​ភ្នំពេញៈ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ស្ថាប័ន​មីក្រូ​ហិ​​រញ្ញ​វត្ថុ​កម្ពុជា​ (CMA)​ ឱ្យ​ពិនិត្យ​លទ្ធភាព និង​ឱកាស​វិនិយោគ តាមរយៈ​ការផ្តល់​កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ដែល​ជួយ​សម្រួល​ដល់​ការវិនិយោគ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ខណៈ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ អះអាងថា នឹង​ជំរុញ​ការគាំទ្រ​បន្ថែមទៀត​លើ​ឥណ​ទាន​កសិកម្ម​។​

​សំណើ​នេះ​ត្រូវបាន លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃទី ​២០ ខែតុលា​។ នៅក្នុង​ឱកាស​នោះ​ភាគី​ទាំង ​២ បានលើកឡើង​ពី​សារៈសំខាន់​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ក្នុងការ​ចូលរួម​ជួយ​ដល់​ប្រជាកសិករ និង​ការ​អភិ​​វ​ឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន ដើម្បី​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម លោក ឌិ​ត ទីណា បាន​លើកឡើងថា ក្នុង​អាណត្តិ​ទី​៧ នេះ ក្រសួង​មាន​គោ​លន​យោ​​បាយ​សហគមន៍​កសិក​ម្ម​ថ្មី​ដែល​រួមមាន​ធនធាន និង​ទុន​គ្រប់​​គ្រាន់ មាន​ផែនការ ការគ្រប់គ្រង និង​ទីផ្សារ​ជាក់លាក់ ជាដើម​។​

​លោក​លើកឡើងថា​៖ «​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អាច​ពិនិត្យ​លទ្ធ​ភាព និង​ឱកាស​វិនិយោគ​តាមរយៈ​ការផ្តល់​នូវ​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ដែល​ជួយ​សម្រួល​ដល់​ការវិនិយោគ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ផ្តល់​ផលចំណេញ​ទាំង​ស្ថាប័ន និង​កសិករ​»​។​


​ក្នុងឱកាស​នោះ ភាគី​ទាំង​ ២ ​ក៏បាន​លើកឡើង​អំពី​ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សហការ​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​កសិករ និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចែករំលែក​នូវ​ទិន្នន័យ​កសិកម្ម ទីផ្សារ និង​ព័ត៌មាន​ពាក់​ព័ន្ធ​ការងារ​កសិកម្ម ជំរុញ​ការងារ​ធានា​រ៉ាប់​​រង​កសិកម្ម និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាកសិករ​។​

​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ កម្ពុជា លោក កាំ​ង តុង​ងី កាលពី​ថ្ងៃទី​ ២៤ ខែតុលា និយាយថា កសិកម្ម​គឺជា​វិស័យ​ស្នូល ដែល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​អាទិ​ភាព​តាំងពីដើម ដោយ​កម្ចី​ក្នុង​វិស័យនេះ​មាន​ប្រមាណ ១៨ ​ភាគរយ​នៃ​ឥណទាន​សរុប គឺ​ស្ថិតក្នុង​លំដាប់​ទី​ ៣ ខណៈ​ទី​២ ជា​ឥណទាន​អាជីវកម្ម​លក់រាយ និង​ទី​១ ឥណទាន​គ្រួសារ​។​

​លោក​បន្ថែមថា ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គឺ​សមាគម​មាន​គោល​បំណង​ជម្រាបជូន​ពី​របាយការណ៍​វឌ្ឍន​​ភាព​នានា​ចំពោះ​ការគាំទ្រ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ លើ​វិស័យ​កសិកម្ម​កន្លងមក និង​ស្នើសុំ​ការគាំទ្រ​បន្ថែម​ពី​ក្រសួង លើ​ការ​ងារ​មួយចំនួន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​លោក​បញ្ជាក់ថា​៖«​យើង​នៅតែ​ជំរុញ​សម្រាប់​ការផ្តល់​ឥណទាន​ក្នុង​វិស័យ​ក​សិ​កម្ម ដោយសារតែ​យើង​មើលឃើញថា ជា​វិស័យ​យុទ្ធសាស្ត្រ និង​ជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើរតួនាទី​បង្កើន​ចំណូល​ដល់​ពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅតាម​ជនបទ​ផងដែរ​»​។​

​បែបនេះ​ក្តី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ដដែល​អះអាងថា ក្នុង​បរិបទ​ធម្មតា​ការផ្តល់​ឥណទាន​នៅក្នុង​វិស័យ​កសិកម្ម​មាន​ហានិភ័យ​ខ្ពស់ជាង​វិស័យ​ដទៃទៀត បើសិន​ពលរដ្ឋ​យក​ឥណទាន​ទាំងនេះ​ទៅប្រើ​ប្រាស់​មិន​ចំ​គោលដៅ​។ ហេតុនេះហើយ​ទើបបានជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​តែងតែមាន​ការសិក្សា​ឱ្យបាន​ល្អិតល្អន់​និង​ពិនិត្យ​លទ្ធភាព​ជាមុន មុននឹង​ផ្តល់​កម្ចី គឺ​មិនមែន​ជាការ​រឹតបន្តឹង​ចំពោះ​កម្ចី​នោះទេ​។​

​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា ឱ្យដឹងថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានផ្តល់​កម្ចី​ដល់​អតិថិជន មាន​ទំហំ​ទឹកប្រាក់ ៩,៧​ ពាន់​លាន​ដុល្លារ កើន ១៤,៨​ ភាគរយ ដែល​ទាប​ជាង​អត្រាកំណើន​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ដែលមាន ១៦,២ ​ភាគ​​រយ​។ វិស័យ​ដែលមាន​កំណើន​ខ្ពស់​ជាងគេ គឺ​កម្មន្តសាល កើន ៣០,៨ ​ភាគរយ​, អង្គ​ភាព​គ្រួសារ ១៨,៤​ ភាគរយ​, ពាណិជ្ជកម្ម និង​ជំនួញ ១៥​ ភាគរយ​, សំណង់ ១៤ ​ភាគ​​រយ និង​កសិកម្ម ១៣,២​ ភាគរយ​៕