​រដ្ឋាភិបាល​ថៃ​បាន​​ទម្លាក់​កម្ចី​​​​​​ដែល​មាន​​អត្រា​ការ​ប្រាក់​ទាប​ (Soft Loan) ​សម្រាប់​សម្រាប់​បន្ទុក​​ដល់​ពលករ​ថៃ​​​​ដែល​កំពុង​ជ្រើសរើស​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​អ៊ីស្រាអែល ​ដែល​មាន​សង្គ្រាម​ដោយសារតែ​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​រដ្ឋាភិបាល​​កំពុង​ចរចា​​​ជាមួយ​​ប្រទេស​ដែល​ស្និទ្ធ​នឹង​ក្រុមហាម៉ាស់​ដើម្បី​រំដោះ​​​ចំណាប់ខ្មាំង​​។

យោ​ង​តាម​ការផ្សាយ​របស់​​​​សារព័ត៌មាន​ The Nation ​នាយករដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វីស៊ីន​ បាន​និយាយថា គណៈរដ្ឋមន្ត្រី​បានសម្រេច​ចិត្ត​ប្រើ​ប្រាក់​លើកទឹកចិត្ត ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ពលករ​ថៃ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅពេលនេះ ដែល​ការប៉ះទង្គិច​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ាឡេស្ទីន​ កាន់តែ​មាន​ភាព​តានតឹង​ឡើង​ៗ​។


គណៈរដ្ឋ​មន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គារ​ក៏បាន​យល់​ព្រម​ផ្តល់​ទឹកប្រាក់​​​៥០០០០បាត (​ជិត​១៤០០ដុល្លារ​) សម្រាប់​ពលករ​ដែលស្ម័គ្រ​ចិត្ត​វិល​មក​ប្រទេសវិញ​។​

យោងតាម​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ មាន​ជនជាតិ​ថៃ​ចំនួន ៣០០០០​នាក់​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ភាគច្រើន​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម។


ក្រសួងការបរទេស​ថៃ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា ជនជាតិ​ថៃ​ចំនួន ៣២ នាក់​ត្រូវបាន​សម្លាប់ និង ១៩ នាក់​បាន​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា ខណៈ ២២ នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ហា​ម៉ាស់។

ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​កើតឡើង​ចំ​ពេលដែល​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​មិន​ឈប់​ឈរលើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ ដោយ​ក្រសួងសុខាភិបាល​នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដែល​ឡោមព័ទ្ធ​បាន​និយាយថា​មនុស្ស​ជាង៨៥០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងនោះ​មាន​កុមារ​ជាង៣៥០០នាក់។

ការវាយប្រហារ​​របស់​អ៊ីស្រាអែល​បាន​កើតឡើង​ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី៧​ខែតុលា​ដែល​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ា​ស់​បានបើក​ការ​វាយ​ប្រហារ​​ចូល​​អ៊ីស្រាអែល​ដោយបាន​សម្លាប់​មនុស្ស ១៤០០ ដែលជា​ជន​ស៊ីវិល​ភាគច្រើន។

​​កាល​ពីថ្ងៃ​អង្គារ​​ រដ្ឋ​មន្ត្រី​ការបរទេសថៃ​ បាន​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​កាតា​ និង​បន្តដំណើរ​ទៅកាន់​ប្រទេសអេហ្ស៊ីប​នៅថ្ងៃ​ពុធ​ ដើម្បី​ជួប​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នោះ ដែល​មាន​​ឥទ្ធិពល​លើ​ក្រុមហាម៉ាស់​ដើម្បី​ចរចា​រំដោះ​​​ចំណាប់ខ្មាំង​​ទាំងឡាយ​ដែល​ក្រុមហាម៉ាស់​ចាប់​ទៅ​កាល​ពីថ្ងៃទី​៧​ខែ​តុលា​នោះ៕

នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​តែល​ អាវីវ (Tel Aviv) បាន​​រាយការណ៍​ថា ទាំង​ប្រតិបត្តិការ​ជើងគោក និង​ការទម្លាក់​គ្រាប់បែក​តាម​អាកាស​​របស់​អ៊ីស្រាអែល​បាន​ពង្រីក ហើយ​ថា​វា​មាន​គ្រោះថ្នាក់​ខ្លាំងពេក​ក្នុង​ការបន្ត​រស់នៅក្នុង​ប្រទេស​អ៊ីស្រាអែល​នោះទេ​។

លោក​បាន​មានប្រសាសន៍ថា៖«ខ្ញុំ​បញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាជន​របស់​យើង​វិល​មកវិញ»។

លោក​បាន​បន្ថែមថា រដ្ឋាភិបាល​បាន​វិភាគ​ស្ថានការណ៍​ហើយ​បាន​ដោះស្រាយ​ថា​ប្រជាជន​ថៃ​មួយចំនួន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ចាកចេញ​ពី​អ៊ីស្រាអែល​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

ជា​លទ្ធផល គណៈរដ្ឋមន្ត្រី​បានសម្រេច​ផ្តល់​សំណង​ចំនួន៥ម៉ឺន​បាត​ដល់​ពលករ​ថៃម្នាក់ៗដែល​ត្រឡប់​មកពី​ប្រទេស​អ៊ីស្រាអែល ហើយ​ពួកគេ​ក៏​នឹងមាន​សិទ្ធិ​ទទួលបាន​ប្រាក់កម្ចី​​ការប្រាក់​ទាប​​ចំនួន១៥​ម៉ឺន​បាត​ផងដែរ៕​