​ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​វៀតណាម បានបង្ហាញ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​ដោយ​ក្នុង​រយៈពេល ៩ ​ខែ​ដំបូង​​ ឆ្នាំ​២០២៣ មាន​ទឹកប្រាក់​ជាង ២ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៣០​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់​ជិត ៤,៨​ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ​របស់ GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​កញ្ញា ឆ្នាំ ​២០២៣ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម មានទឹក​ប្រាក់ ២,០៤​ ពាន់​លាន​ដុល្លារ កើន ៣០,៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ១,៥៦ ​ពាន់​លាន​ដុ​ល្លារ ចំណែក​ទំនិញ​វៀតណាម​នាំមក​កម្ពុជា​ចំនួន ២,៧៤​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១១ ​ភាគ​​រយ​ពី ៣,០៧ ​ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ​បានធ្វើឱ្យ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​រួម​នៃ​ប្រទេស​ទាំង ២ ​មាន​ចំនួន ៤,៧៧ ​ពាន់​លាន​ដុល្លារ កើន ៣ ​ភាគរយ​ពី​ចំនួន ៤,៦៣​ ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​


GDCE ឱ្យដឹងថា សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឱនភាព ៦៩៧,២៦​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ មាន ១,៥១​ពាន់​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែតុលា​ថា ការកើនឡើង​សមត្ថភាព​ផលិត​នៅ​កម្ពុជា បញ្ហា​កង្វះ​​ខាត​ឃ្លាំង​ស្តុក​/​រោងចក្រ​កែច្នៃ និង​ទុន​ប្រមូល​ទិញ​ផលិតផល ព្រមទាំង​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​តាម​ព្រំដែន បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​វៀតណាម ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា កើន​ឡើងជា​បន្តបន្ទាប់​។ លោក​បន្តថា ការនាំ​ចេញទៅ​វៀតណាម​នឹង​បន្ត​កើនឡើង​ថែមទៀត ខណៈ​បច្ចុប្បន្ន​មាន​វិនិយោគិន​វៀតណាម​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា កសិកម្ម ឧស្សាហកម្ម ធនធាន​រ៉ែ ដឹក​ជញ្ជូន និង​ហិរញ្ញវត្ថុ​ជាដើម​។


​លោក​ថា​៖ «​ដោយសារ​ប្រទេស​ទាំង​ ២​ មាន​ព្រំដែន​គោក​​ទឹក​ជាប់​គ្នា ដូច្នេះ​ការនាំចេញ​-​ចូល​ទំនិញ​ប្រាកដ​ជាមាន​ច្រើន​លើសពី​អ្វីដែល​បាន​កត់ត្រា​។ ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​នឹងធ្វើ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​មាន​កំណើន​កាន់តែ​ខ្ពស់​»​។ លោក​បន្តថា​៖ «​វៀតណាម គឺជា​ទីផ្សារ​ទទួល​ទិញ​កសិផល​ឈានមុខ​គេ​របស់​កម្ពុជា​»​។​

​យោងតាម​លោក លឹម ហេង ផលិត​ផល​សំខាន់​ដែល​កម្ពុជា​នាំទៅ​វៀតណាម រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង​ធនធាន​ធម្មជាតិ ចំណែក​វៀតណាម​នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍​អេឡិចត្រូនិក​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។​

​អគ្គលេខាធិការ​គណៈកម្មកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក ជា វុទ្ធី នៅក្នុង​ជំនួប​ជាមួយ​លោក Nguyen Duc Phong អនុ​លេ​ខា​អចិន្រ្ដៃយ៍​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា នៅ​រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃទី​​ ២០ ខែតុលា បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ គឺ​កាន់​តែមាន​ភាពល្អប្រសើរ ដោយ​បច្ចុប្បន្ន​មាន​វិនិយោគិន​វៀតណាម​ជា​ច្រើន​កំពុង​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើសុំ​ឱ្យមាន​ការពង្រឹង​ភាពជា​ដៃគូ និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បន្ថែម​ដើម្បី​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការវិនិយោគ​របស់​វៀត​ណា​ម​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​អ្នកវិនិយោគ​វៀតណាម​កំពុង​ជួបប្រទះ លោក ជា វុទ្ធី បាន​ប្រាប់ថា CDC នឹង​ព្យាយាម​សម្រប​​សម្រួល​ដោះស្រាយ​រាល់​បញ្ហា​ដែល​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ចំណែក​បញ្ហា​ដែលមាន​លក្ខណៈ​អន្តរ​វិស័យ​ភាគី​វៀតណាម​អាច​លើក​បញ្ហា​ទាំងនោះ​ជូនទៅ​ក្រុមការងារ​តាម​វិស័យ​ទាំង ​១៤ នៃ​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦ ១៣៥,៧៦ ​លាន​ដុល្លារ កើន ១៩,៦​ ភាគរយ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​វៀតណាម ២ ១៦៨,៦២ ​លាន​ដុល្លារ កើន ៩,២ ​ភាគរយ និង​វៀត​ណា​ម​នាំមក​កម្ពុជា ៣ ៩៦៧,១៤១៣​ លាន​ដុល្លារ កើន ២៦,២​ ភាគរយ​៕