ភ្នំពេញៈ Royal Group of Power (RGP) ដែលជាក្រុមហ៊ុនពហុផលិតផលក្នុងស្រុករបស់កម្ពុជា និង TotalEnergies សម្រេចបានកិច្ចព្រមព្រៀងមួយនៃគម្រោងថាមពលកកើតឡើងវិញ និងឱកាសផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីតនៅប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកំពុងពង្រីកការប្រើប្រាស់ថាមពលសូឡា និងថាមពលខ្យល់ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ត្រូវបានចុះហត្ថលេខារវាងលោក គិត ម៉េង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Royal Group និងលោក Liang Ting Wee ប្រធានក្រុមហ៊ុន TotalEnergies Asia Pacific & Middle East & Country Chair of TotalEnergies នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
លោក គិត ម៉េង បានថ្លែងក្នុងពិធីចុះហត្ថលេខាថា ជាមួយនឹងកិច្ចសហការនេះ ក្រុមហ៊ុននឹងស្វែងរកឱកាសផលិតថាមពលកកើតឡើងវិញបន្ថែមទៀតនិងឱកាសផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីតនៅកម្ពុជា។
លោកថ្លែងថា៖«សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះដើម្បីចុះហត្ថលេខាលើ MoU រួមរបស់យើងដែលគ្របដណ្តប់រួមគ្នាដើម្បីកំណត់គម្រោងថាមពលកកើតឡើងវិញ និងឱកាសផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីតនៅកម្ពុជា។ ខ្ញុំរីករាយក្នុងការស្វែងយល់អំពីគម្រោងថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា»។
លោកលើកឡើងថា៖«ទាំងក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Royal Group នឹងក្លាយជាដៃគូដ៏អស្ចារ្យដែលទាញចេញពីភាពខ្លាំងរួមគ្នានៃចំណេះដឹង ជំនាញ បណ្តាញ និងសមត្ថភាពក្នុងការប្រតិបត្តិ។ ទំនាក់ទំនង និងការជឿទុកចិត្តមានសារៈសំខាន់ចំពោះខ្ញុំ ដូចដែលបានបង្ហាញឱ្យឃើញនៅក្នុងភាពជោគជ័យនៃការវិនិយោគរួមគ្នាផ្សេងទៀត។ ខ្ញុំមើលឃើញពីការចាប់ផ្តើមដូចគ្នានៅទីនេះជាមួយក្រុមហ៊ុន TotalEnergies។ ខ្ញុំរង់ចាំភាពជោគជ័យនៅពេលអនាគតរបស់យើងជាមួយគ្នា»។
លោក Ting Wee LIANG ប្រធានក្រុមហ៊ុន TotalEnergies Asia Pacific & Middle East Marketing & Services នៅប្រទេសសិង្ហបុរី បានឱ្យដឹងថា ក្រុមហ៊ុន TotalEnergies ចែករំលែកមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។ ដើម្បីទៅដល់ទីនោះ ក្រុមហ៊ុនកំពុងប្រើប្រាស់យ៉ាងសកម្មនូវយុទ្ធសាស្ត្រពហុថាមពលរបស់ខ្លួន។ ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយកាបូនទាប ដើម្បីបំពេញតម្រូវការការផ្លាស់ប្តូរថាមពលរបស់អតិថិជន ខណៈពេលដែលធានាបាននូវលទ្ធភាពទទួលបានថាមពលដែលអាចទុកចិត្តបាន តម្លៃសមរម្យ និងកាន់តែស្អាត។
លោកបញ្ជាក់ថា៖ «នៅសិង្ហបុរី យើងគាំទ្រដល់កិច្ចខិតខំដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីតដោយផ្តល់ជូនសេវាបញ្ចូលអគ្គិសនីរបស់រថយន្តអគ្គិសនី លើកកម្ពស់ការទទួលយកឥន្ធនៈសមុទ្រដែលមានកាបូនទាប និងការផ្តល់ដំណោះស្រាយថាមពលសូឡាលើដំបូលដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញទៅដល់អតិថិជន។ យើងត្រូវបានជំរុញដោយស្មារតីភាពជាដៃគូដើម្បីផ្តល់នូវដំណោះស្រាយនវានុវត្តន៍ជាប្រចាំ ហើយយើងនឹងបន្តធ្វើការសហការជាមួយដៃគូដើម្បីសម្រេចបានអនាគតថាមពលរួមរបស់យើង»។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន RGP ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយក្រុមហ៊ុន Keppel Energy Pte Ltd (KE) របស់សិង្ហបុរី ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នានៃគម្រោងថាមពលកកើតឡើងវិញដែលបានស្នើឡើងនៅក្នុងប្រទេសកម្ពុជា៕