ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបក្នុងគោលបំណងជំរុញការវិនិយោគ និងអាចសាងសង់រោងចក្រផលិតបន្ទះឈីប ឬឧបករណ៍ពាក់កណ្តាលចម្លង (Semiconductor) ដំបូងរបស់ខ្លួនក្នុងប្រទេស ទោះបីមានការព្រមានពីមន្ត្រីឧស្សាហកម្មអាមេរិក អំពីការចំណាយខ្ពស់ក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថ្ងៃទី ៣១ ខែតុលា។
វៀតណាមដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍នោះ មានរោងចក្រវេចខ្ចប់ និងធ្វើតេស្តបន្ទះឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក Intel រួចទៅហើយខណៈប្រទេសនេះក៏ជាកន្លែងសម្រាប់ក្រុមហ៊ុនសូហ្វវែររចនាបន្ទះឈីបជាច្រើនផ្សេងទៀត។ នាពេលនេះ វៀតណាមកំពុងធ្វើការលើយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការវិនិយោគលើវិស័យបន្ទះឈីបបន្ថែមទៀត។
លោក Vu TuThanh ប្រធានការិយាល័យវៀតណាមនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានប្រាប់រ៉យទ័រថា វៀតណាមបានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកប្រហែលពាក់កណ្តាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងជាមួយប្រតិបត្តិករក្រុមហ៊ុនផលិតបន្ទះឈីបផងដែរ។
លោកបដិសេធមិនបញ្ជាក់អត្តសញ្ញាណក្រុមហ៊ុននោះទេ ដោយសារតែការចរចានៅតែស្ថិតក្នុងដំណាក់កាលបឋម។
នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបម្នាក់ បាននិយាយប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការពិភាក្សាជាមួយអ្នកវិនិយោគដែលមានសក្តានុពល មានការចូលរួមពីក្រុមហ៊ុនផលិតជាប់កិច្ចសន្យាពីអាមេរិក Global Foundries និងពីតៃវ៉ាន់ PSMC។ នាយកប្រតិបត្តិដដែលបានបន្ថែមថា គោលបំណងគឺដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងគេបង្អស់នៅវៀតណាមដែលភាគច្រើនទំនងជាសម្រាប់បន្ទះឈីបទំនើប ដែលប្រើក្នុងរថយន្ត ឬសម្រាប់កម្មវិធីទូរគមនាគមន៍។
កិច្ចប្រជុំជាមួយក្រុមហ៊ុន ផលិតឈីបធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅក្រុងហាណូយកាលពីខែកញ្ញា ហើយសេតវិមានបានហៅអតីតសត្រូវមួយនេះថាជាតួអង្គដ៏សំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក។
ទោះយ៉ាងណាមន្ត្រីឧស្សាហកម្មវៀតណាមបាននិយាយថា កិច្ចប្រជុំនៅដំណាក់កាលនេះភាគច្រើន គឺដើម្បីសាកល្បងចំណាប់អារម្មណ៍ និងពិភាក្សាពីការលើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភសំខាន់ៗ រួមទាំងការផ្គត់ផ្គង់ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពទទួលបានកម្លាំងពលកម្មដែលទទួលបានការបណ្តុះបណ្តាល។
ចំណែកឯរដ្ឋាភិបាលវៀតណាមវិញ បាននិយាយថា ខ្លួនចង់បង្កើតរោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួននៅចុងទសវត្សរ៍នេះ ហើយកាលពីថ្ងៃចន្ទ បាននិយាយថា ក្រុមហ៊ុនបន្ទះឈីបនឹងទទួលបានអត្ថប្រយោជន៍ពី«ការលើកទឹកចិត្តខ្ពស់បំផុត»។
ទោះជាយ៉ាងណា លោក Robert Li អនុប្រធានក្រុមហ៊ុន US Synopsys ដែលជាក្រុមហ៊ុនរចនាបន្ទះឈីបឈានមុខគេ និងមានប្រតិបត្តិការនៅវៀតណាម បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនេះ «គិត ២ ដង» មុនពេលផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសាងសង់រោងចក្រផលិតបន្ទះឈីប។
ក្នុងកិច្ចប្រជុំកំពូលក្នុងវិស័យនេះនៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យ លោកបាននិយាយថា ការសាងសង់គ្រឹះអាចចំណាយប្រាក់រហូតដល់ ៥០ ពាន់លានដុល្លារ ហើយនឹងមានការប្រកួតប្រជែងលើការឧបត្ថម្ភធនជាមួយប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលប្រកាសផែនការចំណាយលើបន្ទះឈីបពី ៥០ ទៅ ១៥០ ពាន់លានដុល្លាររៀងៗខ្លួន។
លោក John Neuffer ប្រធានសមាគមឧស្សាហកម្មឈីបអាមេរិក បានផ្តល់អនុសាសន៍ក្នុងកិច្ចប្រជុំដូចគ្នា ឱ្យរដ្ឋាភិបាលវៀតណាមផ្តោតលើវិស័យបន្ទះឈីបដែលវៀតណាមមានភាពរឹងមាំរួចទៅបានហើយ៕