ភ្នំពេញៈ កម្ពុជា​រកប្រាក់​បានជា​ង ៥,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ ​ដើមឆ្នាំ ២០២៣ ពី​ការនាំ​ទំនិញ​ទៅកាន់​ប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) កើនឡើង​ជាង ២៣ ​ភាគរយ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​សរុប​កើន​ដល់​ជាង ២១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

RCEP គឺជា​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ដ៏​ធំ​លើ​ពិភពលោក​ដែលមាន​សមាជិក​ចំនួន ១៥ ប្រទេស រួមមាន​សមាជិក​អា​ស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ​៥ រួមមាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​នូ​វែ​ល​សេ​ឡង់​។ RCEP មាន​សុពលភាព​អនុវត្ត​តាំងពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២​។​


​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៥,៨១​ ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) កើនឡើង ២៣,៥៩​ ភាគរយ​ពី​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏បាន​នាំចូល​ទំនិញ​ពី​ក្រុម​ប្រទេស​សមាជិក RCEP ក្នុង​ទឹកប្រាក់ ១៦ ​ពាន់​លាន​ដុល្លារ​ផងដែរ ដោយ​ធ្លាក់ចុះ ១៧,៣៦ ​ភាគរយ​ពី​ចំនួន ១៩,៣៦​ ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ RCEP គឺមាន​ចំនួន ២១,៨១​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៩,៣៦ ​ភាគ​​រយ​ពី ២៤,០៧​ ពាន់​លាន​ដុល្លារ​។ បើ​ផ្អែក​តាម​ទិន្នន័យ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ជាមួយ RCEP ចំនួន ១០,១៩​ ពាន់​លាន​ដុល្លារ ដែល​ល្អប្រសើរ​ជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន​ចំនួន ១៤,៦៦​ ពាន់​លាន​ដុល្លារ​។​


​យោងតាម​តារាង គឺ​ទិសដៅ​នាំចេញ​កំពូល​ទាំង ​៣ របស់​កម្ពុជា​នៅក្រោម RCEP រួមមាន វៀតណាម មានតម្លៃ ២,០៤​ ពាន់​លាន​ដុល្លារ កើន ៣០,៦៨​ភាគរយ​, ចិន ១,០៦ ​ពាន់​លាន​ដុល្លារ កើន ១៨,២៧ ​ភាគរយ​, និង​ប្រទេស​ជប៉ុន ៨៨៥,៧៤​ លាន​ដុល្លារ ធ្លាក់ចុះ ១,៣៣​ ភាគរយ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​សំខាន់ៗ​ចំនួន​ ៣ រួមមាន ប្រទេស​ចិន ៨,០៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១,៧៧ ​ភាគរយ​, វៀតណាម ២,៧៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ ១០,៩៩ ​ភាគរយ និង​ថៃ ២,១៧​ ពាន់​លាន​ដុ​​ល្លារ ធ្លាក់ចុះ ២៧,០៥ ​ភាគរយ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ កាលពី​ថ្ងៃទី​ ២៩ ខែតុលា ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កំណើន​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ទៅ​បណ្តា​ប្រទេស​នៃ​កិច្ចព្រមព្រៀង ​RCEP ក្នុង​ដំណាក់​កាល​សេដ្ឋកិច្ច និង​នយោបាយ​អន្តរ​ជាតិ​មិនមាន​ស្ថិរភាព​បានបញ្ជាក់​ថា សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុ​ជាមាន​សម្ទុះ​ខ្លាំង និង​មាន​គុណភាព​កម្រិតស្តង់ដា​។

លោក​បន្តថា ចំពោះ​មូល​ហេតុដែល​ធ្វើឱ្យ​កម្លាំង​ផលិត និង​ការ​នាំចេញ​របស់​កម្ពុ​ជាមាន​កាន់តែច្រើន គឺអាច​មកពី​កត្តា​មួយចំនួន​ដូចជា ស្ថិរ​ភាព​នយោបាយ​, កំណែទម្រង់​ច្បាប់​វិនិយោគ​, ទីផ្សារ​នាំចេញ​មាន​ច្រើន​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ពេលនេះ​បានរៀបចំ​ខ្លួន​យ៉ាង​ល្អ ពោលគឺ​នៅពេលណា​មាន​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​កើនឡើង​វិញ គឺ​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​ការបញ្ជាទិញ​ពី​គ្រប់​គោលដៅ​។ ជាមួយគ្នានេះ​កម្ពុជា​ក៏មាន​សក្តានុពល​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​ទុន​ផ្ទាល់​ផងដែរ​»​។

លោក​បន្តថា​៖ «​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុងមាន ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ពាណិជ្ជកម្ម​អន្តរ​ជាតិ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ទៅគ្រប់​គោលដៅ​នឹងមាន​កំណើន​ខ្ពស់​ថែមទៀត​ចាប់ពី​ឆ្នាំ​ ២០២៤​ ទៅ​។ ជាមួយគ្នានេះ​ចរន្ត​ចំនួន​ភ្ញៀវទេសចរ​បរទេស​ក៏​នឹង​កើនឡើង​ដែរ​»​។​

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ពេលនេះ​ការ​គំរាមកំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ បាន​ធូរ​ស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បណ្តាល​ពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ និង​សង្គ្រាម​នានា ... និង​បញ្ហា​អតិផរណា គឺ​បានធ្វើ​ឱ្យកម្លាំង​បញ្ជា​ទិញ​នៅ​ទីផ្សារ​ធំៗ​ធ្លាក់ចុះ​គួរឱ្យ​កត់​សម្គាល់​។ ទោះយ៉ាងណា ដោយសារ​កម្ពុជា​ជា​សមាជិក RCEP ដូច្នេះ​ការ​នាំចេញ​ទំនិញ​ទៅ​ទីនោះ​គឺ​នៅតែ​បន្ត​សញ្ញា​វិជ្ជមាន​។​

​លោក​ថ្លែងថា​៖ «RCEP បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការបើក​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​តាមរយៈ RCEP កម្ពុជា​ទទួលបាន​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​ជាច្រើន ដូចជា ទំនិញ​កសិកម្ម ក​សិ​កម្ម កែច្នៃ និង​ទំនិញ​ឧស្សាហកម្ម​។ កម្ពុជា​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ចព្រមព្រៀង​នេះ​ដូចជា ការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ថ្មីៗ​។​

​សមាជិក RCEP ទាំងអស់​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ ពាន់​លាន​នាក់ ឬ ៣០​ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ព្រមទាំង​មាន​ផលិតផល​ក្នុងស្រុក ២៦,២ ទ្រី​លាន​ដុល្លារ ឬ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម ២៨​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​៕