ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លោក ជា វ៉ាន់​ដេ​ត បានស្នើ​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន​(EU-ASEAN Business Council)​ ឱ្យជួយ​ជំរុញ​និង​ពង្រឹង​ការវិនិយោគ​លើ​វិស័យ​ប្រៃសណីយ៍​និង​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ដើម្បី​រួមចំណែក​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​។​

​ការស្នើ​របស់លោក​រដ្ឋ​មន្ត្រី​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក JENS Ruebbert ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន​ និង​គណៈប្រតិភូ​នៅ​ទីស្តីការក្រសួង​កាល​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២៣​។​ជំនួប​ពិភាក្សា​នេះ​មាន​គោលបំណង​ដើម្បី​ពង្រីក​កិច្ចសហការ​ធុរកិច្ច​របស់​សភាព​អឺរ៉ុប​ជាមួយ​វិស័យ​ឯកជន​និង​សាធារណៈ​នៅ​កម្ពុជា​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ​នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួង​ប្រៃសណីយ៍​។​


​ក្រសួង​បានឱ្យដឹងថា នាឱកាស​នោះ​លោក​ ជា វ៉ាន់​ដេ​ត បាន​ជម្រាប​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​សភាព​អឺរ៉ុប​-​អាស៊ាន​ ពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង​ក្នុង​ការរៀបចំ​គោលនយោបាយ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាដើម ដោយ​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ជំរុញ​វិស័យ​ប្រៃ​ស​ណី​យ៍ ជាពិសេស​បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ការជំរុញ ការ​ចាប់យក​ឌីជីថល ការបង្កើត​កម្មវិធី​​ប្រកួតប្រជែង ការរៀបចំ​កសាង​ម​ជ្ឈ​​មណ្ឌល​ទិន្នន័យ​ជាតិ ការបង្កើត​ថ្នាល​ឌីជីថល ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ឌីជីថល ការពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍​កាន់តែ​ប្រសើរឡើង ព្រមទាំង​ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​លើ​បច្ចេកវិទ្យា ​5G ដែល​ស្របតាម​ដំណាក់កាល​អភិវឌ្ឍន៍​នៃ​វិស័យ​ទូរ​គមនាគមន៍​»​។​


​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ EU-ABC​ និង​ Eurocham​ ប្រចាំ​នៅ​កម្ពុជា​ឱ្យជួយ​ជំរុញ​និង​ពង្រឹង​ការវិនិយោគ​បន្ថែម​លើ​ផ្នែក​ប្រៃសណីយ៍​និង​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក JENS Ruebbert បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ដែល​បាន​អនុញ្ញាតឱ្យ​រូបលោក ​និង​គណៈប្រតិភូ​ជា​តំណាង​ក្រុមហ៊ុន​ធំៗ​ក្នុង​វិស័យ​ប្រៃសណីយ៍​ទូរ​គម​នា​​គម​ន៍​ និង​បច្ចេកវិទ្យា​ឌីជីថល​ចូលជួប​ពិភាក្សា​ការងារ ហើយ​លោក​សង្ឃឹមថា ស្ថាប័ន​ទាំង ​២ ​នេះ នឹងមាន​កិច្ចសហការ​បន្ត​ជាមួយគ្នា​នាពេល​មុខ​បន្ថែមទៀត​។​

​ជុំវិញ​រឿងនេះ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ការវិនិយោគ​និង​ពង្រឹង​បន្ថែម​លើ​វិស័យ​ប្រៃសណីយ៍​និង​បច្ចេកវិទ្យា​ឌីជីថល​ គឺជា​រឿង​សំខាន់​ណាស់ ខណៈ​កម្ពុជា​និង​ពិភពលោក​ឈាន​មកដល់​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០ ដែល​ផ្តោត​ខ្លាំង​លើ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ ការធ្វើ​ទំនើបកម្ម ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​លើ​វិស័យ​ប្រៃសណីយ៍​ គឺ​ទាម​ទារ​ឱ្យ​ក្រសួង​ប្រៃសណីយ៍​ខ្លួនឯង​ដើរតួនាទី​ឈានមុខ​គេ ព្រោះថា បច្ចុប្បន្ន​បដិវត្តន៍​ឧស្សាហកម្ម​កំពុង​ឆ្ពោះទៅ​កាន់​បដិវត្តន៍​ឌីជីថល​អស់ហើយ​។ ដូច្នេះ​ប្រសិនបើ​គ្មាន​បច្ចេកវិទ្យា​ទំនើប​ឌីជីថល​...​ទេ យើង​នឹង​ខាតបង់​ច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​យើង​នៅលើ​ទីផ្សារ​ក្នុង​តំបន់​និង​សកលលោក​ផងដែរ​»​។​

​ជាមួយគ្នានេះ លោក​ លឹម ហេង ក៏បាន​ស្នើ​ក្រសួង​ធ្វើយ៉ាងណា​ធានាបាន​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ ក្នុងការ​ប្រកួតប្រជែង​លើ​ការផ្តល់សេវា​ទូរគមនាគមន៍​ឱ្យបាន​ពេញលេញ​នៅ​ទូទាំងប្រទេស ដើម្បី​ទាញ​កំណើន​វិនិយោគ​បន្ថែម​។​

​ក្នុងជំនួប​ខាងលើ​នោះដែរ តំណាង​ក្រុមហ៊ុន Zuellig Pharma, ក្រុមហ៊ុន DHL និង​តំណាង​របស់ Eurocham ប្រចាំ​នៅ​កម្ពុជា​ដែលជា​សមាជិក​របស់​ប្រឹក្សា​ធុរកិច្ច​សភាព​អឺរ៉ុប​-​អាស៊ាន ក៏បាន​សាកសួរ​អំពី​សកម្ម​​ភាពជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ប្រៃ​ស​ណី​យ៍​ក្នុង​ការគាំទ្រ​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ឌី​ជី​ថ​លូ​ប​នីយកម្ម​វិស័យ​សុខាភិបាល ការគាំទ្រ​ដល់​បរិវត្ត​កម្ម​ឌីជីថល​របស់​ SMEs ​ក្នុងស្រុក ក៏ដូចជា​ទិសដៅ​ការងារ​របស់​ក្រសួង​ពាក់​ព័ន្ធ​នឹង​ការប្រើប្រាស់ 5G​។​

​ក្រសួង​ប្រៃសណីយ៍បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើ​ទំនើប​កម្ម និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​លើ​វិស័យ​ប្រៃសណីយ៍ សម្រាប់​អាណត្តិ​ទី៧​ នេះ ក្រសួង​ប្រៃសណីយ៍​នឹង​ផ្តោត​ការអនុវត្ត​ទៅតាម​អនុសាសន៍​ជា​គន្លឹះ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ចំនួន ​៣ រួមមាន រដ្ឋាភិបាល​ឌីជីថល​, សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល និង​ប្រជា​​ជន​ឌីជីថល ដើម្បី​រួមចំណែក​ទ្រទ្រង់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​៕