ភ្នំពេញៈ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ នៅក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២៣ សម្រេចបាន​ប្រមាណ​ជិត ៤,២ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ជិត ៦៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​វត្ថុ​ប្រចាំឆ្នាំ ​២០២៣ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺ​ការអនុវត្ត​ចំណូល​បាន​ថយចុះ​ជាង ២ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល ប្រចាំ​ខែសីហា ឆ្នាំ​ ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា រយៈ​ពេល ៨​ ខែ​ដើមឆ្នាំ​ ២០២៣ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ សម្រេចបាន ១៧ ៣០៨​ ពាន់​លាន​រៀល ​(​ប្រ​​ហែល ៤,១៩​ ពាន់​លាន​ដុល្លារ​)​ស្មើនឹង ៦៥,៩៤​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ក្នុងនោះ​ចំណូល​ពន្ធ ១៤ ៧៣៨ ​ពាន់​លាន​រៀល ​(៣,៥៧​ ពាន់​លាន​ដុល្លារ​) ស្មើនឹង ៨៥,១៥ ​ភាគរយ​នៃ​ចំណូល​សរុប​, អំណោយ ៨៩៩ ​ពាន់​លាន​រៀល ​(២១៧,៧៦​ លាន​ដុល្លារ​)​ ស្មើ ៥,២ ​ភាគរយ​, និង​ចំណូល​ផ្សេងៗ​ចំនួន ១ ៦៧១​ ពាន់​លាន​រៀល ​(៤០៤,៧៦​ លាន​ដុល្លារ​) ស្មើនឹង ៩,៦៥​ ភាគ​​រយ​។ ដោយឡែក​បើ​ធៀប​រយៈពេល ៨​ ខែ​ឆ្នាំ ២០២២ គឺ​ការអនុវត្ត​ចំណូល​បាន​ថយចុះ ២,០៤​ ភាគរយ ក្នុងនោះ​ចំណូល​ពន្ធ ថយចុះ ២,៧៥​ ភាគរយ​, អំណោយ​ថយចុះ ២១,៩៩​ ភាគរយ រីឯ​ចំណូល​ផ្សេងៗ កើនឡើង ២២,៨៨​ ភាគរយ​។​


​របាយការណ៍​ឱ្យដឹងទៀតថា ទន្ទឹមនឹង​ការអនុវត្ត​ចំណូល​ខាងលើ ការចំណាយ​សរុប​ (Expenditure) របស់​រដ្ឋបាល​ថ្នាក់ជាតិ ក្នុង​រយៈពេល ៨ ​ខែ​ ឆ្នាំ​ ២០២៣ មាន​ចំនួន ១៨ ៧៨២​ ពាន់​លាន​រៀល ​(​ប្រហែល ៤,៥៥​ ពាន់​លាន​ដុល្លារ​) ស្មើ នឹង ៥៧,១១​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ក្នុងនោះ​ចំណាយ ១៣ ៥៣៧​ ពាន់​លាន​រៀល ​(៣,២៨​ ពាន់​លាន​ដុល្លារ​) ស្មើ ៧២,០៧ ​ភាគរយ​នៃ​ចំណាយ​សរុប​, និង​ចំណាយ​វិនិយោគ​លើ​ទ្រព្យ​មិនមែន​ហិរញ្ញវត្ថុ ៥ ២៤៦ ​ពាន់​លាន​រៀល ​(១,២៧​ ពាន់​លាន​ដុល្លារ​) ស្មើនឹង ២៧,៩៣ ​ភាគរយ​នៃ​ចំណាយ​សរុប​។ បើ​ធៀប​នឹង​រយៈពេល ៨ ​ខែ ដូចគ្នា​ឆ្នាំ​ ២០២២ ចំណាយ​សរុប​របស់រ​ដ្ឋ​បាល​ថ្នាក់ជាតិ កើនឡើង ១៧,០១ ​ភាគ​​រយ ក្នុងនោះ​ចំណាយ កើន ១៤,០៤ ​ភាគរយ​, និង​ចំណាយ​វិនិយោគ​លើ​ទ្រព្យ​មិនមែន​ហិរញ្ញវត្ថុ បាន​កើនឡើង ២៥,៤​ ភាគរយ​។​

​ផ្អែក​តាម​លទ្ធផល​ចំណូល​ចំណាយ​ខាងលើ​, ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ជាតិ​រយៈពេល ៨​ ខែ​ដើមឆ្នាំ​ ២០២៣ គឺមាន​ឱនភាព ១ ៤៧៤​ ពាន់​លាន​រៀល ​(​ប្រហែល ៣៥៧,៣២​ លាន​ដុល្លារ​) ខណៈ​ការអនុវត្ត​រយៈពេល ៨​ ខែ ដើមឆ្នាំ​ ២០២២ មាន​អតិរេក ១ ៦១៦ ​ពាន់​លាន​រៀល ​(៣៩១,៨១​ លាន​ដុល្លារ​)​។​


​របាយការណ៍​បញ្ជាក់ថា​៖ «​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២៣ ការអនុវត្ត​ចំណូល​យឺត គួបផ្សំ​នឹង​ការអនុវត្ត​ចំណាយ​លឿន បានធ្វើឱ្យ​ថវិកា​មាន​ឱនភាពប្រមាណ ១២៤​ ពាន់​លាន​រៀល ​(​ប្រហែល ៣០,០៥​លាន​ដុល្លារ​) ប៉ុន្តែ​ឱនភាព​នេះ​ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប ពោលគឺ​ស្មើនឹង ២២,១៩ ​ភាគរយ នៃ​ឱនភាព​ថវិកា​ប្រ​​ចាំ​ឆ្នាំ​ដែល​បានគ្រោង​។ ឱនភាព​ថវិកា រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២៣ បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការកើនឡើង​បំណុល​ប្រមាណ ៣ ៣៣២ ​ពាន់​លាន​រៀល ​(​ប្រ​ហែល ៨០៧,៤៣ ​លាន​ដុល្លារ​) និង​ការកើនឡើង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ប្រ​​មាណ ១ ៨៥៩ ពាន់​លាន​រៀល ​(​ប្រ​ហែល​៤៥០,៤៦​ លាន​ដុល្លារ​)»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៣ ខែតុលា​ថា ជាទូទៅ​ប្រភព​ចំណូល​សំខាន់​របស់​ជាតិ គឺ​បានមកពី​សារពើពន្ធ និង​ចំណូល​សួយ​សារ​ផ្សេងៗ​។ ការធ្លាក់ចុះ​ចំណូល​បន្តិចបន្តួច​ក្នុង​រយៈពេល ៨ ​ខែ​ខាងលើ​គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​ធ្វើឱ្យ​ការនាំចេញ​-​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ និង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​មួយចំនួន​ជួប​បញ្ហា ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​។ លោក​បន្តថា ទោះ​ការអនុវត្ត​ចំណូល​ជាតិ​ធ្លាក់ចុះ ប៉ុន្តែ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹងមិន​មាន​បញ្ហា​អ្វី​ប៉ះពាល់​ខ្លាំង​នោះទេ​។​

​លោក​បាន​ថ្លែងថា​៖ «​ទោះយ៉ាងណា ដោយសារ​នៅសល់​រយៈពេល​ជិត ៣​ ខែ​ទៀត​ទើប​ឆ្នាំ ​២០២៣ បិទ​បញ្ចប់ ដូច្នេះ​ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ការអនុវត្ត​ចំណូល​ជាតិ​ឆ្នាំនេះ អាច​នឹង​បន្ត​ធ្លាក់ចុះ ឬ​ងើប​ឡើងវិញ​កម្រិតណា​ទេ​»​។ លោក​បន្តថា​៖ «​ទោះជា​យ៉ាងណា​ឆ្នាំ​ ២០២៤ ខាងមុខ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​អ្វីៗ​នឹងមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំនេះ​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ក្នុង​ខែតុលា នេះ បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅក្នុង​ឆ្នាំ​ ២០២៣ នឹង​សម្រេចបាន​ក្នុង​អត្រា ៥,៦ ​ភាគរយ និង​ឆ្នាំ​ ២០២៤ មាន​អត្រា ៦,១ ​ភាគរយ​។ ការ​ព្យាករ​របស់ IMF​ គឺ​ខ្ពស់ជាង​ការ​ព្យាករ​កាលពី​ថ្ងៃទី​ ០២ ខែតុលា របស់​ធនាគារពិភពលោកដែលថា សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ព្យាករ​ក្នុង​អត្រា ៥,៥ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២៣ និង​ឆ្នាំ ​២០២៤ ត្រូវ​នឹងមាន​អត្រា ៦,១ ​ភាគរយ​៕