូនេស៊ី​ មានទឹក​ប្រាក់​សរុប ៩៤៨,៥៣ លាន​ដុល្លារ កើន ៤៨,៣ ភាគ​​រយ​ពី ៦៣៩,៧២ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ទំនិញ​នាំ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មក​កម្ពុជា ចំនួន ៩១១,៦៩ លាន​ដុល្លារ កើន ៥០​ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ៣៦,៨៣៩ ​លាន​ដុល្លារ កើន ១៥,៩ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕