ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារ​​ជាតិ​នៃ​កម្ពុជា (NBC) លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​សហការគ្នា​ក្នុងការ​លើកកម្ពស់​ និង​ការបណ្តុះ​គំនិត​ក្នុងការ​សន្សំ​ប្រាក់ ដែល​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​នៅពេលដែល​មានការ​ចាំបាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ទទួលបាន​នូវ​ផល​ចំណេញ​ពី​ការប្រាក់​នៅពេលដែល​ពល​រដ្ឋ​ដាក់​សន្សំ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ទទួល​ប្រាក់​សន្សំ និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ភាពរឹងមាំ​ផងដែរ​។​

​លោក យឹម លាត ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​ការលើកឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​ទិវា​សន្សំ​អាស៊ាន​» ក្រោម​ប្រធានបទ «​ទម្លាប់​សន្សំ​ប្រាក់ ដើម្បី​អ្នក និង​គ្រួសារ​អ្នក​»​ កាលពី​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទី​រួម​ខេត្តកំពង់ធំ​។ លោក​ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​មួយចំនួន​តែង​គិតថា​ចាំ​មាន​លុយ​បាន​ច្រើនជាង​នេះ ចាំ​រកបាន​លុយ​ច្រើនជាង​នេះ​បន្តិច ចាំ​ចាប់ផ្តើម​សន្សំ ឥឡូវ​ចាយ​សិន​។ លុយ​មាន​ប៉ុន្មាន​ក៏​ចាយ​មិន​គ្រប់​ដែរ ដូច​គេ​និយាយថា កាល​មុន​ប្រាក់ខែ​ ២០០$ ក៏​ប៉ុណ្ណោះ ៥០០$​ ក៏​នៅ​ប៉ុណ្ណោះ នៅ​មិនមាន​សល់​។


«​ជម្រើស​នៃ​ការ​សន្សំ​ប្រាក់​សព្វថ្ងៃនេះ​ក៏មាន​ភាព​សម្បូរបែប​ផងដែរ មិនមែន​មានតែ​យកលុយ​ទៅ​ញាត់​កូនជ្រូក​ដី ដូច​កាលពីមុន ទើប​អាច​សន្សំ​បាន​នោះទេ យើង​អាច​សន្សំ​ប្រាក់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ ព្រោះ​មាន​ទាំង​សុវត្ថិភាព បាន​ទាំង​ការប្រាក់ មិនបាច់​បារម្ភ​ថា លុយ​ស្លេក​ពណ៌​ដូច​ញាត់​កូនជ្រូក​នោះទេ​។ នៅពេល​យើង​សន្សំ​ជាមួយ​គ្រឹះស្ថាន​ផ្លូវការ​ទាំងនេះ មានន័យថា យើង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយសារ​ប្រាក់​សន្សំ​របស់​សាធារណជន​ជាមួយ​គ្រឹះស្ថាន​ផ្លូវការ គឺជា​ប្រភព​មូលធន​ដ៏​សំខាន់​មួយ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​វិនិយោគិន​ក្នុងប្រទេស​»​។ នេះ​បើ​យោងតាម​លោក យឹម លាត​។​

​លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏បាន​ថ្លែង​ក្នុង​ទិវា​នោះដែរ​ថា ការ​សន្សំ​ប្រាក់​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដូចជា អត្រា​ការប្រាក់​ប្រកួតប្រជែង​សុវត្ថិភាព និង​មាន​ការពារ​ពី​ហានិភ័យ​ផ្សេងៗ ជាពិសេស​គឺអាច​យកប្រាក់​សន្សំ​នេះ​ទៅធ្វើជា​ទ្រព្យ​ធានា និង​មានគុណ​វុឌ្ឍិ​ក្នុង​ការខ្ចី​ឥណទាន​បាន​ផងដែរ​។


​លោក​បាន​គូសបញ្ជាក់ថា ការ​សន្សំ​ប្រាក់​នៅតាម​គ្រឹះស្ថាន​ធនាគារ​ចូលរួម ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដោយ​គ្រឹះស្ថាន​នឹង​ចាត់ចែង​បន្ត​ផ្តល់​ជា​ទុន​ជូន​ប្រជាជន​ដែលមាន​តម្រូវការ​ចាប់ផ្តើម និង​ពង្រីក​អាជីវកម្ម​។

​លោក​ថា​៖ «​វិស័យ​ធនាគារ​មានការ​រីកចម្រើន និង​មាន​បច្ចេកវិទ្យា​ទំនើប ប្រជាជន​កម្ពុជា​ក៏បាន​ចាប់ផ្តើម​ងាក​មក​សន្សំ​ប្រាក់​នៅតាម​គ្រឹះស្ថាន​ធនាគារ​ដែលនាំឱ្យ​មានកា​រ​កើនឡើង​គួរឱ្យ កត់សម្គាល់​រហូតដល់​ជាង ៣៩ ​ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ​២០២៣ ដែលមាន​កំណើន​ប្រមាណ​ ៦% និង​មាន​ចំនួន​គណនី​ ១៣,៧ លាន​គណនី​។ កត្តា​ទាំងអស់នេះ​គឺ​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​សាធារណ​ជន​មកលើ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​»​។​

​បើតាម​លោកស្រី ឌិ​ត នី​តា អនុប្រធាន​​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ក៏បាន​លើកឡើង​ក្នុង​ទិវា​នោះដែរ​ថា ដើម្បី​ចូលរួម​ជំរុញ​ការ​​សន្សំ​ក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា​ បាននិងកំពុង​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​តាមរយៈ​ការរៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០១៩-២០២៥​។​

​លោកស្រី​ នី​តា​ ក៏បាន​ថ្លែង​បញ្ជាក់ថា​ អាទិភាព​ចម្បង​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​លើកទឹកចិត្ត និង​ជំរុញ​ការដាក់​ប្រាក់​សន្សំ​នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ ដូចជា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​»​។​

​លោកស្រី​នី​តា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀតថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាននិងកំពុង​ទទួលបាន​ផ្លែផ្កា​ជាមួយនឹង​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ ដោយបាន​កើនឡើង​ពី​ ១​ សែន​នាក់​ក្នុង​ឆ្នាំ​ ២០០៦ ​ដល់ ​២,៨​ លាន​នាក់​ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៣​។ សម្រាប់​សមតុល្យ​ប្រាក់​បញ្ញើ គឺ​បាន​កើនឡើង​យ៉ាងខ្លាំង​ពី ២,៥​ លាន​ដុល្លារ​ទៅជិត ៥​ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​​ពេល​ដូចគ្នានេះ​»​។

​លោកស្រី​ថា ទិន្នន័យ​នេះ​បានមកពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៥ រួមទាំង​គ្រឹះស្ថាន​ប្រា​សាក់​ដែល​ថ្មីៗ​នេះ​បាន​ផ្លាស់​ក្លាយខ្លួន​ទៅជា​ធនាគារពាណិជ្ជ​ផងដែរ​៕