​ដោយសារតែ​បញ្ហា​ប្រឈម​ខាងក្រៅ និង​ធ្លាក់ចុះ​នៅក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​ការធ្លាក់ចុះ​នៃ​បណ្តា​ប្រទេស​នាំចេញ​ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​ចិន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាម​ក​នៅត្រឹម ៥,៣ ភាគរយ​ក្នុងឆ្នាំនេះ​ទាប​ជាង​ការ​ព្យាករ​កាលពី​ខែមេសា ដែលមាន​អត្រា ៥,៨​​ ភាគរយ​ពី​ការ​ព្យាករ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ៣១ ខែតុលា ក្រុម​ការងារ IMF ដឹកនាំ​ដោយ​លោក Davide Furceri ប្រធាន​បេស​ក​កម្ម​ប្រចាំ​កម្ពុជា ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី ​១៨ ដល់​ថ្ងៃទី​ ៣១ ខែតុលាថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​លំដាប់ ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ប៉ុន្តែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងស្រុក និង​ខាងក្រៅ​។ កំណើន​បាន​កើនឡើង​ដល់ ៥,២ ភាគរយ​ក្នុង​ឆ្នាំ ​២០២២ ពី ៣ ភាគរយ​ក្នុង​ឆ្នាំ ២០២១ ដែល​ជំរុញ​ដោយ​ការផលិត​ដ៏​រឹងមាំ និង​ការ​ស្ទុះ​ងើប​ឡើងវិញ​នៅក្នុង​វិស័យ​សេវាកម្ម​។ សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៥,៣ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ និង ៦,០ ភាគរយ​នៅ​ឆ្នាំ ​២០២៤​។​


​លោក​ថ្លែងថា​៖ «​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់​នៃ​វិស័យ​ទេសចរណ៍ និង​ការនាំ​ចេញ​បន្ទះ​សូ​ឡា និង​គ្រឿង​បន្លាស់​អគ្គិសនី គឺជា​កត្តា​ជំរុញ​កំណើន​ដ៏​សំខាន់​។ ការនាំចេញ​សម្លៀកបំពាក់​នៅតែ​ខ្សោយ ដោយ​បង្ហាញ​សញ្ញា​ការ​ស្ទុះ​ងើបឡើង​តិចតួច​ប៉ុណ្ណោះ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ សកម្មភាព​សំណង់​កាន់តែ​យឺត​យ៉ាវ​ក៏​កំពុង​ដាក់​សម្ពាធ​លើ​កំណើន​ផងដែរ​»​។​

​លោក​លើកឡើងថា​៖ «​បន្ទាប់ពី​រយៈពេល​នៃ​ការធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​កាលពី​ក្នុង​ខែមិថុនា ​ឆ្នាំមុន អតិផរណា​បាន​ស្ទុះ​ងើបឡើង​វិញ​ដល់ ៣,៨ ភាគរយ កាលពី​ក្នុង​ខែកញ្ញា ឆ្នាំ ២០២៣ ដោយសារ​តម្លៃ​អាហារ និង​ឥន្ធនៈ​កាន់តែ​ខ្ពស់​»​។ លោក​បាន​បន្ថែមថា សម្រាប់​ពេញ​ ១ ​ឆ្នាំ ២០២៣ អតិផរណា​ត្រូវបាន​គេ​រំពឹងថា ​នឹងមាន​ជា​មធ្យម ២,៣ ភាគរយ និង​ឈានទៅដល់​និន្នាការ​រយៈពេល​វែង​របស់​វា ប្រហែល ៣ ភាគរយ ​នៅ​ឆ្នាំ​ ២០២៤​។​


​កាលពីដើម​ខែតុលា ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋ​កិច្ច​កម្ពុជា​នឹងមាន​កំណើន ៥,៥ ភាគរយ ​នៅ​ឆ្នាំនេះ ហើយនឹង​កើនឡើង​ដល់ ៦,១ ភាគរយ ​នៅ​ឆ្នាំ​ ២០២៤​។​

​លោក Aaditya Mattoo​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បូព៌ា​របស់​ធនា​គារ​ពិភពលោក​បានលើកឡើង​ពី​អត្ថប្រយោជន៍​ប្រកបដោយ​សក្តានុពល​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង ជ្រោយ​ក្នុង​តំបន់ (RCEP) សម្រាប់​ប្រទេស​កម្ពុជា​។​

លោក​បាន​កត់សម្គាល់ថា RCEP អាច​បង្កើន​លទ្ធភាព​ចូល​ទីផ្សារ និង​លើកទឹកចិត្ត​ឱ្យមាន​កំណែទម្រង់​ផ្នែក​គោលនយោបាយ​។ ការណ៍​នេះ​មាន​សក្តានុពល​ក្នុងការជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ជួយ​ដល់​ផែនការ​របស់​ប្រទេស​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន ដែល​ភាគច្រើន​ពឹង​ផ្អែក លើ​ឧស្សាហកម្ម​កាត់ដេរ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មានសេចក្តីសោមនស្ស​រីករាយ​ដែលមើលឃើញ​ប្រទេស​កម្ពុជា វិ​និ​យោគ​លើ​វិស័យ​អេឡិចត្រូនិក​»​។ លោក​បន្តថា​៖ «​ទោះជា​យ៉ាង​ណាក៏ដោយ កម្ពុជាត្រូវតែ​ពង្រឹង​មូលដ្ឋានគ្រឹះ​របស់ខ្លួន ជាពិសេស​លើ​ជំនាញ និង​ការ​​ត​ភ្ជាប់​។ ទាំងនេះ​ គឺជា​កំណែ​ទម្រង់​ដែល​មិន​តម្រូវឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ប៉ុន្តែ​ជា​កំណែទម្រង់​ក្នុងស្រុក​»​។​

IMF បានឱ្យដឹងថា កំណើន​ឥណទាន​បាន​ធ្លាក់​ចុះមក​នៅ ត្រឹម ៨,១ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន កាលពី​ខែសីហា ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ពី ២៣,៥ ភាគរយ​ កាលពី​ឆ្នាំ ​២០២១​។ យ៉ាងណាក៏ដោយ អនុ​បាត​ឥណទាន​ឯកជន​ធៀប​នឹង​ GDP នៅតែ​កើនឡើង​សម្រាប់​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​រង្វង់ ១៦០ ភាគរយ​។​ប្រាក់កម្ចី​មិន​ដំណើរការបាន​កើនឡើង​ដល់ ៤,៦ ភាគរយ​ ក្នុងចំណោម​ប្រាក់កម្ចី​សរុប​កាលពី​ខែសីហា​ ដែល​ឆ្លុះបញ្ចាំង​ពី​ការកាត់បន្ថយ​ក្នុង​វិធានការ​ប្រ​យ័​តុ្ន​ប្រយែង និង​សម្ពាធ ដែល​កើនឡើង​នៅក្នុង​ផ្នែក​ខ្លះ នៃ​សេដ្ឋកិច្ច​។​

​លោក​ Davide បន្ថែមថា​៖ «​ភាពមិនប្រាកដប្រជា​ជុំវិញ​ចក្ខុ​វិស័យ​គឺ​ខ្ពស់ ហើយ​ហានិភ័យ​នឹង​ធ្លាក់ចុះ ជាពិសេស​តម្រូវការដែល​ខ្សោយ​ជាង​ការរំពឹងទុក​ពី​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ចិន គោលនយោបាយ​រូបិយវត្ថុ​របស់​អាមេរិក​កាន់តែ​រឹតបន្តឹង ការបែងចែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​បំណុល​ឯកជន​ក្នុងស្រុក​មាន​កម្រិត​ខ្ពស់​»៕