ភ្នំពេញៈ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ការ​អបអរសាទរ និង​រីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មី​នី​បៀ (Minebea)​​ ដែល​មក​បណ្តាក់​​ទុន​នៅ​កម្ពុជា និង​មាន​ការរីក​ចម្រើន​ពី​ ១ ​អាណត្តិ​ទៅ​ ១ ​អាណត្តិ ខណៈ​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​មួយ​នេះ​សន្យា​កៀរគរ​ក្រុម​ហ៊ុន​ធំៗ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ដូច្នេះ​អំឡុងពេល​អនុញ្ញាតឱ្យ​អគ្គនាយក​ក្រុមហ៊ុន Minebea លោក Yoshihisa Kainuma ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន ៧ ​មករា កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៣​។​


​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ហ៊ុន សែន បាន​លើកឡើងថា​៖ «[​សម្តេច​តេ​ជោ​] បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន Minebea ដែល​បាន​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ពី​ ១ ​អាណត្តិ​ទៅ ​១​ អាណត្តិ​ពិសេស​ការបង្កើន​ភាពជា​ដៃគូ​វិនិយោគ​ប្រកបដោយ​ទំនុកចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​បើតាម​ប្រភព​ដដែល លោក Yoshihisa Kainuma អគ្គ​នាយក​ក្រុមហ៊ុន Minebea ក៏បាន​កោតសរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់លោក ហ៊ុន​ សែន ដែល​ក្នុងនោះ លោក ហ៊ុន​ សែន គឺជា​ឆ្មប​បង្កើត​ក្រុមហ៊ុន Minebea នៅ​កម្ពុជា ដោយ​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល ​១២ ​ឆ្នាំ​មកហើយ​។​


​ក្នុង​រយៈពេល​ ១២ ​ឆ្នាំកន្លងមក ក្រុមហ៊ុន​បាន​ផលិត​ផលិត​ផល​ថ្មីៗ​ជាច្រើន​ដើម្បី​បម្រើឱ្យ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ក្នុងនោះ​អេឡិចត្រូនិក គឺជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ត្រូវបាន​ផលិត​ជា​លើកដំបូង​នៅ​កម្ពុជា ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តជាតិ​។​

​លោក Yoshihisa បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ក៏មាន​លទ្ធភាព​បង្កើត​គម្រោង​ថ្មី​សម្រាប់​ការ​វិ​និ​យោគ​នៅ​កម្ពុជា​ដែរ ក្នុងនោះ​រួមមាន​ការវិនិយោគ​លើ​ថា​ម​ពល​កកើតឡើង​ថ្មី ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បម្រែបម្រួល​អាកាសធាតុ​ឡើយ​»​។​

​លោក​បន្តថា​៖ «​ក្នុង​អាណត្តិ​​ទី​៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន​ ម៉ា​ណែ​ត ក្រុមហ៊ុន​នឹង​កៀរគរ​បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សម្ទុះ​កើនឡើង ពិសេស​ការប្រមូលផ្តុំ​ប្រភព​ទុន​លើ​ការវិនិយោគ​អំពូល​ភ្លើង​ឆ្លាត​បំភ្លឺ​នៅតាម​ទីសាធារណៈ ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​ក្នុង​តំបន់ និង​អន្តរជាតិ​»​។​

Minebea គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន ដែល​បានមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១ ដោយ​ផលិត​ម៉ូ​ទ័​រ​សម្រាប់​នាំចេញ​ទៅ​លក់​នៅក្រៅ​​ប្រទេស​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និង​សម្ភារ​ក្មេង​លេង​កម្សាន្ត និង​បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់​។​

​ដោយឡែក​នៅក្នុង​ថ្ងៃ​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អនុញ្ញាតឱ្យ​លោក Yoshihisa Kainuma ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសម្រេចចិត្ត​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន​ពិតជា​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត​ចំពោះ​ស្ថិរភាព​នៅ​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន Minebea នៅ​កម្ពុជា​ដោយ​ចាប់ផ្តើម​ពី​ដើមទុន​ប្រមាណ ២៣ ​លាន​ដុល្លារ​រហូត​កើន​ដល់ ៦០០​ លាន​ដុល្លារ​។ ការសម្រេចចិត្ត​ពង្រីក​កា​រវិ​និ​យោគ​នេះ​ពិតជា​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ចំ​​ពោះ​ស្ថិរភាព​របស់​កម្ពុជា​»៕