កម្ពុជា និងវៀតណាម រៀបចំការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិ (VIDEX 2023) ជាមួយគ្នារយៈពេល ៥ ពោលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលនេះជាសកម្មភាពសេដ្ឋកិច្ច នយោបាយ និងសង្គមដ៏សំខាន់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការរៀបចំការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ ២០២៣ បានឱ្យដឹងថា ការតាំងពិព័រណ៍ VIDEX 2023 នេះរៀបចំដោយក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្មវៀតណាម សហការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
នៅក្នុងពិព័រណ៍នេះ ក៏មានការរៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្មវៀតណាម-កម្ពុជា ២០២៣ ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភា្ជប់ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាឆ្នាំ២០២៣ ដែលដឹកនាំដោយការិយាល័យតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអាជីវកម្មចំនួន១៥០ មកពីប្រទេសទាំងពីរ។
ក្នុងពេលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទនេះ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា VIDEX ឆ្នាំ២០២៣ អាចទាក់ទាញការចូលរួមរបស់អាជីវកម្មវៀតណាម និងកម្ពុជាជិត១៥០អង្គភាព ដែលមានស្តង់លេចធ្លោជាង២០០មុខទំនិញ មានគ្រឿងម៉ាស៊ីនបច្ចេកវិទ្យា មនុស្សយន្ត យន្តហោះគ្មានមនុស្សបើក គ្រឿងបរិក្ខារឧស្សាហកម្ម ឧស្សាហកម្មគ្រឿងយន្តកសិកម្ម ជី ពូជរុក្ខជាតិ វាយនភ័ណ្ឌកាត់ដេរ ស្បែកជើង គ្រឿងអេឡិចត្រូនិក គ្រឿងប្រើប្រាស់ក្នុងផ្ទះ សម្ភារសំណង់ និងវត្ថុធាតុដើមសំណង់ វត្ថុធាតុ ដើមសិប្បកម្ម ទំនិញប្រើប្រាស់...។ល។
លោកបានបន្ថែមថា សកម្មភាពនេះ បានរួមចំណែកដល់ការឃោសនា លើកកម្ពស់ការយល់ដឹង និងបណ្តុះទំនាក់ទំនងប្រពៃណីមិត្តភាព ការជឿជាក់ និងការគាំទ្រជំនួយគ្នាទៅ វិញទៅមករវាងរដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងការកសាងជាតិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជាកាន់តែអភិវឌ្ឍន៍។
សូមជម្រាថាការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ ២០២៣ មានម៉ាកយីហោធំៗជាច្រើនបានចូលរួមក្នុង VIDEX ឆ្នាំ២០២៣ រួមដូចជា សម្ព័ន្ធក្រុមហ៊ុនទូរគមនា គមន៍យោធា(Viettel) ធនាគារពាណិជ្ជកម្មយោធា (MB) អគ្គក្រុមហ៊ុនកំពង់ផែថ្មីសៃហ្គន សម្ព័ន្ធក្រុមហ៊ុន ឌឹកហ្សាង ក្រុមហ៊ុនទឹកដោះគោTHTrue និងក្រុមហ៊ុនអង្គរMilk...។ល។ អាជីវកម្មដែលជាកម្មសិទ្ធិរបស់ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មខេត្ត-ក្រុង មានដូចជា ក្រុងហូជីមិញ ក្រុងដុងណៃ ក្រុងដុងថាប ក្រុងគៀន យ៉ាង ក្រុងអានយ៉ាង ក្រុងប៊ិញភឿក និងក្រុងត្រាវិញ...។ល៕