ភ្នំពេញៈ ផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលមានតម្លៃសរុបជាង ៥,៩ ពាន់លានដុល្លារ ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៣ ថយចុះជាង ១៧ ភាគរយ បើធៀបទៅរយៈពេល ៩ ខែដើមឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាស្ថានភាពការនាំចេញហាក់ចាប់ផ្តើមបង្ហាញភាពប្រសើរឡើងវិញខ្លះៗនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើយោងតាមអគ្គនាយកគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិនាំចេញទំនិញតាមជំពូករបស់ GDCE បានឱ្យដឹងថា ចន្លោះពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចេញទំនិញនៅក្នុងជំពូកទំនិញ (HS ២ ខ្ទង់) ដែលមានលេខកូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ មានទឹកប្រាក់សរុប ៥ ៩២៦,៥១ លានដុល្លារ ធ្លាក់ចុះ ១៧,៣៥ ភាគរយ ពី ៧ ១៧៥,០២ លានដុល្លារនារយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
បើបែងចែកក្នុងចំនួនទឹកប្រាក់ខាងលើ គឺការនាំចេញទំនិញជាផលិតផលមាន (HS ២ខ្ទង់) លេខកូដ ៦១ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល ២ ឬ១) មានចំនួន ៤ ១៤៥,២៤ ពាន់លានដុល្លារ ធ្លាក់ចុះ ១៨,៩ ភាគរយ និងទំនិញស្ថិតក្នុងជំពូកលេខកូដ ៦២ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុល ២ ឬ១) មានចំនួន ១ ៧៨៤,២៧ លានដុល្លារ ធ្លាក់ចុះ ១៣,៦ភាគរយ។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦១ និង ៦២ គឺស្មើនឹង ៣៤,៩៩ ភាគរយនៃចំនួនប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ១៦ ៩៤៥,៨ លានដុល្លារ។ នេះបើតាម GDCE។
យ៉ាងណាក៏ដោយបើតាម GDCE សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ការនាំចេញផលិតផលលេខកូដ ៦១ និង ៦២ គឺមានភាពល្អជាងខែមុនៗ ដោយមានទឹកប្រាក់សរុប ៦៨៩,៦៨ លានដុល្លារ ធ្លាក់ចុះ ត្រឹមតែ ២,៤៩ ភាគរយប៉ុណ្ណោះពីចំនួន ៧០៧,៣១ លានដុល្លារកាលពីខែកញ្ញា ឆ្នាំ ២០២២។
លោក លី ឃុនថៃ ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែតុលាថា ការធ្លាក់ចុះបរិមាណ ក៏ដូចជាទឹកប្រាក់ពីការនាំចេញផលិតផលសម្លៀកបំពាក់ រួមទាំងផលិតផលជាច្រើនមុខទៀតក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ គឺមិនមែនមកពីសមត្ថភាពការផលិតនៅកម្ពុជាធ្លាក់ចុះឡើយ ប៉ុន្តែបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការនៅទីផ្សារអន្តរជាតិ។ មូលហេតុគឺដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនល្អ ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ រួមទាំងបញ្ហាសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន។
លោកថ្លែងថា៖ «កត្តាតម្រូវការទីផ្សារពិភពលោក គឺជាមូលហេតុសំខាន់ជាងគេដែលធ្វើឱ្យការនាំចេញផលិតផលសម្លៀកបំពាក់ និងផលិតផលផ្សេងទៀតរបស់កម្ពុជាធ្លាក់ចុះ។ ការធ្លាក់ចុះនេះ ក៏ដោយសារតែកាលពីដើមឆ្នាំ ២០២២ មានការបញ្ជាទិញពីកម្ពុជាច្រើនដែលនាំឱ្យក្រុមហ៊ុនបញ្ជាទិញមួយចំនួននៅសល់ស្តុកលក់លើទីផ្សារមិនលក់ទាន់អស់»។
លោកប្រាប់ទៀតថា សម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ ២០២៣ ដែលជាពេលប្រជាជននៅលើពិភពលោកចេញដើរកម្សាន្តច្រើន ការនាំចេញផលិតផលសម្លៀកបំពាក់រំពឹងថានឹងកើនឡើងវិញខ្លះៗ។ លោកអះអាងថា៖«យើងសង្ឃឹមជឿជាក់ថា ចាប់ពីពេលនេះ និងឆ្នាំ ២០២៤ តទៅការបញ្ជាទិញអាចនឹងកើនឡើងវិញខ្លះៗ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា វិបត្តិសេដ្ឋកិច្ចសកល បានធ្វើឱ្យការផ្លាស់ប្តូរទំនិញអន្តរជាតិធ្លាក់ចុះនៅស្ទើរគ្រប់គោលដៅ។ នៅពេលសេដ្ឋកិច្ចមិនល្អការចំណាយទៅលើអ្វីៗក្រៅពីចំណីអាហារ នឹងត្រូវកាត់បន្ថយមួយចំណែក។
លោកបាននិយាយថា៖ «ដោយសារទីផ្សារនាំចេញចម្បងនៃផលិតផលសម្លៀកបំពាក់កម្ពុជា គឺបណ្តាប្រទេសមហាអំណាច និងមានសេដ្ឋកិច្ចរីកចម្រើន ដូច្នេះបើស្ថានភាពសេដ្ឋកិច្ចសកលល្អឡើងវិញ ការបញ្ជាទិញប្រាកដជាមានសម្ទុះខ្លាំង»។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជាទៅទីផ្សារអន្តរជាតិ គឺបានធ្លាក់ចុះចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២២ មក។ មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារសេដ្ឋកិច្ចប្រទេសធំៗជួបបញ្ហាដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។
បើតាមលោក ម៉ូនីកា ទីផ្សារសំខាន់ៗដែលទទួលទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា គឺអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា និងចក្រភពអង់គ្លេស។
ទិន្នន័យរបស់សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ ២០២៣ វិស័យនេះមានរោងចក្រសរុប ១ ០៧៧ ដោយផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ ៧៦ ម៉ឺននាក់។
ក្នុងឆ្នាំ ២០២២ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលស្ថិតក្នុងលេខកូដ ៦១ និង ៦២ មានទឹកប្រាក់សរុប ៩ ០៣៥,៣៥ លានដុល្លារ កើនឡើង ១២,៦៩ ភាគរយ បើធៀបឆ្នាំ ២០២១ ដែលមាន ៨ ០១៧,៨៦ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕