​ភ្នំពេញៈ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​រយៈពេល ៩ ​ខែ​ ឆ្នាំ​ ២០២៣ សម្រេចបាន​ជិត ១៩១​ លាន​ដុល្លារ កើនឡើង​ជិត​ពាក់កណ្តាល ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​សរុប​ជិត ៣៥០ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​របស់ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​សរុប ៣៤៧,៩៧​ លាន​ដុល្លារ កើនឡើង ៧,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន ៣២៣,៣៧ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ឥណ្ឌា ១៩០,៩២​លាន​ដុល្លារ កើនឡើង ៤២,៧ ​ភាគរយ និង​ទំនិញ​ឥណ្ឌា​នាំមក​កម្ពុជា ១៥៧,០៥​ លាន​ដុល្លារ ធ្លាក់ចុះ ១៧,១​ភាគរយ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ប្រមាណ ៣៣,៨៦ ​លាន​ដុល្លារ​។​ប្រទេស​ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១៨ របស់​កម្ពុជា​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ថា កំណើន​នៃ​គម្រោង​វិនិយោគ​ថ្មីៗ និង​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​ឱ្យ​កាន់តែ​ចម្រុះ និង​សម្បូរបែប បាន​ជួយ​ឱ្យ​កម្ពុ​ជាមាន​ផលិតផល​កាន់តែច្រើន ​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​ឥណ្ឌា​ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។ ការទទួលបាន​ចំណែក​ទីផ្សារ​ធំ​បែបនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ពេលនេះ និង​ទៅ​អនាគត ខណៈ​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​រវាង​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​ចំពោះ​ចរន្ត​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ជា​អន្តរជាតិ​។​

​លោក​បាន​ថ្លែងថា​៖«​បើទោះបី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ឥណ្ឌា​ពេលនេះ​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​ទីផ្សារ​គោលដៅ​មួយចំនួន ដូចជា អាមេរិក ចិន និង​វៀតណាម ជាដើម ប៉ុន្តែ​នេះ​ជាការ​ចាប់ផ្តើម​ល្អ​មួយ ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​តម្រូវការ​នៅ​ទីនោះ​ក៏មាន​ច្រើន​ដែរ​»​។​


​យោងតាម​គេហទំព័រ worldometers.info ​បច្ចុប្បន្ន​ឥណ្ឌា គឺជា​ប្រទេស​ ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​ជាមួយនឹង​ប្រជាជន​សរុប ១ ៤២៨,៦៣​ លាន​នាក់ នាំមុខ​ប្រទេស​ចិន ដែល​ស្ថិតនៅ​លេខ​២ មាន​ប្រជាជន ១ ៤២៥,៦៧ ​លាន​នាក់​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​និយាយថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ និង​កសិកម្ម ចំណែក​ទំនិញ​នាំចូល​ពី​ប្រទេស​ឥណ្ឌា គឺជា​ផលិតផល​បច្ចេកវិទ្យា សម្ភារ​វេជ្ជសាស្ត្រ និង​ឱសថ ជាដើម​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​លោកស្រី DevyaniUttamKhobragade​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៣ បានបង្ហាញ​សុទិដ្ឋិនិយម​ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ឥណ្ឌា នឹង​កាន់​តែមាន​ភាពល្អប្រសើរ តាមរយៈ​ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការគាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​ជើងហោះហើរ​ត្រង់ ដែល​នឹង​ជួយ​ជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន និង​លំហូរ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២​។ លោក​បន្តថា ជាមួយគ្នានេះ​ភាគី​ទាំង​២ នឹង​ពិនិត្យ​រួមគ្នា​លើ​ការតភ្ជាប់​វិស័យ​ឌីជីថល ដែលជា​វិស័យ​អាទិភាព​មួយ​ក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នីតិកាល​ទី​៧​។​

​លោកស្រី​ DevyaniUttamKhobragade ​បាន​លើកឡើងថា ឥណ្ឌា​សង្ឃឹមថា​ក្នុង​នីតិកាល​ថ្មី​នេះ កម្ពុជា​-​ឥណ្ឌា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ ការបង្កើតឱ្យមាន​យន្តការ​សម្របសម្រួល​ដ​ល់​ដំណើរការ​ពាណិជ្ជកម្ម និង​វិនិយោគ​តាមរយ​:​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម និង​ការជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​ជើងហោះហើរ​ត្រង់​ឥណ្ឌា​-​កម្ពុជា ដែល​រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​ដាក់​ដំណើរការ​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ក្នុង​ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​កម្ពុជា​-​ឥណ្ឌា មាន​ទឹកប្រាក់​សរុប ៤៤០​លាន​ដុល្លារ កើនឡើង ៤១,៣៧​ ភាគរយ ពី​ចំនួន ៣១១,២៤​ លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០២១ ដោយ​កម្ពុជា​នាំ​ទំនិញ​ទៅ​ឥណ្ឌា ចំនួន ១៩៦,៦៣ ​លាន​ដុល្លារ កើនឡើង ៥៦​ ភាគរយ និង​ឥណ្ឌា នាំ​ទំនិញ​មកវិញ ២៤៣,៣៧​ លាន​ដុល្លារ កើន ៣១,៤​ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕