ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងវិស័យសក្តានុពលផ្សេងទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំង ២ ខណៈកម្ពុជាក៏រំពឹងនឹងទាក់ទាញការវិនិយោគលើវិស័យប្រេងកាត និងឧស្ម័នពីប្រទេសដែលផលិតប្រេងមួយនេះផងដែរ។
ការប្ដេជ្ញាចិត្តរវាងប្រទេសទាំង ២ បានធ្វើឡើងដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការរងសមុទ្រ (GCC) នៅទីក្រុងរីយ៉ាដ នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបជូនអំពីទិសដៅសក្តានុពលនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងវិស័យសក្តានុពលផ្សេងទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំង ២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC)។
MFAIC បានដកស្រង់សម្ដីដោយលើកឡើងថា៖ «សម្តេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត តាមរយៈការសម្រេចចិត្តបង្កើតស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុងភ្នំពេញ និងបានស្នើឱ្យភាគីទាំង ២ ស្វែងយល់ពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង ជាពិសេសកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់ការទូត និងអ្នកកាន់លិខិតឆ្លងដែនផ្លូវការ»។
MFAIC បានបន្តថា៖ «នាយករដ្ឋមន្ត្រីទាំង ២ បានសម្តែងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២ បន្ថែមទៀត»។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan alSaud កាលពីថ្ងៃទី ១៨ ខែមីនា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បានប្រាប់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គមកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល ការអប់រំ វប្បធម៌ និងកសិកម្ម ដោយលោកបានស្នើឱ្យលោក ហ៊ុន សែន គាំទ្រសម្រាប់ភាពជាដៃគូក្នុងវិស័យទាំងនេះ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានស្វាគមន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ ពិសេសគឺវិស័យសក្តានុពលដូចជា ទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្ម។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាពេលកន្លងមកថា ចំណងមិត្តភាពរវាងកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត នៅមិនទាន់ស៊ីជម្រៅនៅឡើយទេ ដោយសារតែកម្ពុជាមិនបានបង្កើតស្ថានទូតនៅអារ៉ាប៊ីសាអ៊ូឌីត។
លោកបានថ្លែងថា៖ «ប្រទេសទាំង ២ ត្រូវការជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យបានខ្លាំង ពីព្រោះវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ។ យើងដឹងហើយថា អារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសសំខាន់បំផុតមួយក្នុងចំណោមប្រទេសអារ៉ាប់។ ទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត នឹងជាការជំរុញដល់ភាពចម្រុះនៃផ្នែកការទូតរបស់កម្ពុជា»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នៅមានកម្រិតទាបនៅឡើយ ដោយការដោះដូរទំនិញសរុបមានត្រឹម ២០ លានដុល្លារ ក្នុងឆ្នាំ ២០២០ នេះបើយោងតាម Trading Economics។ ការនាំចេញរបស់កម្ពុជាទៅ អារ៉ាប៊ី សាអ៊ូឌីត ក្នុងឆ្នាំ ២០២០ មានចំនួន ៣,១ លានដុល្លារ និងនាំចូលមកវិញចំនួន ១៥,៩២ លានដុល្លារ៕