ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្មបាន​ថ្លែងថា វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា នឹង​ជួយ​ជំរុញ និង​បង្កើត​ឱកាស​ក្នុងការ​អភិវឌ្ឍ​វិស័យ​ត្រចៀកកាំ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ពាណិជ្ជកម្ម ជាមួយ​អន្តរជាតិ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​បង្កើន​កម្រិត​ចំណូល របស់​ប្រជាជន​កម្ពុជា ជំរុញ​កំណើន សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​។​

​លោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី​ ២៤ ខែតុលា នា​វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា ដែល​បានរៀបចំ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា ក្នុង​រយៈពេល ​២ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​២០២៣​។​


​វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​ពាណិជ្ជករ មកពី​បណ្តា​ប្រទេស​ដែល​នាំចូល​សម្បុក​ត្រចៀកកាំ ដើម្បី​កែច្នៃ​ផងដែរ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (​ហុងកុង ម៉ា​កា កោះ​តៃវ៉ាន់​) និង​សិង្ហ​បុរី​ជាដើម ដើម្បី​សិក្សា​ពី​គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា ខណៈ​កម្ពុជា និង​ចិន បាននិងកំពុង​ចរចា​បើក​ទីផ្សារ​នាំចេញ​សម្បុក​ត្រចៀកកាំ ទៅ​ប្រទេស​ចិន​នាពេលខាងមុខ​។


​លោក សំហេង បូរ៉ា បាន​ថ្លែងថា​៖«​វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ និង​មាន​សារៈសំខាន់​សម្រាប់​ការស្វែងយល់​កាន់តែច្រើន ពី​វិស័យ​ត្រចៀកកាំ​កម្ពុជា ជាពិសេស​បានផ្ដល់​ឱកាស ជូន​អាជីវករ និង​ពាណិជ្ជករ​ជាតិ និង​អន្តរជាតិ ក្នុងការ​ពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម លើ​វិស័យ​ត្រចៀកកាំ​»​។​

​លោក​បាន​ថ្លែងថា ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ត្រចៀកកាំ​នៅ​កម្ពុជា បាននិងកំពុង​មានកា​រ​កើន​ឡើងជា​បន្តបន្ទាប់ តាមរយៈ​កំណើន​នៃ​ការសាងសង់​ផ្ទះ​ត្រចៀកកាំ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស រាប់ទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។

«​វិស័យ​ត្រចៀកកាំ បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​លើ​ការងារ​សាងសង់​ផ្ទះ​ត្រចៀកកាំ សម្អាត​សម្បុក កែច្នៃ ដឹកជញ្ជូន និង​ការងារ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​សម្បុក​ត្រចៀកកាំ​ដទៃទៀត និង​បាន​ជួយ​លើកកម្ពស់​កម្រិតជីវភាព របស់​អ្នក​អភិរក្ស​ផ្ទះ​ត្រចៀកកាំ តាមរយៈ​ការលក់​សម្បុក​ត្រចៀកកាំ​ដើម (​មិនទាន់ សម្អាត​/​មិនទាន់​រើស​រោម​ចេញ​) សម្បុក​សម្អាត​រួច​កែច្នៃ​សម្បុក​ជា​ភេសជ្ជៈ និង​ការកែច្នៃ​ទៅជា​ផលិតផល ពាក់ព័ន្ធ​ដទៃទៀត​។ វិស័យនេះ បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​សេដ្ឋកិច្ចជាតិ​»​។ លោក សំហេង បូរ៉ា បានបញ្ជាក់​បន្ថែម​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគមន៍​អ្នក​ផលិត និង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ត្រចៀកកាំ​កម្ពុជា ត្រូវ​បន្ត​ពង្រឹងគុណភាព​ផលិតផល​សម្បុក​ត្រចៀកកាំ បង្កើន​បរិមាណ​ផលិត ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ និង​ការបំពេញ​បាន​តាម​លក្ខ​ខណ្ឌ និង​នីតិវិធី​តម្រូវ​នានា សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។​

​នៅក្នុង​វេទិកា​នោះដែរ លោកស្រី វ៉ា សុ​ជិន ប្រធាន​សមាគម​អ្នក​ផលិត និង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា បានលើកឡើង​ដែរ​ថា វា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ត្រចៀកកាំ​កម្ពុជា ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​សមាជិក សមាជិកា​នៃ​សមាគម​អ្នក​ផលិត និង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​សម្បុក​ត្រចៀកកាំ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​, កសាង​ទំនាក់ទំនង​រវាង​ពាណិជ្ជករ​ក្នុងស្រុក និង​អន្តរជាតិ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​វេទិកា​នេះ​ក៏​ដើម្បី​ឈានដល់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ប្រកបដោយ​ទំនុកចិត្ត​, បង្កើត​ឱកាស​ឱ្យ​វិស័យ​ពាក់ព័ន្ធ​ចូលរួម​គាំទ្រ និង​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការបង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន និង​ស្វែងរក​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ក្នុងការ​នាំចេញ នាំចូល​ផលិតផល​ត្រចៀកកាំ​ដោយ​ស្របច្បាប់​»​។​

​លោកស្រី វ៉ា សុ​ជិន បាន​បញ្ជាក់ដែរថា ក្នុង​វេទិកា​ធុរកិច្ច​ត្រចៀកកាំ​កម្ពុជា​នេះ ក៏មាន​ការតាំង​បង្ហាញ​សម្បុក​ត្រចៀកកាំ និង​ផលិតផល​ពាក់ព័ន្ធ ការដាក់​ដេញថ្លៃ​សម្បុក​ត្រចៀកកាំ និង​ជំនួប​អាជីវកម្ម​រវាង​ផលិតផល​ខ្មែរ និង​បរទេស​ផងដែរ​។​

​ចំណែក ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថាន​ទូ​ចិន​ប្រចាំ​កម្ពុជា លោកស្រី ចុង ជា បាន​ថ្លែងថា បច្ចុប្បន្ន​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ប្រទេស​ចិន និង​កម្ពុជា​កំពុង​ចរចា​យ៉ាងសកម្ម​លើ​កិច្ចព្រមព្រៀង នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ទន្ទឹងរង់ចាំ​ការ​នាំចូល​សម្បុក​ត្រចៀកកាំ ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ផលិតផល​កសិកម្ម ដែលមាន​គុណភាព​ខ្ពស់​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជា​បន្តបន្ទាប់ ដូចជា​អង្ករ ចេក មៀន ដូង និង​កសិផល​ផ្សេងទៀត ព្រមទាំង​ផលិតផល​កសិកម្ម​ជាច្រើន​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ចិន ដោយ​ជោគជ័យ​»​។​

​បើតាម​របាយការណ៍​ពី​សមាគម​អ្នក​ផលិត និង​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​នាពេល​បច្ចុប្បន្ន កម្ពុជា​មានផ្ទះ​ត្រចៀកកាំ ប្រមាណ​ជាង ៥​ពាន់​ផ្ទះ ដោយមាន​កំណើន​ក្នុង​រង្វង់ ១៥​ផ្ទះ​ជា​រៀងរាល់ឆ្នាំ​។ កំណើន​សំណង់ផ្ទះ​ត្រចៀកកាំ​នេះ​បានធ្វើ​ឱ្យមាន​កំណើន​បរិ​មាណ​ផលិតផល​សម្បុក​ត្រចៀកកាំ ជា​រៀងរាល់ឆ្នាំ ដោយ​ជា​មធ្យម​មាន​ប្រមាណ ១០០​តោន ក្នុង​១​ឆ្នាំ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​៕