ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ឆ្នាំ​ ២០២៤ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​មាន​និន្នាការ​កើនឡើង ដោយ​រំពឹងថា​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៦,៦​ ភាគរយ ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៤២ ៩៥៧ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ៣៥ ១៦៨ លាន​ដុល្លារ​។

​យោងតាម​ខ្លឹមសារ​សង្ខេបនៃ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៤ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​២៧ ខែតុលា បាន​បញ្ជាក់ថា ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ២ ០៧១ ដុល្លារ​បើ​ធៀប​នឹង​ប្រមាណ ១ ៩១៧ ដុល្លារ ក្នុង​ឆ្នាំ​២០២៣​។


​ការរំពឹងទុក​នូវ​កំណើន ៦,៦​ ភាគរយ​នេះ ត្រូវបាន​គាំទ្រ​ដោយ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ ដូចជា វិស័យ​ឧស្សាហកម្ម​ត្រូវបានព្យាករ​ថា នឹង​បន្ត​និន្នាការ​កើនឡើង​ក្នុង​រង្វង់ ៨,៥​ ភាគរយ ក្នុង​ឆ្នាំ​ ២០២៤ ពី​ប្រមាណ ​៥ ​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការរំពឹងទុក ការ​ងើប​ឡើងវិញ​នៃ​អនុវិស័យ​កាត់ដេរ ស្រប​ពេលដែល​អនុវិស័យ​កម្មន្តសាល មិនមែន​កាត់ដេរ​នៅ​បន្ត​រក្សាបាន​កំណើន​រឹងមាំ ខណៈដែល​អនុវិស័យ​សំណង់​នៅ​បន្ត​មាន​កំណើន​ទាប​។​

​ចំណែក វិស័យ​សេវាកម្ម ត្រូវបាន​ព្យាករ​ថា នឹង​បន្ត​និន្នាការ​ល្អ ក្នុង​អត្រាកំណើន ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០២៤ ពី​មូលដ្ឋាន​ល្អ​ក្នុង​រង្វង់ ៨,១ ​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការបន្ត​ងើបឡើង​វិញ នៃ​សកម្មភាព​សេដ្ឋកិច្ច ក្នុងស្រុក ជាពិសេស​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​ក៏​នឹងមាន​ផល​ជះ​ជា​វិជ្ជមាន ដល់​វិស័យ​-អនុវិស័យ​គាំទ្រ​ផ្សេងៗ​ទៀត រួមមាន អនុវិស័យ​លក់ដុំ​-​រាយ និង​ដឹកជញ្ជូន ជាដើម​។


​ចំណែក វិស័យ​កសិកម្ម​រំពឹង​ថា នឹង​បន្ត​សម្រេចបាន​កំណើន​ល្អ ក្នុង​រង្វង់ ១,១​ ភាគរយ ក្នុង​ឆ្នាំ​២០២៤ ធៀប​នឹង ០,៩ ​ភាគរយ ក្នុង​ឆ្នាំ​២០២៣ ដោយសារ​ការបន្ត​និន្នាការ​ល្អ​នៃ​អនុវិស័យ​ដំណាំ និង​ការបន្ត​ងើបឡើង​វិញ​នៃ​អនុវិស័យ នេសាទ ខណៈដែល​អនុវិស័យ​ចិញ្ចឹមសត្វ​នៅ​បន្ត​មាន​ស្ថិរភាព​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែតុលា ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ឆ្នាំ​២០២៤​ ខាងមុខនេះ នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​គោលការណ៍ រក្សា​សមិទ្ធផល​ចាស់ បង្កើត​សមិទ្ធផល​ថ្មី សំដៅ​លើកកម្ពស់​ការបន្ត​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​បរិ​យាប​ន្ន​ជាពិសេស ការរក្សា​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​អត្រា​៦,៦​ភាគរយ ជាមួយនឹង​អត្រា​អតិផរណា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​។​

​លោក​បញ្ជាក់ថា​៖«​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច នៃ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រំលេច​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ស​កល សម្រាប់​ឆ្នាំ​២០២៤ ត្រូវបាន​រំពឹងថា នឹង​សម្រេចបាន​កំណើន​ល្អ ជាមួយនឹង​ការ​ថមថយ អត្រា​អតិផរណា ខណៈ​ឆ្នាំ​២០២៣ ជា​ចំណុច​របត់​មួយ ដែល​កំណើនសេដ្ឋកិច្ច​ស​កល​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ​វិញ ថ្លែងថា ការព្យាករ​របស់​រា​ជ​រដ្ឋាភិបាល​នេះ គឺ​ផ្អែកទៅលើ​សូចនាករ​ឆ្លុះបញ្ចាំង​ទៅលើ​កំណើន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​,​កសិកម្ម​,​ឧស្សាហកម្ម​ (​កម្លាំង​ផលិត​), វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​ពី​បរទេស រួម​នឹង​វិស័យ​មួយចំនួនទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖«​របាយការណ៍​ពាណិជ្ជកម្ម នៅក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ មានការ​កើនឡើង ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​ RCEP ថ្វី​ដ្បិត​ដែល​យើង​មានការ​ថមថយ​ក្នុងការ​នាំចេញ​ទៅកាន់​អាមេរិក និង​អឺរ៉ុប​ក៏ដោយ​។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី ដែល​អង់គ្លេស ​ផ្តល់ឱ្យ​សមិទ្ធផល​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ជាដើម នឹង​អាច​រុញ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ ឱ្យសម្រេចបាន​តាម​ការ​ព្យាករ​»​។​

​តាម​សេចក្តីព្រាងច្បាប់​នេះ បើទោះបីជា​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០២៤ ត្រូវបាន​រំពឹងថា នឹង​បន្ត​ងើប​ឡើងវិញ​ក្នុង​អត្រាកំណើន ៦,៦​ ភាគរយ យ៉ាងណាក្តី​, កម្ពុជា​ក៏​នឹង​នៅ​បន្ត​ជួបប្រទះ​នឹង​ហានិភ័យ និង​បញ្ហា​ប្រឈម​ចម្បងៗ ជាពិសេស​ពី​កត្តា​ខាងក្រៅ ដែល​អាចធ្វើឱ្យ​កំណើន​នេះ មិនអាច​សម្រេចបាន​តា​ម​ការគ្រោងទុក ក៏ដូចជា​អាច​ទាញ​ពន្យឺត​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជារួម​ក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។

​ក្នុងនោះ​រួមមាន​៖ ការកើនឡើង​នូវ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​, ការ​ថមថយ​សេដ្ឋកិច្ច​សកល ជាពិសេស​បណ្តា​ប្រទេស ​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា​,​ការបន្ត​រឹតបន្តឹង​យូរ​ជាង​ការរំពឹងទុក​នៃ​គោលនយោបាយ​រូបិយវត្ថុ ជាពិសេស​សហរដ្ឋអាមេរិក និង​ការបន្ត​កើន​ឡើងថ្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ដែល​អាច​ប៉ះពាល់​ដល់​លំហូរ​ទុនវិនិយោគ និង​ពាណិជ្ជកម្ម រួម​នឹង​កត្តា​មួយចំនួនទៀត​។​

​ដោយឡែក​ចំពោះ​កត្តា​ខាងក្នុង កម្ពុជា​នៅ​បន្ត​ប្រឈម​នឹង​បញ្ហា​ជា​រចនាសម្ព័ន្ធ​មួយចំនួន ដូចជា​ភាព​ប្រកួតប្រជែង​នៅមានកម្រិត និង​ល្បឿន​ទាប​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ព្រមទាំង​ការបន្ត​ពឹងផ្អែក​ខ្លាំង លើ​តម្រូវការ​ខាងក្រៅ​៕