ប្រទេស​ថៃ​ ដែល​ទើប​រងគ្រោះ​ពី​ការផ្ទុះអាវុធ​នៅ​ផ្សារ​ទំនើប​កណ្តាល​ទីក្រុង​បាងកក និង​នាំទៅដល់​ក្តី​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​លើ​វិស័យ​ទេស​​ចរណ៍ ជាពិសេស​ភ្ញៀវទេសចរ​មកពី​ចិនដីគោក ចាប់ពី​ខែវិច្ឆិកា ដល់​ខែឧសភា ឆ្នាំ​ ២០២៤ នឹង​លើកលែង​តម្រូវការ​ទិដ្ឋាការ​សម្រាប់​ការមកដល់​របស់​ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ឥណ្ឌា និង​តៃវ៉ាន់​។

​ការលើកលែង​ទិដ្ឋាការ​នេះ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែច្រើន​នៅពេលដែល​រដូវ​កាល​ទេសចរណ៍​ខ្ពស់ ​(High Season) កាន់តែ​ខិតជិត​មកដល់​។​


​នៅក្នុង​ខែកញ្ញា ប្រទេស​ថៃ​ បាន​លុបចោល​តម្រូវការ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន ដែលជា​ទីផ្សារ​ទេសចរ​ណ៍​មុន​ការ​រាតត្បាត​ដ៏​ខ្លាំងក្លា​របស់​ប្រទេស ដែលមាន​ចំនួន ១១​ លាន​នាក់ ក្នុងចំណោម​ទេសចរ​ ៣៩ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៩​។​

​ឥណ្ឌា​ជាទី​ផ្សារ​ទេសចរណ៍​ធំជាងគេ​ទី​៤​ របស់​ប្រទេស​ថៃ ដែល​ទទួលបាន​ភ្ញៀវ​ឥណ្ឌា ​១,២ ​លាន​នាក់​ដល់ពេលនេះ​៕